COVID-19
ជាតិ
បិទខ្ទប់ច្រកចេញចូលមួយចំនួននៅបឹងសាឡាង និងទួលសង្កែដើម្បីទប់ស្កាត់ការរាលដាល Delta
02, Aug 2021 , 4:40 pm        
រូបភាព
ការតេស្តរកកូវីដ-១៩នៅទួលសង្កែ តំបន់ដែលសង្ស័យពាក់ព័ន្ធជាមួយអ្នកជំងឺ​ផ្ទុក​មេរោគកូវីដ-១៩​ដែលតា
ការតេស្តរកកូវីដ-១៩នៅទួលសង្កែ តំបន់ដែលសង្ស័យពាក់ព័ន្ធជាមួយអ្នកជំងឺ​ផ្ទុក​មេរោគកូវីដ-១៩​ដែលតា
ដោយ:
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងនៅថ្ងៃទី២ ខែសីហា នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ច្រកចេញ និងកំណាត់ផ្លូវមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលមេរោគកូវីដ-១៩ បំប្លែងថ្មី Delta បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ៥ករណីក្នុងរាជធានីត្រឹមរយៈពេលថ្ងៃកន្លងមក។



ក្នុងសេចក្តីសម្រេចទីមួយ រដ្ឋបាលភ្នំពេញ សម្រេចបិទខ្ទប់ មិនឱ្យមានការចេញ-ចូល នូវច្រកផ្លូវលេខ ៣៧២, ៣៧២Z, និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី១៦ ខែសីហា។

ចំណែកសេចក្តីសម្រេចមួយទៀត គឺការបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ យោងតាមលិខិតលោកអភិបាលរាជធានី  ការបិទខ្ទប់គឺចាប់ពីកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រយៈពេល៧ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី៩ ខែសីហា។

ករណីបិទខ្ទប់នេះ គឺដោយសារដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា ក្នុងសហគមន៍។ អាជ្ញាធរក៏បានស្រាវជ្រាវ និងធ្វើតេស្តពលរដ្ឋនៅទីតាំងទាំងនោះផងដែរ៕

លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែ១ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា កាលពីព្រឹកថ្ងៃទី២ ខែសីហា ក្រុមគ្រួពេទ្យបានយកសំណាកកូវីដ-១៩លើពលរដ្ឋនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ចំនួន១៧២នាក់ដោយលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់។

បើតាមលោកស្រីចៅសង្កាត់ទួលសង្កែទី១ ការយកសំណាកពួកគេទាំង១៧២នាក់នោះ គឺដើម្បីបញ្ជាក់ឲ្យច្បាស់ថា ពួកគេមានឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី ពីអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មីដែលតាចំនួនពីរនាក់ដែលរស់នៅម្តុំផ្សារតូច សង្កាត់ទួលសង្កែទី១ដែរឬយ៉ាងណា។

«អ្នកទំាងនោះគឺអត់មានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩បំប្លែងថ្មីទេ ដោយសារតំបន់នោះគឺធ្លាប់មានអ្នកកើតកូវីដ-១៩ ប៉ុន្តែមិនមែនវីរុសបំប្លែងថ្មីទេ ដោយសារក្រុមគ្រួពេទ្យមិនទុកចិត្ត ទើបធ្វើតេស្តពួកគាត់ទៀត»។ នេះជាការៀបរាប់របស់លោកស្រីចៅសង្កាត់ទួលសង្កែទី១។

ដោយឡែក ពលរដ្ឋនៅភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញជាង៣០០នាក់ ត្រូវបានយកសំណាកកូវីដ-១៩ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រោយពីពាក់ព័ន្ធផ្ទាល់ និងប្រយាលជាមួយអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីDeltaម្នាក់។ ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ គឺមាន៥នាក់វិជ្ជមានកូវីដ-១៩ ។ នេះបើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ប្រាប់អ្នកសារព័ត៌មានថ្មីៗ ប៉ុន្តែមិន​ច្បាស់ថា ជាករណីដែលតា ឬយ៉ាងណានោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com