ជាតិ
សង្គមជាតិ
សាលាជ័យថាវីស្ងប់ស្ងាត់ ខណៈការប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់
03, Aug 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តាំងពីជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជាលើកដំបូងនៅឆ្នាំ២០២០ សាលារៀនជ័យថាវី ដែលធ្លាប់តែបើកទ្វារទទួលសិស្សានុសិស្សទាំងទីជិត ទីឆ្ងាយ មកសិក្សាបន្ថែមដើម្បីត្រៀមប្រឡងបាក់ឌុប និងប្រឡងយកអាហារូបរកណ៍ ចូលរៀននៅសាកលវិទ្យាល័យនានានោះ បានប្រែជាស្ងប់ស្ងាត់។ ទិដ្ឋភាពនេះ ក៏បានធ្វើឲ្យអាជីវកម្មលក់សៀវភៅ និងម្ហូបអាហារនៅក្បែរសាលារៀនជ័យថាវិI ក៏ប្រែជាស្ងប់ស្ងាត់ ដូចគ្នាដែរ។

 
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែខិតជិតមកដល់។ ជាងរៀងរាល់ឆ្នាំ នៅមុនការប្រឡងបាក់ឌុប សាលារៀនជ័យថាវី គឺជាកន្លែងដ៏អ៊ូអរបំផុតមួយ ដែលពោរពេញ ដោយសិស្សានុស្សនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចេញ-ចូល តាំងពីព្រលឹម ទល់ព្រលប់ឥតដាច់ ដើម្បីសិក្សាបន្ថែមនៅសាលាដ៏ល្បីមួយនេះ។ ប៉ុន្តែដោយសារការយាយីនៃជំងឺកូវីដ-១៩ ទ្វាររបងសាលាជ័យថាវី បានបិទចាក់សោរយ៉ាងស្ងប់ស្ងាត់។
 
កាលនោះគ្រូបង្រៀននៅសាលាជ័យថាវីនីមួយៗ គឺសុទ្ធសឹងតែមមាញឹកនឹងការបង្រៀន ដោយពេលខ្លះគ្មានពេលនឹងសម្រាកទៀតផង។ តែយ៉ាងណាគ្រូនីមួយៗ បើទោះបីការបង្រៀនមានការនឿយហត់ក៏ពិតមែន ប៉ុន្តែគ្រូត្រេកអរ ពីព្រោះបានផ្ទេរចំណេះដឹងផ្សេងៗដល់សិស្ស ដើម្បីឲ្យពួកគេអាចជោគជ័យលើការប្រឡងប្រកបដោយប្រសិទ្ធភាព។ 
 
សាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេសបានបិទទ្វារជាថ្មី កាលពីថ្ងៃទី២០ ខែមីនាឆ្នាំ២០២១មកម្ល៉េះ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩។ តាំងពីពេលនោះមក ការសិក្សារបស់សិស្សគ្រប់កម្រិត ប្រព្រឹត្តទៅតាមរយៈអនឡាញ។


 
លោក នាង បូ ដែលជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី១២ នៅសាលាជ័យថាវី បានប្រាប់សារព័ត៌មានថ្មីៗថា ការបង្រៀនអនឡាញជិត២ឆ្នាំមក ធ្វើឱ្យលោកថយម៉ោងបង្រៀនគួរ ស្ទើរតែពាក់កណ្តាល។ ធ្លាប់តែបង្រៀនតាំងពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ ឥតមានពេលសម្រាក បច្ចុប្បន្នសាស្ត្រាចារ្យរូបនេះ បង្រៀនតែ៤-៥ម៉ោងប៉ុណ្ណោះ ហើយក៏មិនបង្រៀនរាល់ថ្ងៃដែរ។ រីឯវិធីសាស្ត្របង្រៀនទៀតសោត ក៏មិនសម្រុកលឿន ដូចដែលធ្លាប់បង្រៀនសិស្សនាមុនកូវីដ-១៩ ដែរ ពោលគឺបង្រៀនយឺតៗ ដើម្បីទុកពេលឱ្យសិស្សអាចចាប់បានមេរៀនច្បាស់លាស់។
 
មានបទពិសោធបង្រៀនប្រមាណ៣០ឆ្នាំ លោកគ្រូ នាង បូ រៀបរាប់ដូច្នេះ៖ «កាលពីមុនកូវីដ-១៩ គឺខ្ញុំមមាញឹកខ្លំាងណាស់។ កាលនោះខ្ញុំបង្រៀនតាំងពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ ហើយខ្ញុំអាចសម្រាកបានតែពេលថ្ងៃម៉ោង១២ ដល់ម៉ោង១ថ្ងៃ ក្រៅពីហ្នឹងគឺខ្ញុំជាប់បង្រៀនរហូតដល់ម៉ោង៨យប់ ទើបបានសម្រាក។ កាលបង្រៀនផ្ទាល់ គឺមានសិស្សជាច្រើនពឹងឲ្យជួយបង្រៀនគួរបន្ថែម ប៉ុន្តែកាលនោះ គឺខ្ញុំអត់មានម៉ោងបង្រៀនទេ។  តែដល់ពេលបង្រៀនតាមអនឡាញនេះ គឺខ្ញុំបង្រៀនតែ៤ ទៅ៥ម៉ោងទេ ក្នុងមួយថ្ងៃ។ ប៉ុន្តែមិនបង្រៀនរាល់ថ្ងៃ ដូចនឹងបង្រៀនផ្ទាល់ឡើយ»។
 
