ជាតិ
​​​ន​យោ​បាយ​ជាតិ​
វាសនាអ្នកបន្តវេនកាន់អំណាចនៅកម្ពុជា កាន់តែវែងឆ្ងាយ
02, Aug 2021 , 10:59 pm        
រូបភាព
រូបសម្តេច ហ៊ុន សែន ពីលោក កុក គី ដែលជាអ្នកថតរូបភាពឲ្យសម្តេច, រចនាដោយលោក ទូច សុវណ្ឌឌី
រូបសម្តេច ហ៊ុន សែន ពីលោក កុក គី ដែលជាអ្នកថតរូបភាពឲ្យសម្តេច, រចនាដោយលោក ទូច សុវណ្ឌឌី
ឱកាសរបស់តួអង្គ ដែលត្រូវឡើងដឹកនាំប្រទេសជំនួសសម្តេច ហ៊ុន សែន កាន់តែស្ថិតក្នុងភាពស្រពេចស្រពិល ដោយមិនដឹងថា នឹងមកដល់នៅពេលណា ក្រោយពីសម្តេច ប្រកាសកាន់អំណាច រហូតទាល់តែអស់ចិត្តអស់ចង់។


  
សម្តេច ហ៊ុន សែន បានផ្តល់ភាពមិនច្បាស់លាស់ពីការឈប់កាន់តំណែងនាយករដ្ឋមន្រ្តី ដែលជាតំណែងមានអំណាចកំពូលនៅកម្ពុជា។ ម្តង សម្តេច ថានឹងលាឈប់នៅឆ្នាំនេះ ម្តង សម្តេច ថានឹងលាឈប់នៅឆ្នាំនោះ ហើយចុងក្រោយ សម្តេច បែរជាថាបន្តកាន់អំណាចរហូតទាល់តែលែងចង់កាន់។ ការប្រកាសម្តងបែបនេះ ម្តងបែបនោះយ៉ាងដូច្នេះ បានបង្កើតឲ្យមានភាពមិនប្រាកដប្រជាថា មិនដឹងដល់ពេលណា ទើបអ្នកដែលត្រូវបន្តវេន អាចឡើងមកកាន់អំណាចពីសម្តេច។ 
 
ហេតុអ្វី សម្តេច ហ៊ុន សែន ធ្វើឲ្យមានភាពមិនច្បាស់លាស់ដូច្នេះទៅវិញ ខណៈកន្លងមកសម្តេច ប្រកាសយ៉ាងច្បាស់លាស់ពីពេលវេលានៃការឈប់កាន់អំណាច?
 
ចង់កាន់អំណាចរហូតពិតមែន? ទំនងជាសម្តេច ចង់កាន់អំណាចដោយខ្លួនឯងតែម្តង រហូតដល់ឆ្អែតឆ្អន់ ឬរហូតដល់វ័យជរា ដែលសុខភាពលែងអាចទ្រទ្រង់បាន។  
 
ផ្ទៃក្នុងមិនទាន់មានឯកភាព? អាចមកពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មិនទាន់មានឯកភាពពេញលេញចំពោះបុគ្គលនេះឬបុគ្គលនោះ ដែលត្រូវធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីជំនួសសម្តេច។ ធ្លាប់មានមតិពីអ្នកវិភាគ សង្គមស៊ីវិល និងក្រុមប្រឆាំងថា គណបក្សប្រជាជនកម្ពុជា បានប្រេះឆាផ្ទៃក្នុង ដោយសារការត្រៀមបម្រុងបុគ្គលណាម្នាក់ ឲ្យឈរជាបេក្ខជននាយករដ្ឋមន្រ្តីជំនួសសម្តេច ខណៈមន្រ្តីជើងចាស់ និងមន្រ្តីធ្លាប់តស៊ូឆ្លងកាត់សង្គ្រាម មិនសុខចិត្ត។ 
 
ព្រោះតែទាក់នឹងមន្រ្តីធំៗទាំងនោះ ទើបសម្តេច មិនទាន់ជ្រើសរើសបេក្ខជនណាម្នាក់ ដែលសម្តេចពេញចិត្ត យកមកកាន់តំណែងរបស់សម្តេច? បើតាមការអះអាងរបស់សម្តេច គឺមិនដូច្នោះទេ។ ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ធ្លាប់អះអាងថា គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពរឹងមាំ ដោយមិនបែកបាក់ព្រោះតែតំណែងឡើយ។ សម្តេច ធ្លាប់វាយបកទៅក្រុមប្រឆាំងវិញថា ដោយសារមិនស្គាល់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់ ទើបបានជាពួកគេ តែងតែចាញ់។ 
 
ធុញទ្រាន់នឹងការវិភាគ? ជួនកាលសម្តេច និងគណបក្សប្រជាជនកម្ពុជា បានរៀបចំឬព្រមព្រៀងគ្នារួចអស់ហើយថា សម្តេច នឹងត្រូវចាកចេញពីអំណាចនៅពេលណា ហើយអ្នកណា ដែលត្រូវឡើងមកជំនួសសម្តេច។ ប៉ុន្តែ ដើម្បីរក្សារឿងនេះ ឲ្យមានភាពស្ងប់ស្ងាត់ សម្តេច ត្រូវតែប្រកាសថា សម្តេច នឹងបន្តកាន់អំណាចរហូតលែងចង់កាន់។
 
