កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រអូឡាំពិក! អត្តពលិកលោតកម្ពស់២នាក់ ឈ្នះមេដាយមាសស្ទួន ព្រោះមានលទ្ធផលដូចគ្នាទាំងស្រុង
02, Aug 2021 , 6:29 pm        
រូបភាព
ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាលោតកម្ពស់បុរសនៅអូឡាំពិកក្រុងតូក្យូបានបញ្ចប់ដោយភាពភ្ញាក់ផ្អើល។ មិនគួរឱ្យជឿ ព្រោះកីឡាករ Mutaz Essa Barshim របស់កាតា និង Gianmarco Tamberi របស់អ៊ីតាលីអាចទទួលបានមេដាយមាសរៀងខ្លួនពីវិញ្ញាសាលោតចម្ងាយនេះ និងជាប្រវត្តិសាស្ត្រអូឡាំពិកមិនធ្លាប់មានក្នុងពេលជាង១០០ឆ្នាំ។


បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រអស់រយៈពេលពីរម៉ោង Barshim និង Gianmarco មិនអាចរកឃើញអ្នកចាញ់ឡើយ ដ្បិតអ្នកទាំងពីរលោតបានក្នុងកម្ពស់ខ្ពស់បំផុត ២,៣៩ ម៉ែត្រដូចគ្នា។ Maksim Nedasekau អត្តពលិកបេឡារុសដណ្តើមបានមេដាយសំរឹទ្ធិដោយលោតបានកម្ពស់ ២,៣៧ ម៉ែត្រ។
 
តាមពិតទៅ អត្តពលិកកាតា និងអ៊ីតាលីត្រូវលោតបន្តបន្ទាប់ទៀតដើម្បីរកឈ្នះចាញ់ និងកាត់សេចក្តីថាអ្នកណាបានមេដាយមាស និងមេដាយប្រាក់។ ប៉ុន្តែ ភាពភ្ញាក់ផ្អើលបានកើតឡើង ក្រោយកីឡាករទាំងពីរបានបញ្ចប់ការប្រជែងគ្នា និងយល់ព្រមចែករំលែកមេដាយមាសឱ្យគ្នាទៅវិញទៅមក។
 
បើតាមការផ្សាយរបស់កាសែត BBC ចំណោមអ្នកទាំងពីរ កីឡាករកាតា Barshim ដែលជាម្ចាស់មេដាយសំរឹទ្ធិ និងប្រាក់នៅអូឡាំពិកក្រុងឡុងដ៍ និងរីយ៉ូ មានប្រៀបក្នុងការទទួលបានមេដាយមាសពីអូឡាំពិកតូក្យូ ជាងកីឡាករអ៊ីតាលី Gianmarco ដែលរងរបួសជើង។ ការចែករំលែកមេដាយរបស់កីឡាករទាំងពីរបានបង្កើតជាប្រវត្តិសាស្ត្រអូឡាំពិក ក្នុងប្រភេទកីឡាអត្តពលកម្មចាប់តាំងពីឆ្នាំ ១៩១២មក។


 
អ្នករៀបចំការប្រកួតលោតកម្ពស់ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២០ ក៏បានយល់ព្រមផ្តល់មេដាយមាសឱ្យទាំង Barshim វ័យ៣០ឆ្នាំ និង Gianmarco វ័យ២៩ឆ្នាំផងដែរ។ នេះមានន័យថា ការប្រកួតលោតកម្ពស់ផ្នែកបុរសមិនមានអ្នកទទួលបានមេដាយប្រាក់ឡើងយ។
 
មកទល់ពេលនេះកាតារកបានមេដាយមាសចំនួនពីរហើយ តាមរយៈកីឡាករ Fares El-Bakh ដែលឈ្នះមាសពីកីឡាលើកទម្ងន់៩៦គីឡូក្រាម និង Mutaz Essa Barshim ដែលឈ្នះពីកីឡាលោតកម្ពស់នេះ។
 
ដោយឡែកអ៊ីតាលី រកបានមេដាយសរុប២៧ហើយ ក្នុងនោះមាស៤ ប្រាក់៨ និងសំរឹទ្ធិ១៥។ មេដាយមាសទាំង៤ ធ្វើបានដោយកីឡាករ Gianmarco Tamberi ផ្នែកលោតកម្ពស់ កីឡាករ Lamont Marcell Jacobs ពីការរត់ល្បឿនចម្ងាយ១០០ម៉ែត្រ កីឡាករតៃក្វាន់ដូ Vito Dell'Aquila វិញ្ញាសា៥៨គីឡូក្រាម និង កីឡាចែវទូកផ្នែកនារី វិញ្ញាជាគូ៕
 
 

Tag:
 Olympic
  Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com