អន្តរជាតិ
លោក បៃឌិន ប្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ សេរីភាព ត្រូវមកជាមួយការទទួលខុសត្រូវ
30, Jul 2021 , 4:01 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងកម្មវិធីមួយនៅសេតវិមាន។ រូបថត Xinhua
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងកម្មវិធីមួយនៅសេតវិមាន។ រូបថត Xinhua
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី២៩ ខែកក្កដា បានជំរុញឱ្យប្រជាជនទៅទទួលវ៉ាក់សាំងបន្ថែមទៀត និងកំណត់វិធានការថ្មីសម្រាប់មន្ត្រីរដ្ឋ ណាដែលមិនទាន់ទទួលវ៉ាក់សាំង។ ការជំរុញរបស់មេដឹកនាំអាមេរិក ធ្វើឡើងស្របពេលកម្មវិធីចាក់វ៉ាក់សាំងនៅនៅអាមេរិក ថមថយល្បឿន។ ដោយទំនងសំដៅអ្នកទាន់ទទួលបានវ៉ាក់សាំង លោក បៃឌិន និយាយថា សេរីភាព ត្រូវមកជាមួយការទទួលខុសត្រូវ។

 
បើទោះអាមេរិកជាប្រទេសសម្បូរវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្តី ប្រជាជនជាច្រើនលាននាក់ នៅតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងនេះ។ ព័ត៌មានមិនពិត បញ្ហានយោបាយ និងនិន្នាការប្រឆាំងវ៉ាក់សាំង ជាកត្តាដែលនាំឱ្យប្រជាជនអាមេរិកមិនទាន់ទៅទទួលវ៉ាក់សាំង។ ស្របគ្នាដែរ ករណីឆ្លងជំងឺកូវីដ-១៩ នៅអាមេរិក បានហក់ឡើងវិញ និងវីរុសទម្រង់ដែលតា ក៏ចាប់ផ្តើមឆ្លងខ្លាំងផងដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ លោកប្រធានាធិបតី ចូ បៃឌិន បានជំរុញឱ្យប្រជាជនអាមេរិក ដែលមិនទាន់បាន ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅទទួលវ៉ាក់សាំងបន្ថែមទៀត។ លោកក៏ដាក់ចេញវិធានការនានាដើម្បីជំរុញល្បឿនចាក់វ៉ាក់សាំងផងដែរ។
 
«ពេលនេះ មនុស្សជាច្រើនបានបាត់បង់ជីវិត ឬមើលមនុស្សដែលខ្លួនស្រលាញ់ស្លាប់»។ លោកបៃឌិន បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន ដោយបន្ថែមថា សេរីភាព ត្រូវមកជាមួយការទទួលខុសត្រូវ។ ក្នុងន័យនេះ មេដឹកនាំអាមេរិក បានបន្តថា ប្រជាជនអាមេរិក ត្រូវទទួលវ៉ាក់សាំងសម្រាប់ខ្លួនឯង សម្រាប់មនុស្សដែលខ្លួនស្រលាញ់ និងប្រទេសជាតិ។ 
 
ស្របគ្នានេះ រដ្ឋ និងតំបន់នានារបស់អាមេរិក ក៏បានត្រៀមថវិកាចំនួន៣៥០ ពាន់លានដុល្លារផងដែរ ដើម្បីលើកទឹកប្រជាជន ដោយអ្នកដែលទើបទទួលវ៉ាក់សាំង នឹងទទួលបានលុយប្រមាណ១០០ដុល្លារ។ លោក បៃឌិន បានការពារការផ្ដល់លុយនេះថា ទោះជារឿងមិនស្មើភាពឡើយសម្រាប់អ្នកទទួលវ៉ាក់សាំងមុនៗ វាជួយប្រទេស ក្នុងការយកឈ្នះវីរុស។ 
 
មកទល់ពេលនេះ ប្រជាជនអាមេរិកប្រមាណ១៦៣,៨លាននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនសរុបប្រមាណ ៣៣០លាននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ទន្ទឹមនេះ លោក បៃឌិន ក៏បានស្នើឱ្យបុគ្គលិកសហព័ន្ធចាក់វ៉ាក់សាំងផងដែរ។ បុគ្គលិករដ្ឋាភិបាលសហព័ន្ធទាំងអស់ ត្រូវតែទទួលវ៉ាក់សាំង បើមិនដូច្នោះទេ អ្នកទាំងនោះត្រូវធ្វើតេស្តចំនួនពីរលើកក្នុងមួយសប្តាហ៍ និងរឹតត្បិតលើការធ្វើដំណើរ។ អាមេរិកមានបុគ្គលិកស៊ីវិលប្រមាណ២,១៨លាននាក់ក្នុងឆ្នាំ២០២០ ខណៈបុគ្គលិកជាប់កិច្ចសន្យាមានចំនួន៣,៧លាននាក់ គិតត្រឹមឆ្នាំ២០១៧។ 
 
លើសពីនេះ លោក ប្រធានាធិបតី បានបញ្ជាឱ្យក្រសួងការពារជាតិអាមេរិក ពិនិត្យមើលពេលវេលា ដែលត្រូវផ្តល់វ៉ាក់សាំងឱ្យយោធាអាមេរិក។ ក្រៅពីក្រសួងការពារជាតិ អាមេរិក បានជំរុញឱ្យសាលារៀន និងនាយកដ្ឋានមួយចំនួន ផ្តល់វ៉ាក់សាំងដល់ក្មេងៗចាប់ពីអាយុ ១២ឆ្នាំឡើង និងបុគ្គលិកផ្សេងទៀត៕
 

Tag:
 អាមេរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com