ម្យ៉ាងទៀត ប្រហែលជាសម្តេច មានភាពធុញទ្រាន់ខ្លាំងនឹងអ្នកវិភាគ មន្រ្តីសង្គមស៊ីវិល និង ក្រុមអ្នកប្រឆាំង ដែលតែងវិភាគមិនចេះចប់មិនចេះហើយថា អ្នកនេះ ឬអ្នកនោះ ពិសេសសំដៅលើលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ដែលកំពុងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក នឹងត្រូវឡើងកាន់តំណែងរបស់សម្តេច។ សម្រាប់សម្តេច ការនិយាយចេញពីសំណាក់អ្នកដទៃថា ឪពុក ផ្ទេរតំណែងឲ្យកូន គឺមិនល្អស្តាប់ឡើយ ដ្បិតថា អ្នកទាំងនោះ តែងភ្ជាប់ពាក្យមួយទៀតថា ការផ្ទេរអំណាចពីឪពុកទៅកូន ឬការផ្ទេរអំណាចតត្រកូល គឺជារបៀបផ្ទេរអំណាចនៃជនផ្តាច់ការ។ 
 
ដូច្នេះ ដើម្បីបិទមាត់អ្នកទាំងនោះ គឺសម្តេច មានតែប្រកាសថា ខ្លួននឹងបន្តកាន់អំណាចដោយខ្លួនឯង។ ប៉ុន្តែ យុទ្ធសាស្រ្តនេះ ប្រហែលជាមិនអាចធ្វើឲ្យពួកគេ ទាល់គំនិតឡើយ ដោយពួកគេ នៅតែអាចរកច្រកនិយាយ និងទាញហេតុផលបែបនេះឬបែបនោះ មកវិភាគបន្តទៀតដដែល។ 

មហាជន បានឮសម្តេច ហ៊ុន សែន ប្រកាសជាថ្មីអំពីការកាន់អំណាចដោយមិនកំណត់ពេលនេះ ក្នុងពិធីបើកយុទ្ធនាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារនិងមនុស្សវ័យជំទង់ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្តេច ហ៊ុន សែន ដែលមានវ័យឈានចូល៧០ឆ្នាំ និងកាន់តំណែងនាយករដ្ឋមន្រ្តីប្រមាណ៣៧ឆ្នាំមកហើយនោះ បានប្រកាសជាឱឡារិកថា៖«ធ្វើ [នាយករដ្ឋមន្រ្តី] ទាល់តែហ៊ុន សែន លែងចង់ធ្វើ កុំឲ្យវា ពិបាក។ [ចេះតែនិយាយថា ខ្ញុំ មានបញ្ហា] សុខភាពចេះ សុខភាពចុះ ងាប់ហើយ...»។
 
កន្លងមក សម្តេច ធ្លាប់ប្រកាសម្តងរួចមកហើយ នៅមន្ទីរពេទ្យកាល់ម៉ែត កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយកាលនោះ សម្តេច ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ សម្តេច ថ្លែងនាពេលនោះថា៖«ឈប់ប្រកាសពីរឿង១០ឆ្នាំ ២០ឆ្នាំ ធ្វើទាល់តែឈប់ចង់ធ្វើ កុំឲ្យវាពិបាកពេក។ តិច [ថា] ផ្ទេរតំណែងឲ្យហ៊ុន ម៉ាណែត តិច [ថា] ផ្ទេរអំណាចឲ្យទៅអ្នកនេះ ឲ្យទៅអ្នកនោះ ឥឡូវមិនបាច់ផ្ទេរតែម្តង នៅអ៊ីចឹងតែម្តង»។ 
 
មុនដំបូង សម្តេច កំណត់ពេលវេលាជាក់លាក់ថា នឹងដើរចេញពីតំណែងនាយករដ្ឋមន្រ្តី នៅក្រោយឆ្នាំ២០២៨។ តែបន្ទាប់មក សម្តេច កែប្រែវិញថា ទោះក្រោយឆ្នាំ២០២៨ ក៏សម្តេច មិនប្រាកដថានឹងឈប់ធ្វើជានាយករដ្ឋមន្រ្តីដែរ។ សម្តេច ប្តូរចិត្តថា នឹងកាន់អំណាចនៅក្រោយឆ្នាំ២០២៨បន្តទៀត ដើម្បីអាចបង្ក្រាបក្រុមប្រឆាំង ដ្បិតយល់ថា ពួកគេ មានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល។ ចុងក្រោយ សម្តេច ប្តូរគោលជំហរថា បន្តកាន់អំណាចរហូតទាល់តែលែងចង់កាន់ ដោយមិនកំណត់ពេលវេលាអ្វីទាំងអស់។
 
