អន្តរជាតិ
មនុស្សរាប់លាននាក់ស្ថិតក្រោមការបិទខ្ទប់ ខណៈចិនព្យាយាមទប់ទល់ការរាលដាលវីរុសបំប្លែងខ្លួនដែលតា
02, Aug 2021 , 4:41 pm        
រូបភាព
ប្រជាជនចិនរង់ចាំការធ្វើតេស្តនៅខេត្តហ៊ូណាន។ រូបថត Xinhua
ប្រជាជនចិនរង់ចាំការធ្វើតេស្តនៅខេត្តហ៊ូណាន។ រូបថត Xinhua
ដោយ៖ ឈួ ស៊ាវយីងជាវ
 
ប្រជាជនចិនរាប់លាននាក់ត្រូវបានបញ្ជាឱ្យនៅក្នុងផ្ទះនៅថ្ងៃទី២ ខែសីហានេះ ស្របពេលរដ្ឋាភិបាលចិនកំពុងប្រឹងប្រែងទប់ស្កាត់សន្ទុះរាលដាលជំងឺកូវីដ-១៩ ដែលមានទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយ។ មន្ត្រីសុខាភិបាល បានធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សជាច្រើន ខណៈការធ្វើដំណើរ ត្រូវបានរឹតត្បិត។​


នៅក្នុងថ្ងៃទី២ ខែសីហា ​​ចិនបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៥៥នាក់ ខណៈករណីឆ្លងថ្មីកំពុងវាយលុកខេត្ត និងក្រុងរបស់ចិនចំនួន២០ ។ អាជ្ញាធរចិន បញ្ជាក់ថា ការរាលដាលឆាប់រហ័សនេះ បណ្ដាលមកវីរុសបំប្លែងខ្លួនដែលតា។ ទីក្រុងវូហានដែលគ្មានករណីឆ្លងជាង១ឆ្នាំមកហើយនោះ ក៏មានករណីឆ្លង៧ដែរ។ 
 
រដ្ឋាភិបាលក្នុងតំបន់នៅតាមក្រុងធំៗដូចជាក្រុងប៉េកាំង បានធ្វើតេស្តលើប្រជាជនរាប់លាននាក់ និងបានបិទខ្ទប់លំនៅដ្ឋានមនុស្សជាង៤ម៉ឺននាក់នៅខណ្ឌឆាងភីង។ ជាមួយគ្នានេះ​ ក្រុងប៉េកាំង បានហាមឃាត់អ្នកធ្វើដំណើរចូលនអំឡុងរដូវកាលទេសចរណ៍ខាងមុននេះដែរលើកលែងតែអ្នកដំណើរចាំបាច់ដែលបានឆ្លងកាត់តេស្តតាមរយៈអាស៊ីតនុយក្លេអ៊ិច​។​
 
នៅក្រុងជូចូវក្នុងខេត្តហ៊ូណាន អាជ្ញាធរក៏បានបញ្ជាឱ្យប្រជាជនជាង១,២លាននាក់ស្នាក់នៅក្នុងផ្ទះក្រោមការបិទខ្ទប់យ៉ាងតឹងរ៉ឹងក្នុងរយៈពេលបីថ្ងៃបន្តទៀត​។ ទីក្រុងនេះ ចាប់ផ្តើមយុទ្ធនាការធ្វើតេស្ត និងចាក់វ៉ាក់សាំងទូទាំងទីក្រុងផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់រដ្ឋាភិបាលក្រុង ដែលព្រមានថា ស្ថានភាពនៅតែធ្ងន់ធ្ងរនិងស្មុគស្មាញ។
 
​ចំណែកក្រុងចាងចាជាឯណោះ ក៏បានហាមប្រជាជនប្រមាណ១,៥លាននាក់ចេញពីផ្ទះដែរ។ ក្រុ​មមន្រ្តី ក៏កំពុងស្វែងរកមនុស្សដែលបានធ្វើដំណើរមកពីណានជីង ឬចាងចាជា។
 
កន្លងមក ក្រុងប៉េកាំងបានប្រកាសពីភាពជោគជ័យខ្លួនលើការទប់ស្កាត់ករណីឆ្លងក្នុងស្រុកដែលស្ទើរតែគ្មានមួយករណីក្រោយពីការផ្ទុះខ្លាំងលើកដំបូងនៅក្រុងវូហានកាលពីចុងឆ្នាំ២០១៩។ រលកឆ្លងចុងក្រោយ ផ្ទុះឡើងសារជាថ្មី បន្ទាប់ពីក្រុមអ្នកសម្អាតនៅអាកាសយានដ្ឋានណានជីង​​ មានតេស្តវិជ្ជមាន៩នាក់ កាលពីថ្ងៃទី២០ ខែកក្កដា។ ករណីឆ្លងក្នុងស្រុកហក់ឡើងដល់ ៣៦០ករណី ត្រឹមរយៈពេល២សប្តាហ៍ចុងក្រោយនេះ៕
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com