អន្តរជាតិ
ភ្លើងឆេះព្រៃ វាយប្រហារភាគខាងត្បូងទ្វីបអឺរ៉ុប ដោយតួកគីរងគ្រោះខ្លាំងជាងគេ
02, Aug 2021 , 9:29 pm        
រូបភាព
ភ្លើងឆេះព្រៃនៅ Antalya ប្រទេសតួកគី។ រូបថត Xinhua
ភ្លើងឆេះព្រៃនៅ Antalya ប្រទេសតួកគី។ រូបថត Xinhua
ដោយ៖ ងួន សុភាវត្តី

តំបន់ភាគខាងត្បូងទ្វីបអឺរ៉ុប កំពុងរងការវាយប្រហារដោយភ្លើងឆេះព្រៃដ៏ខ្លាំង។ នៅតួកគី ប្រជាជនជាច្រើនរយនាក់ បានជម្លៀសចេញពីតំបន់គោលដៅទេសចរណ៍មួយនៅថ្ងៃទី១ ខែសីហា ខណៈភ្លើងឆេះព្រៃ សម្លាប់ជីវិតមនុស្ស៨នាក់មកហើយ។ ភ្លើងឆេះព្រៃនេះ ក៏កំពុងវាយប្រហារក្រិក អ៊ីតាលី និងអេស្ប៉ាញផងដែរ។


បណ្ដាប្រទេសភាគខាងត្បូងទ្វីបអឺរ៉ុបមានតួកគី ក្រិក អ៊ីតាលី និងរហូតដល់អេស្ប៉ាញជាដើមនោះ កមពុងរងគ្រោះខ្លាំងដោយសាររលកភ្លើងឆេះព្រៃ។ ទិន្នន័យរបស់សហភាពអឺរ៉ុបបង្ហាញថា ក្នុងរដូវភ្លើងឆេះឆ្នាំនេះ អត្រាភ្លើងឆេះមានខ្ពស់ជាងមធ្យមភាគឆ្នាំមុនៗ ដោយកំណើនសីតុណ្ហភាព ខ្យល់បក់ខ្លាំង និងការប្រែប្រួលអាកាសធាតុ ជាមូលហេតុចម្បង។
 
តួកគី កំពុងប្រឈមមុខនឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងពេលជិតមួយទសវត្សរ៍នេះ ដោយព្រៃឈើជាង៩ម៉ឺន៥ពាន់ហិកតាត្រូវបានបំផ្លាញនៅឆ្នាំនេះ។ ចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០២០ ការឆេះព្រៃជាមធ្យមមានប្រមាណ១ម៉ឺន៣ពាន់ហិកតាប៉ុណ្ណោះ។ តាមការផ្សាយរបស់ទូរទស្សន៍ CNN ភាសាតួកគី ប្រជាជននៅសង្កាត់មួយក្នុងទីក្រុងទេសចរណ៍ Bodrum ត្រូវបានជម្លៀសខណៈដែលខ្យល់បក់ខ្លាំងបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះចេញពីសង្កាត់ Milas ក្បែរនោះ។
 
លើសពីនេះទៅទៀត ប្រជាជនដែលរស់នៅទីក្រុងរមណីយដ្ឋាន Antalya ក៏ត្រូវបានជម្លៀសចេញផងដែរ។ ខណៈពេលកំពុងជម្លៀសប្រជាជនពីតំបន់នេះ សាកសពពីរនាក់ត្រូវបានរកឃើញនៅថ្ងៃទី១ ខែសិហា ដែលធ្វើឱ្យចំនួនមនុស្សស្លាប់កើនដល់៨នាក់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃ៥ថ្ងៃជាប់គ្នានេះ។
 
ទន្ទឹមនឹងនេះដែរ ភ្លើងឆេះព្រៃក៏ផ្ទុះឡើងនៅជិតទីក្រុង Patras ភាគខាងលិចក្រិកនៅចុងសប្ដាហ៍មុន។ ប្រជាជននៅភូមិចំនួន៥ត្រូវបានជម្លៀសចេញ ហើយមនុស្ស៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារបញ្ហារលាក និងបញ្ហាផ្លូវដង្ហើម។ តួលេខបណ្តោះអាសន្នពីអង្គភាពពន្លត់អគ្គិភ័យបង្ហាញថាផ្ទះប្រហែល២០ខ្នងត្រូវបានដុតបំផ្លាញ។ ក្នុងឆ្នាំនេះ ព្រៃឈើប្រមាណ១ម៉ឺន៣ពាន់ហិកតា ត្រូវបានបំផ្លាញនៅក្រិក។
 
អ៊ីតាលីវិញ ត្រូវទទួលរងភ្លើងឆេះព្រៃជាថ្មីម្តងទៀតបន្ទាប់ពីព្រៃឈើជាង២ម៉ឺនហិកតាដែលពោរពេញទៅដោយដើមអូលីវ និងដំណាំផ្សេងៗត្រូវបានបំផ្លាញដោយភ្លើងនៅទីក្រុង Sardinia កាលពីចុងសប្តាហ៍មុន។ កងពន្លត់អគ្គីភ័យអ៊ីតាលីបានរាយការណ៍ពីករណីអគ្គិភ័យជាង៨០០កន្លែងនៅចុងសប្តាហ៍នមុនជាពិសេសនៅភាគខាងត្បូងប្រទេស។
 
នៅប្រទេសអេស្ប៉ាញវិញ អ្នកពន្លត់អគ្គីភ័យរាប់សិបនាក់ដែលរួមជាមួយយន្តហោះពន្លត់អគ្គីភ័យកំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃដែលបានផ្ទុះឡើងនៅរសៀលថ្ងៃទី៣១ ខែសីហា នៅជិតអាងស្តុកទឹក San Juan ដែលមានចំងាយប្រហែល ៧០ គីឡូម៉ែត្រខាងកើតទីក្រុងម៉ាឌ្រីត៕
 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com