មិនមែនតែពេលវេលានៃការបន្តវេនកាន់អំណាចទេ ដែលស្ថិតក្នុងភាពមិនច្បាស់លាស់ សូម្បីតួអង្គណាពិតប្រាកដ ដែលត្រូវឡើងបន្តវេនកាន់អំណាច ក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ដែរ។ ដើមឡើយ មានតែលោក ហ៊ុន ម៉ាណែត ម្នាក់ប៉ុណ្ណោះ ដែលគេ សម្លឹងឃើញថា នឹងឡើងកាន់តំណែងរបស់សម្តេច ហ៊ុន សែន។ តែក្រោយមក សម្តេច បានបង្ហើបពីតួអង្គម្នាក់ទៀត ដែលអាចឈរជាបេក្ខជនកាន់តំណែងរបស់សម្តេចដែរ នោះគឺលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។ បន្ថែមពីនេះ សម្តេច ថែមទាំងធ្លាប់បង្ហើបថា គណបក្សប្រជាជនកម្ពុជា មានបេក្ខជនច្រើនរូប ដែលអាចឈរឈ្មោះកាន់តំណែងរបស់សម្តេច ដោយមិនមែនមានតែលោក ហ៊ុន ម៉ាណែត នោះទេ។ 
 
ថ្វីបើសម្តេច ប្រកាសពីតួអង្គលោក អូន ព័ន្ធមុនីរ័ត្ន និងបង្ហើបពីអ្នកដទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលអាចប្រជែងយកតំណែងរបស់សម្តេចក្តី តែមនុស្សភាគច្រើន នៅតែមើលឃើញលោក ហ៊ុន ម៉ាណែត ជាជនអាទិភាពមុនគេនិងលើសគេដដែល។ គេ អាចនឹងយល់ទៀតថា ការបង្ហាញតួអង្គផ្សេងបែបនេះ គឺដើម្បីកុំឲ្យមើលទៅឃើញតែលោក ហ៊ុន ម៉ាណែត តែម្នាក់ឯង ដែលជាហេតុនាំឲ្យមានការរិះគន់ថា សម្តេច រៀបចំផ្ទេរតំណែងឲ្យកូន។  
 
ការបន្តវេនកាន់អំណាច ដែលអធិប្បាយខាងលើនេះ គឺស្ថិតតែក្នុងរង្វង់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ នៅកម្ពុជា មធ្យោបាយ ដែលអាចឈានទៅចាប់អំណាចដឹកនាំប្រទេសបាន គឺការបោះឆ្នោត។ ប៉ុន្តែ ការប្រជែងយកអំណាចពីគណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោត ហាក់ដូចជាមានសង្ឃឹមតិច ខណៈគណបក្សប្រឆាំងដ៏ធំ បានបាត់វត្តមានពីកម្ពុជា។ អាចមានភាគរយច្រើន ក្នុងការដណ្តើមអំណាចតាមរយៈការបោះឆ្នោត លុះត្រាតែមានគណបក្សប្រឆាំងដ៏ធំមួយ ដែលមានអ្នកគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។

ការកាន់អំណាចរាប់ទសវត្សន៍តែម្នាក់ឯង ធ្វើឲ្យសម្តេច ហ៊ុន សែន រងការរិះគន់មិនដាច់ ពីសំណាក់ប្រជាជនខ្មែរខ្លះ រួមទាំងសហគមន៍អន្តរជាតិ។ តែអ្នកដែលស្រឡាញ់សម្តេច ស្រឡាញ់គណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងការកាន់អំណាចរបស់សម្តេច ដោយយល់ថា សម្តេច ជាអ្នកពន្លត់ភ្លើងសង្គ្រាម នាំឲ្យប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ។ មានអ្នកខ្លះ ថែមទាំងសុខចិត្តឲ្យសម្តេច កាន់អំណាចអស់មួយជីវិតទៀតផង។ សម្តេច ក៏រងការរិះគន់មិនតិចដែរថា ចង់ផ្ទេរតំណែងឲ្យលោក ហ៊ុន ម៉ាណែត។ តែអ្នកដែលមាននិន្នាការទៅខាងគណបក្សកាន់អំណាច មើលឃើញថា លោក ហ៊ុន ម៉ាណែត ស័ក្តិសមនឹងកាន់តំណែងជំនួសសម្តេច ដ្បិត លោក មានសមត្ថភាព គុណសម្បត្តិ និងការអប់រំខ្ពស់។ 
 
យ៉ាងណាក៏ដោយចុះ អ្នកណា មានវាសនាបានឡើងកាន់តំណែងជំនួសសម្តេច ហ៊ុន សែន នៅពេលណានោះ គ្មានអ្នកណា អាចប៉ាន់ស្មានត្រូវឡើយ សម្រាប់ដំណាក់កាលនេះ គឺមានតែរង់ចាំមើលពេលវេលានោះ មកដល់ប៉ុណ្ណោះ៕  
 

Tag:
 ហ៊ុន សែន
  អ្នកបន្តវេន
  តំណែងនាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com