កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ កីឡាករប្រដាល់បារាំង Aliev មិនព្រមចេញពីសង្វៀន ដោយចោទអាជ្ញាកណ្តាល​ថា «អយុត្តិធម៌»
02, Aug 2021 , 5:37 pm        
រូបភាព
កីឡាករប្រដាល់បារាំង Mourad Aliev បាន​ស្រែកថា អយុត្តិធម៌ និងអង្គុយតវ៉ានៅសង្វៀន​ប្រមាណ​១ម៉ោង ក្រោយពេលដែលអាជ្ញាកណ្តាល​សម្រេចឲ្យគេ​ចាញ់កីឡាករអង់គ្លេស Frazer Clarke នៅ​វគ្គ​១/៤ផ្តាច់ព្រ័ត្រ ក្នុងប្រភេទ​ទម្ងន់​លើស​៩១គីឡូក្រាម នៃព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ (Tokyo 2020)។ បរាជ័យនេះ បាន​ធ្វើ​ Aliev ខកឱកាសឈ្នះមេដាយ​សម្រាប់បារាំង។


 
នាការប្រកួតជិតបញ្ចប់ទឹកទី២ កាលពីថ្ងៃអាទិត្យ​ អាជ្ញាកណ្តាល បាន​សម្រេច​ឲ្យ​ Mourad Aliev ចាញ់ដោយ​ស្វ័យ​ប្រវត្តិ ដោយ​សារតែគេបាន​ប្រើ​ក្បាល​ទៅ​បោក​លើ Frazer Clarke។ «អយុត្តិធម៌ខ្លាំងណាស់ មនុស្សទាំងអស់គ្នា​សុទ្ធតែបាន​មើលឃើញថា ខ្ញុំ​ឈ្នះ»។ Aliev បាន​ស្រែក​តវ៉ាទាំងខឹង​សម្បារ ហើយ​ថែម​ទាំង​ដាល់ទៅ​លើ​​កាមេរ៉ា ដែល​ផ្តិតយកសកម្ម​ភាព​របស់​ខ្លួន​ផងដែរ។
ក្រោយ​ការ​ប្រកាសលទ្ធផល Aliev បាន​បដិសេធចាកចេញពីសង្វៀន ដោយអង្គុយនៅទីនោះប្រមាណ​២០នាទី បន្ទាប់មកដើរចេញ​ក្រៅមួយ​សន្ទុះ មុន​វិលត្រឡប់ទៅសង្វៀន​វិញ។ សកម្ម​ភាព​ដែល​បង្ហាញពីការតវ៉ានេះ មានរយៈពេល​សរុប​ប្រមាណ​១ម៉ោង។


 
 
យោងតាម​ការផ្សាយ​របស់ Le Figaro លោក John Dovy គ្រូបង្វឹក​ក្រុមប្រដាល់ជម្រើសជាតិ​បារាំង ក៏ខឹងសម្បារនឹងការសម្រេច​ចិត្ត​របស់អាជ្ញាកណ្តាល​ផងដែរ ដោយ​និយាយការពារថា Aliev មិនបានធ្វើ​ខុសលក្ខន្តិកៈនៃការប្រកួតនោះឡើយ។
 
ទាក់ទងនឹងបញ្ហានេះ លោកស្រី Brigitte Henrique ប្រធានគណៈកម្មការអូឡាំពិក​ជាតិ​បារាំង (CNOSF) បាន​ប្រកាសថា ក្រុម​ការងាររបស់​លោកស្រី​នឹង​ប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ ដើម្បីស្វែងរកភាពត្រឹមត្រូវ​សម្រាប់​ Aliev៕
 
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com