អន្តរជាតិ
ការសិក្សាថ្មី៖ ការកាប់ព្រៃ​ត្រូពិក​តំបន់​ភ្នំ​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​កើត​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​ក្នុង​ល្បឿន​យ៉ាងលឿន
02, Aug 2021 , 11:58 pm        
រូបភាព
រូបឯកសារ៖ ដីព្រៃ​ក្រោយពី​ត្រូវបាន​ដុត​នៅ​ជិត​ទីក្រុង Banjarmasin ក្នុង​ខេត្ត South Kalimantan ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩។ Photo: reuters
រូបឯកសារ៖ ដីព្រៃ​ក្រោយពី​ត្រូវបាន​ដុត​នៅ​ជិត​ទីក្រុង Banjarmasin ក្នុង​ខេត្ត South Kalimantan ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩។ Photo: reuters
ដោយ: VOA
តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ព្រៃ​ត្រូពិក​ប្រមាណ ១៥% នៃ​ព្រៃ​ត្រូពិក​ទូទាំងពិភពលោក។ ព្រៃ​ត្រូពិក​នេះ ជួយ​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ជីវចម្រុះ​រុក្ខជាតិ និង​សត្វ។ ព្រៃ​ឈើ​ទាំង​នេះ​ក៏​ជួយ​ស្រូប​ឧស្ម័ន​កាបូន ដែល​ជួយ​ទប់​មិន​ឲ្យ​ឧស្ម័ន​កាបូន​ចូល​ក្នុង​បរិយាកាស។ ឧស្ម័ន​កាបូន​គឺជា​ឧស្ម័ន​មួយ​ប្រភេទ​ ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​សាកលលោកក្តៅ​ទៅៗ។

 
ប៉ុន្តែ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​បាន​កាត់បន្ថយ​សមត្ថភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ព្រៃ​ត្រូពិក ក្នុង​ការ​ស្រូប​យក​បិរមាណ​នៃ​ឧស្ម័ន​កាបូន​ដែល​សាយភាយ​ចូល​ក្នុង​បិរយាកាស។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​ដោយ​ព្រឹត្តិបត្រ Nature Sustainability។
 
នៅ​តាម​តំបន់​ជាច្រើន​ក្នុង​ពិភពលោក មនុស្ស​បាន​កាប់​ព្រៃឈើ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ក្រពះ និង​ដើម្បី​ដាំ​ដំណាំ​សម្រាប់​លក់។ នៅ​អាស៊ីអាគ្នេយ៍​ ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​គឺជា​មូល​ហេតុមួយ​ដែល​បណ្តាល​ឲ្យ​មានការ​បាត់បង់​ព្រៃ​ឈើ​ដ៏​ច្រើន​ផង​ដែរ។ នៅ​ពេល​ព្រៃឈើ​កាន់​តែ​បាត់បង់ សមត្ថភាព​របស់​ព្រៃឈើ​ក្នុង​ការ​ចាប់​យក​ឧស្ម័ន​កាបូន​ដែល​មនុស្ស​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​ កាន់តែ​ថយ​ទៅៗ។
 
លោក Zhenzhong Zeng អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ភព​ផែនដី​ប្រចាំ​សាកលវិទ្យាល័យ Southern University of Science and Technology ​ក្នុង​ប្រទេស​ចិន និង​ជា​សហ​អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​ ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​ដឹង​ថា មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ភ្នំ [នៅអាស៊ី​អាគ្នេយ៍] ប៉ុន្តែ​យើង​មិន​ដឹង​ថា វា​មាន​ការ​កើន​ឡើង​ឬ​ក៏​អត់​នោះ​ទេ ហើយ​ថា​តើ​វា​ប៉ះពាល់​ដល់​ឧស្ម័ន​កាបូន​យ៉ាង​ដូចម្តេច។ ឥឡូវ​នេះ​យើង​រក​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​មាន​ការ​កើន​ឡើង»។​
 
អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​រូបភាព​ផ្កាយរណប​ដើម្បី​តាមដាន​ការ​បាត់បង់​ព្រៃឈើ​ក្នុង​រយៈពេល​កន្លង​មក និង​ផែនទី​កំហាប់​កាបូន ​ដើម្បី​គណនា​ការ​ថយ​ចុះ​នៃ​សមត្ថភាព​ស្រូប​ឧស្ម័ន​កាបូន​របស់​ព្រៃឈើ ​ដែល​ឆ្លើយតប​ទៅ​នឹង​ការ​បាត់បង់​ព្រៃឈើ​នោះ។
 