សម្រាប់លោកគ្រូ នាង បូ ការសិក្សាតាមប្រព័ន្ធអនឡាញ ទាមទារឱ្យសិស្សកាន់តែយកចិត្តទុកដាក់ និងត្រូវចេះគ្រប់គ្រង និងម្ចាស់ការលើខ្លួនឯង ទើបការសិក្សានោះប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ពួកគេ ត្រូវតែខិតខំស្វ័យសិក្សានៅផ្ទះឱ្យបានច្រើនថែមទៀត ដើម្បីត្រៀមប្រយុទ្ធនៅថ្ងៃប្រឡង នៅពេលខាងមុខ។   
 
ការផ្អាកសាលារៀនក្រៅម៉ោង(គួរ)នេះ ក៏ជាក្តីកង្វល់សម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំនេះដែរ។  សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ យុវសិស្ស ប៉ុល រតនវិសាល ខកចិត្តបន្តិចដែរ ដែលរូបគេមិនមានឱកាសសិក្សាបន្ថែម នៅសាលារៀនជ័យថាវី។ តែយ៉ាងណាយុវសិស្សវ័យ ១៧ឆ្នាំរូបនេះ នៅតែអាចសិក្សាជាមួយគ្រូជាច្រើនតាមអនឡាញ និងតាមវិធីផ្សេងៗផងដែរ។ យុវសិស្ស ប៉ុល រតនវិសាល រៀបរាប់ថា៖«ខ្ញុំសាកស្តាយដែរ ដោយសារគ្រូៗនៅហ្នឹងគាត់មានបទពិសោធបង្រៀនច្រើន និងមានលំហាត់ល្អច្រើន។ ប៉ុន្តែបើអត់បានរៀននៅហ្នឹង ក៏ខ្ញុំគិតថា ក៏អត់មានបញ្ហាអ្វីឡើយ។ គឺខ្ញុំអាចសុំលំហាត់ពីគ្រូៗរបស់ខ្ញុំ និងសិស្សរៀមច្បងដែលបានប្រឡងកាលពីឆ្នាំមុនៗ ហើយខ្ញុំអាចរៀនតាម Zoom រៀនតាមកម្មវិធីផ្សេងៗ និងអាចស្វ័យសិក្សានៅផ្ទះ»។ 
 


ថ្នាក់រៀននីមួយៗ គឺពោរពេញទៅដល់សិស្សអង្គុយប្រជៀតគ្នា។ សិស្សខ្លះមកមុន គឺចាប់យកកន្លែងអង្គុយតុខាងមុខ។ ចំណែកសិស្សខ្លះទៀតដែលមកក្រោយ គឺអង្គុយតុក្រោយ។ ទោះអង្គុយតុមុខ និងតុក្រោយ ប៉ុន្តែពួកគេមិនដែលត្អូញត្អែរឡើយ គឺមានតែសប្បាយចិត្តទៅវិញ ដោយសារពួកគេអាចទទួលបានចំណេះដឹងពីគ្រូផង អាចសួរគ្រូនូវចំណុចដែលខ្លួនឆ្ងល់ផង ហើយបានស្គាល់មិត្តភក្តិថ្មីផងដែរ។   
 
ពេលរំលឹកដល់ការសិក្សានៅសាលារៀនជ័យថាវី បានធ្វើឲ្យ កញ្ញា បាន សុភ័ក្រ្ត អតីតសិស្សនៅវិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី ដែលជាអ្នកធ្លាប់រៀនគួរនៅសាលាជ័យថាវី កាលពីកញ្ញានៅរៀនថ្នាក់ទី១១ និងទី១២ នៅឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ មានក្តីនឹករំលឹកនូវអនុស្សាវរីយ៍របស់ខ្លួនដែលធ្លាប់ឆ្លងកាត់ការសិក្សានៅសាលាជ័យថាវី។ កញ្ញា បាន សុភ័ក្ត្រ បានរំលឹកដូច្នេះថា៖«ពេលខ្ញុំទៅរកនៅហ្នឹង គឺសិស្សច្រើន។ ពេលខ្ញុំទៅរៀនមុនទៅ ក៏ខ្ញុំអាចរកកន្លែងអង្គុយតុមុខទៅ បើទៅក្រោយទៅគឺអង្គុយតុក្រោយទៅ គឺធ្វើឲ្យខ្ញុំពិបាកនឹងស្តាប់គ្រូពន្យល់។ ប៉ុន្តែក៏មានចំណុចល្អដែរ គឺខ្ញុំអាចបានជួបមិត្តភក្តិថ្មីៗ ហើយខ្ញុំក៏អាចរៀនអំពីតិចនិកថ្មីៗពីគ្រូនៅសាលានោះផងដែរ បន្ថែមពីគ្រូនៅសាលារៀនរបស់យើង»។ 
 
