ជាតិ
អាជ្ញាធរកំពង់ស្ពឺ បញ្ជាឲ្យពិនិត្យអនាម័យកន្លែងផលិតផលសត្វ ក្រោយរកឃើញជំងឺដុំពកស្បែកគោ ក្របី
02, Aug 2021 , 9:59 pm        
រូបភាព
គោ កើតជំងឺដុំពកស្បែក។ រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
គោ កើតជំងឺដុំពកស្បែក។ រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ដោយ៖ ស៊ុល រ៉វី

ក្រោយការរកឃើញករណីជំងឺដុំពកស្បែកគោក្របី ក្នុងខេត្តកំពង់់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ និងតាមដានកុំឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើង ។ បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ជំងឺឆ្លងដុំពកស្បែកគោ ក្របី បានរកឃើញករណីឆ្លងនៅក្នុងខេត្ត ចាប់តាំងពីខែឧសភាមកម្លេះ។


ជំងឺដុំពកស្បែកគោ ក្របី ជាជំងឺបង្កដោយវីរុសក្នុងក្រុម Poxbiride នៃប្រភេទ Capripoxvirus ដែលផ្ទុះលើកដំបូងនៅឆ្នាំ១៩២៩ ក្នុងប្រទេសសំប៊ី។ ជំងឺនេះ បានឆ្លងរាលដាលពាសពេញពិភពលោក រួមមានអាហ្រ្វិក មជ្ឈឹមបូព៌ា អឺរ៉ុបអាគ្នេយ៍ អាស៊ីកណ្ដាល អាស៊ីខាងត្បូង និងប្រទេសចិន ហើយបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
 
លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទ ខេត្តកំពង់ស្ពឺបានរកឃើញករណីជំងឺឆ្លងដុំពកស្បែកគោ ក្របី ចាប់តាំងពីខែឧសភាមកម្លេះ។ បើតាមលោក តុលា ករណីដែលកើតឡើងនេះ មិនមានច្រើននោះឡើយ គឺកើតឡើងលើគោចិញ្ចឹមជាលក្ខណៈគ្រួសារ របស់ពលរដ្ឋប៉ុណ្ណោះ មិនមានការឆ្លងជាទ្រុងទ្រាយធំនោះឡើយ។
 
«យើងរកឃើញករណីឆ្លងជំងឺដុំពកស្បែកហ្នឹងមួយៗទេ គឺមានឆ្លងលើគោ ដែលប្រជាពលរដ្ឋយើង គាត់ចិញ្ចឹមពាសវាលពាសកាល។ យើងក៏មិនទាន់ដឹងពីមូលហេតុ នៃការឆ្លងដែរ ព្រោះជំងឺនេះមិនមែនកើតមានពេលថ្មីៗទេ គឺវាកើតរាល់ឆ្នាំមកហើយ តែយើងត្រូវតែយកចិត្តទុកដាក់»។ នេះជាការលើកឡើងរបស់ លោក ឈាង តុលា ដោយបន្ថែមថា មន្ត្រីនៃមន្ទីរកសិកម្ម នឹងបន្តសកម្មភាពតាមដាន ផ្សព្វផ្សាយដល់ពលរដ្ឋ លើជំងឺឆ្លងនេះ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
 
ជុំវិញជំងឺដុំពកស្បែកគោ ក្របីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ណែនាំដល់មន្ទីរកសិកម្មខេត្ត ត្រូវបន្តជំរុញការអនុវត្តវិធានការចំបាច់ និងបន្ទាន់នានា ដោយត្រូវតាមដាន ស្រាវជ្រាវហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វគោ ក្របី នៅទូទាំងខេត្ត និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យនៅគ្រប់ទីកន្លែងចិញ្ចឹម កន្លែងប្រមូលផ្ដុំ និងទីផ្សារ។
 
បើតាមសេចក្ដីណែនាំខាងលើ មន្ទីរកសិកម្មខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វ ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលាយពី ជំងឺដុំពកស្បែកគោ ក្របី ដល់ពលរដ្ឋ។ ឯអាជ្ញាធរ ត្រូវចូលរួមទប់ស្កាត់ការនាំចូលគោ ក្របីរស់ និងផលិតផលគោ ក្របី ទឹកមេជីវិតបង្កក គ្រប់ប្រភេទដែលខុសច្បាប់។
 
ជាមួយគ្នានេះ ត្រូវបង្កើនការតាមដានស្ថានភាពសុខភាពសត្វគោ តាមមូលដ្ឋាន កន្លែងចិញ្ចឹម និងកសិដ្ឋានជាប្រចាំ ព្រមទាំងប្រមូលសំណាក ដែលសង្ស័យបញ្ជូនទៅកាន់មន្ទីរពិសោធន៍ ដើម្បីវិភាគរកមេរោគ ដោយអនុវត្តវិធានបសុពេទ្យឱ្យទាន់ពេលវេលា។ ដោយឡែក មន្ត្រីត្រូវចុះអប់រំណែនាំពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹម គ្រប់កម្រិតពីការរៀបចំទ្រង់ ការថែទាំ ការផ្ដល់ចំណី ការអនុវត្តវិធានការអនាម័យ ការតាមដានសុខភាពសត្វ ឱ្យបានត្រឹមត្រូវ។
 
ជំងឺដុំពកស្បែកគោ ក្របី កើតឡើងដោយមានសញ្ញាសំខាន់ៗ ដែលមានអត្រាសត្វឈឺពី ៥ភាគរយ ទៅ ៤៥ភាគរយ និងអត្រាស្លាប់តិចជាង ១០ភាគរយ។ យើងអាចសង្កេតរោគសញ្ញាជំងឺនេះបាន ដូចជាមានលក្ខណៈដុំពកតូចៗ ឬធំទៅតាមស្ថានភាពនៃជំងឺ ដែលគេឃើញនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្ដៅអាចកើនដល់ ៤១អស្សា។ ឯមេរោគនេះ អាចឆ្លងពីសត្វមួយទៅសត្វមួយ តាមរយៈការប៉ះពាល់ផ្ទាល់ និងប្រយោល៕
 
 

Tag:
 ThmeyThmey25
  ជំងឺដុំពកស្បែកគោក្របី
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com