 ការបាត់បង់​ព្រៃឈើ​នៅ​អាស៊ីអាគ្នេយ៍​ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០២០


លទ្ធផលបង្ហាញ​ថា តំបន់​អាស៊ី​អាគ្នេយ៍​បាន​បាត់បង់​ព្រៃឈើ​ ៦១ លាន​ហិកតា ​ក្នុង​រយៈពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ២០០០ ការ​បាត់បង់​ព្រៃឈើ​ប្រចាំ​ឆ្នាំ​មាន​ជា​មធ្យម​ប្រមាណ ២ លាន​ហិកតា​ក្នុង​មួយ​ឆ្នាំ។ នៅ​ចន្លោះ​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩ ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង​រហូត​ដល់​ប្រមាណ ៤ លាន​ហិកតា​ក្នុង​មួយ​ឆ្នាំ។
 
លោក Alan Ziegler អ្នក​ជំនាញ​ភូមិសាស្ត្រ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Mae Jo ក្នុង​ប្រទេស​ថៃ និង​ជា​សហអ្នកនិពន្ធ​ម្នាក់​ទៀត​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា ការ​ពិត​នៃ​ការ​កើន​ឡើង​នេះ​មិន​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ប៉ុន្តែ​ល្បឿន​នៃ​ការ​កាប់​ព្រៃ​ដ៏​កើន​ឡើង​នេះ​ ជា​អ្វី​ដែល​គួរ​ឲ្យភ្ញាក់ផ្អើល»។
 
ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ​ ក៏​បាន​រក​ឃើញ​ថា ព្រៃឈើ​ប្រមាណ ១/៣ ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ ដូចជា​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឡាវ ភាគ​ឦសាន​នៃ​ប្រទេស​មីយ៉ាន់ម៉ា និង​កោះ​ស៊ូម៉ាត្រា (Sumatra) និង​កោះ​កាលីម៉ាន់តាន់ (Kalimantan) នៅ​ឥណ្ឌូណេស៊ី។
 
កាលពី​មុន ​អ្នក​ជំនាញ​គិត​ថា ព្រៃ​ឈើ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ជួរភ្នំ​ដ៏​ក្រាស់​ទាំង​នេះ​អាច​នឹង​រង​ការ​ប៉ះពាល់​តិចតួច​ពី​ការ​ទន្ទ្រាន​របស់​មនុស្ស​ បើ​ប្រៀបធៀប​ទៅ​នឹង​ព្រៃឈើ​នៅ​តំបន់​ទំនាប។ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ​រក​ឃើញ​ថា ដោយសារ​តំបន់​ទំនាប​ដែល​អាច​ដាំដុះ​បាន​ មាន​ចំនួន​កាន់​តែ​តិច នោះ​ការ​កាប់​យក​ព្រៃឈើ​ត្រូវ​បាន​គេ​ពង្រីក​ទៅ​ដល់​តំបន់​ភ្នំ។ នៅ​ក្នុង​ឆ្នាំ ២០០១ ក្នុង​ចំណោម​ព្រៃឈើ​ទាំង​អស់​ដែល​ត្រូវបាន​កាប់​បំផ្លាញ ២៤% ជា​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ ហើយ​មក​ដល់ឆ្នាំ ២០១៩ ៤០% នៃ​ព្រៃឈើ​ដែល​បាន​កាប់បំផ្លាញ គឺជា​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ។
 

រូបឯកសារ៖ ទិដ្ឋភាព​ឧទ្យាន​ជាតិ Khao Yai ដែល​នៅ​ចម្ងាយ១៣០ គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​បាងកក ប្រទេស​ថៃ ថត​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

លោក Nophea Sasaki គឺ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​លើ​ការ​តាមដាន​ឧស្ម័ន​កាបូន​ព្រៃឈើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​លោក​មិន​បាន​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ទេ។ លោក​បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​គំនិត​ច្នៃប្រតិដ្ឋ​មួយ​ដែល​អ្នក​ស្រាវជ្រាវ​ងាក​ទៅពិនិត្យ​មើល​ថា​ តើ​ [ការ​បាត់បង់​ព្រៃឈើ] ផ្លាស់ប្តូរ​ពី​តំបន់​ទំនាប​ទៅ​តំបន់​ភ្នំ​យ៉ាង​ដូចម្តេច។ ខ្ញុំ​គិត​ថា វា[ការ​បាត់បង់​ព្រៃឈើ​តាម​តំបន់​ភ្នំ] ​ជា​ក្តីបារម្ភ​យ៉ាង​ខ្លាំង​មួយ»។
 
យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ ព្រៃឈើ​ដែល​នៅ​ទី​ខ្ពស់ៗ និង​ជម្រាល​ចោតៗ​ ទំនង​ជា​ស្រូប​ឧស្ម័ន​កាបូន​ច្រើន​ ជាង​ព្រៃឈើ​នៅ​តំបន់​ទំនាប។ ប្រសិនបើ​មនុស្ស​កាប់​ព្រៃឈើ​នៅ​លើ​ភ្នំ​កាន់​តែ​ច្រើន នោះ​ឧស្ម័ន​កាបូន​នឹង​សល់​ក្នុង​បរិយាកាស​កាន់​តែ​ច្រើន​ជាង​អ្វី​ដែល​គេ​រំពឹង​ទុក​ នា​ពេល​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត។
 
ប៉ុន្តែ​ប្រសិនបើ​ដី​ត្រូវ​បាន​រក្សា​ទុក​មិន​ឲ្យ​មនុស្ស​យក​ទៅ​ប្រើប្រាស់ នោះ​ដើម​ឈើ​អាច​លូតលាស់​ឡើង​វិញ​បាន ហើយ​អាចស្រូប​យក​ឧស្ម័ន​កាបូន​មក​វិញ។ ប៉ុន្តែ​ជម្រក​ធម្មជាតិ និង​ជីវចម្រុះ​ដ៏​អស្ចារ្យ​របស់​ព្រៃ​ឈើ​អាច​នឹង​បាត់បង់​ជា​រៀង​រហូត។ អំបូរ​រុក្ខជាតិ​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ពិសេស​តាម​តំបន់​នីមួយៗ ក៏​អាច​នឹង​បាត់បង់​ផង​ដែរ។ ព្រៃឈើ​ក៏​អាច​បាត់បង់​សមត្ថភាព​ក្នុង​ការ​ទប់ទល់​នឹង​លំហូរ​ទឹក និង​បង្ក​គ្រោះ​ទឹក​ជំនន់កាន់​តែ​ច្រើន​ឡើង។
 
លោក Sasaki បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «វា​មិន​ត្រឹម​តែ​ជា​បញ្ហា​ឧស្ម័ន​កាបូន​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​បរិស្ថាន​ក្នុង​រយៈពេល​វែង វា​អាច​នឹង​បំផ្លាញ​ធម្មជាតិ​ទាំង​ស្រុង​តែ​ម្តង។ វា​អាច​បំផ្លាញ​ជីវចម្រុះ​គ្រប់​ប្រភេទ​ទាំង​អស់»។
 
បញ្ហា​ដែល​កាន់​តែ​ស្មុគស្មាញ​នោះ​ ​គឺ​ការ​តាមដាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​មិន​ដិត​ដល់ និង​ការ​អនុវត្តមិន​គ្រប់​ជ្រុងជ្រោយ​លើ​សកម្មភាពការពារ​ព្រៃឈើ​រវាង​ប្រទេស​ និង​រដ្ឋ​នីមួយៗ។ អ្នក​ជំនាញ​និយាយ​ថា វា​សំខាន់​ណាស់​ក្នុង​ការ​ប្រើប្រាស់បច្ចេកវិទ្យាជឿន​លឿន ដូចជា​ទិន្នន័យ​ផ្កាយរណប​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ និង​ការ​ជំរុញ​ឲ្យ​សាធារណជន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ដើម្បី​តាមដាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បង្ការ​កុំ​ឱ្យ​មាន​ការ​បាត់បង់​ព្រៃឈើ។
 
លោក Sasaki បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​គ្រប់​គ្នា​គួរ​តែ​មាន​កាតព្វកិច្ច​ការពារ​ព្រៃឈើ​ ដោយសារ​ថា បើ​មិន​មាន​ព្រៃឈើ​ទាំង​នេះ​ទេ យើង​មិន​អាច​រស់​បាន​នោះ​ទេ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com