កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ កីឡាការិនី Pignatiello ដកខ្លួនពីបណ្តាញសង្គម ក្រោយរងការរិះគន់ខ្លាំង
02, Aug 2021 , 10:29 pm        
រូបភាព
ដោយ៖ជា យូគៀង

កីឡាការិនីហែលទឹកសញ្ជាតិអាហ្សង់ទីន Delfina Pignatiello បានលុបគណនីបណ្តាញសង្គម Twitch ចោល ក្រោយពីរងការរិះគន់ខ្លាំង ខណៈរូបនាងធ្វើមិនបានល្អនៅព្រឹត្តិការណ៍អូឡាំពិកតូក្យូ។


កីឡាករិនីវ័យ ២១ឆ្នាំ Pignatiello ជាម្ចាស់ជើងឯកមេដាយមាសវិញ្ញាសាហែលទឹកក្បាច់សេរីចម្ងាយ៤០០ម៉ែត្រ ៨០០ម៉ែត្រ និង ១៥០០ម៉ែត្រក្នុងព្រឹត្តិការណ៍ Pan American Game 2019 ។ ប៉ុន្តែនាងបែរជាទទួលបានសាររិះគន់ជាច្រើននៅបណ្តាញសង្គម Twitch បន្ទាប់ពីនាងប្រកួតវិញ្ញាសាហែលទឹកចម្ងាយ ៤០០ម៉ែត្រហើយទទួលបានចំណាត់ថ្នាក់ត្រឹមតែលេខ៨ នាការប្រកួតនៅតូក្យូ។ 
 
ឆ្លើយតបក្រោយរងការរិះគន់យ៉ាងចាស់ដៃនេះ Pignatiello បានលុបគណនីពីកម្មវិធី Twitch ដែលមានអ្នកតាមដានដល់ទៅជាង៨សែននាក់ ព្រមទាំងរូបភាព វីដេអូ និងមាតិកាផ្សេងរបស់នាងបានបង្ហោះបានលុបចោលទាំងអស់។ កញ្ញា Pignatiello ក៏បាននិយាយថា នាងនឹងឈប់លេងបណ្តាញសង្គម Twitch ទៀតហើយ។
 
ទោះជាយ៉ាងណា អត្តពលិកអាហ្សង់ទីនរូបនេះ នៅតែបន្តការផ្សព្វផ្សាយ និងផុសវីដេអូដែលជាមាតិកានៅលើបណ្ដាញ Youtube វិញ។ កីឡាការិនីរូបនេះក៏បានអះអាងបន្ថែមដែរថា នាងមិនដឹងមានរឿងរ៉ាវនឹងអាចកើតឡើងនៅថ្ងៃមុខយ៉ាងម៉េចទៀតនោះទេ។ នាងគិតថា មនុស្សទាំងនោះអាចនិងឃោរឃៅជាងនេះទៅទៀត បើទោះជាខ្លួនខិតខំមិនអើពើនឹងរឿងដែលមនុស្សទាំងនោះរិះគន់យ៉ាងណាក៏ដោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com