COVID-19
ជាតិ
កម្ពុជាមាន​វ៉ាក់សាំងប្រមាណ​២០លានដូសហើយ ក្នុងនោះមាន Johnson & Johnson ជាង១លាន​ដូស
02, Aug 2021 , 2:45 pm        
រូបភាព
 វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ចំនួនជិត៦១ម៉ឺនដូសទៀត ដែលជាជំនួយជំហានទីពីររបស់អាមេរិក បានមកដល់កម្ពុជា នាយប់ថ្ងៃទី២សីហា ឆ្នាំ២០២១។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ចំនួនជិត៦១ម៉ឺនដូសទៀត ដែលជាជំនួយជំហានទីពីររបស់អាមេរិក បានមកដល់កម្ពុជា នាយប់ថ្ងៃទី២សីហា ឆ្នាំ២០២១។
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ចំនួនជាង១លានដូស ដែលរដ្ឋាភិបាលអាមេរិកសន្យាផ្តល់ឱ្យកម្ពុជានោះ គឺបានមកដល់កម្ពុជាអស់ហើយ  ដោយគិតត្រឹមថ្ងៃទី២សីហានេះ។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ចំនួន៦០៩,៦០០ដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី២សីហា។  ចំនួនវ៉ាក់សាំងនេះ គឺជាជំហានទី២នៃជំនួយរបស់រដ្ឋាភិបាលអាមេរិក សរុប១,០៦០,១០០ដូស ដែលផ្តល់ឱ្យកម្ពុជា។ នេះ​បើយោងតាមការចុះផ្សាយរបស់សម្តេច ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក ដោយបានបញ្ជាក់ថា៖ « អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ»។ 
 
 
សូមរម្លឹកថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ជំហានទី១ចំនួនជិត៥០ម៉ឺនដូសនោះ កម្ពុជាទទួលបានពីអាមេរិក កាលពីថ្ងៃទី៣០កក្កដា ឆ្នាំ២០២១។ វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់អាមេរិកនេះ​ គឺបានផ្តល់ឱ្យកម្ពុជា តាមរយៈមជ្ឈមណ្ឌលCOVAX។ 
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា វ៉ាក់សាំង Jonhson & Jonhson នឹងត្រូវផ្តល់អាទិភាព​ចាក់ជូនពល​រដ្ឋ​ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្តមួយចំនួនទៀតដែលមានជនជាតិដើមភាគតិចរស់នៅ​ រួម​ទាំង​ ពលករខ្មែរ ដែលកំពុងជាប់គាំងនៅ​ប្រទេសថៃ​ ប្រសិនបើមិនទាន់ហួសសុពលភាព។
 
បច្ចុបន្ន កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយ និងការបញ្ជាទិញ មានប្រមាណ២០លានដូស។ ក្នុងនោះមាន Johnson & Johnson ជាង១លានដូស, CoviShield  មាន៣២៤,០០០ដូស, AstraZeneca មាន៣៣២,០០០ដូស, Sinovac មាន១២,៥លានដូស និងវ៉ាក់សាំងរបស់Sinopharm មាន៦,២លានដូស៕ 
 

Tag:
 Covid-19
  Johnson & Johnson
© រក្សាសិទ្ធិដោយ thmeythmey.com