COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ សាលារៀនចាប់ពីអនុវិទ្យាល័យអាចបើកឡើងវិញក្នុងខែកញ្ញា ឬ​តុលា
01, Aug 2021 , 6:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ក្មេង និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម១៨ ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១។
សម្ដេច ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ក្មេង និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម១៨ ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១។
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការបើកសាលាឡើងវិញនេះនឹងអាចរៀបចំឡើងនៅខែកញ្ញា ឬតុលានេះ។ ប្រមុខរដ្ឋាភិបាលគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ដល់១៨ឆ្នាំនេះ គឺជាគោលដៅ និងជាការគិតគូរដល់ការរៀបចំបើកសាលារៀននិងគ្រឹះស្ថានអប់រំនានាឡើងវិញ។ ​

 
ក្នុង​ពិធីបើកយុទ្ធ​នាកា​រចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​ដល់​ក្មេងនិង​យុវវ័យ​អាយុ​​ចាប់​ពី១២ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ​ នៅវិមាន​ស​ន្តិភាព​នាព្រឹក​ថ្ងៃទី១​សីហានេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា កុមារនិងយុវជន គឺទំពាំងស្នងឫស្សី និងជាសសរទ្រូង ដែលត្រូវគិតគូរជាចម្បង។ ការលើឡើងបែបនេះ ដោយសារសម្ដេច សង្កេតឃើញរយៈពេលនៃការរាលដាលកូវីដ-១៩ គឺបានប៉ះពាល់ដល់គុណភាពអប់រំ។ សម្ដេចបន្ថែមថា ទោះបីបន្តរៀនតាមប្រព័ន្ធអនឡាញក៏ពិតមែន តែគុណភាពនៃការសិក្សារបស់សិស្សគឺមិនល្អដូចរៀនផ្ទាល់ឡើយ។  សម្ដេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ​៖ «យើងអាចបើកដំណើរការឡើងវិញនូវសាលារៀន និងគ្រឹះស្ថានអប់រំនានា។ យ៉ាងហោចណាស់ យើងអាចចាប់ផ្ដើមបើកសាលា ចាប់ពីអនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១-២០២២ នៅខែកញ្ញា ឬខែតុលាខាងមុខ»។ 
 
សូមជម្រាបថា កម្ពុជាបានសម្រេចបិទគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រប់កម្រិត ចាប់តាំងពីថ្ងៃទី ២០ ខែមីនាមកម្ល៉េះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ សិស្សានុសិស្ស ត្រូវបន្តការសិក្សាតាមប្រព័ន្ធអនឡាញ។
 
ប្រមុខរដ្ឋាភិបាល បានទទួលស្គាល់ថា ការសិក្សាតាមប្រព័ន្ធអនឡាញរបស់សិស្សានុសិស្សគឺមិនបានជាប់លាប់ ដិតដល់ ហើយទទួលបានចំណេះដឹងដូចនឹងការសិក្សាផ្ទាល់ជាមួយគ្រូនៅក្នុងថ្នាក់រៀននោះទេ។ សម្រាប់​ សម្ដេច ហ៊ុន សែន ផែនការបើកសាលាឡើងវិញនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់លើការអប់រំរបស់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា ពិសេសកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអប់រំកម្ពុជាទាំងមូល៕

Tag:
 បើកសាលា
© រក្សាសិទ្ធិដោយ thmeythmey.com