ជាអតីតសិស្សនិទ្ទេស B កញ្ញា បាន សុភ័ក្ត្រ បានណែនាំដល់សិស្សដែលនឹងត្រូវត្រៀមបាក់ឌុបនៅឆ្នាំនេះ ខិតខំរៀនសូត្រ និងស្វ័យសិក្សាឲ្យបានច្រើន ដើម្បីជាទុនដ៏រឹងមាំសម្រាប់ត្រៀមប្រឡងបាក់ឌុបឲ្យទទួលបានជោគជ័យ។ 
 
ជុំវិញការបិទសាលារៀនគួរនេះ ក៏បានធ្វើឲ្យម្ចាស់អាជីវកម្មលក់ នំចំណី ភេសជ្ជៈ និងទីតាំងលក់សៀវភៅកំណែសម្រាប់ប្រឡងបាក់ឌុប និងប្រឡងចូលសកលវិទ្យាល័យនានា និងសម្ភារសិក្សានៅបរិវេណសាលារៀនជ័យថាវីក៏ស្ងប់ស្ងាត់ទៅតាមហ្នឹងផងដែរ។  ក្នុងនោះក៏មានទីតាំងខ្លះបានបិទទ្វារទាំងស្រុងផងដែរ។  


 
អ្នកស្រី ប៉ិច សុធី ដែលជាម្ចាស់អាជីវករលក់អាហារបួស នៅមុខសាលារៀនជ័យថាវីអស់រយៈពេល១០ឆ្នាំ បានប្រាប់ឲ្យដឹងថា អាហារដ្ឋានរបស់អ្នកស្រីក្នុងអំឡុងកូវីដ-១៩នេះ គឺថយចុះអតិថិជនក្នុងហាងរបស់ខ្លួនអស់ច្រើនជាងមុន។ «ពេលមិនទាន់មានកូវីដ ទីតាំងខ្ញុំគឺមានភ្ញៀវចូលមកពេញៗតែម្តង គឺសឹងតែគ្មានកន្លែងឲ្យភ្ញៀវអង្គុយទេ។ នេះជាការៀបរាប់របស់អ្នកស្រី ប៉ិច សុធី។ 
 
ក្នុងកាលៈទេសៈនេះ គឺអាជីវកម្មរបស់អ្នកស្រីអាចឈរជើងបានដោយសារតែមានភ្ញៀវចាស់ៗនៅតែដែលគាំទ្រ។ ដើម្បីដោះស្រាយជីវភាព និងបំណុលផ្សេងៗ គឺអ្នកស្រីចេះតែខិតខំ ប្រឹងប្រែងប្រកបមុខរបរនេះ បើទោះបីទទួលបានចំណូលតិច ឬច្រើនក្តី។ 
 
សម្រាប់អាជីវកម្មលក់សៀវភៅកំណែផ្សេងៗ និងសម្ភារសិក្សានៅក្បែរសាលារៀនជ័យថាវីរបស់លោក ហាក់ ធារិទ្ធវិញ ក៏រអ៊ូបាត់ភ្ញៀវដែលជាសិស្សសាលាមកទិញសៀវភៅដល់កន្លែងរបស់លោកផងដែរ។ លោក ហាក់ ធារិទ្ធ ដែលជាអ្នកគ្រប់គ្រងហាងសៀវភៅ និងសម្ភារសិក្សានានា បានកត់សម្គាល់ថា ការបាត់សិស្សមកទិញសៀវភៅកំណែ ឬឯកសារផ្សេងៗ គឺកើតឡើងតាំងពីសាលារៀនជ័យថាវីបិទទ្វារដោយសារវិបត្តិកូវីដ-១៩។  
 
លោក ហាក់ ធារិទ្ធ បានអះអាងថាតាំងពីសាលារៀនជ័យថាវីបិទទ្វារមក អាជីវកម្មសៀវភៅរបស់លោកក៏បង្វែរមកជាលក់សៀវភៅតាមអនឡាញវិញ។ លោក ធារិទ្ធវ័យ២៧ឆ្នាំរូបនេះបានកត់សម្គាល់ថា ខណៈការប្រឡងបាក់ឌុបជិតមកដល់នេះ ការបញ្ជាទិញសៀវភៅតាមអនឡាញគឺមានកំណើនឡើងខ្លាំងជាងមុន។
 
លោក ធារិទ្ធបានប្រាប់ដូច្នេះថា៖«ដោយសារយើងមកដល់ឆ្នាំ២០២១ គឺជាយុគសម័យបច្ចេកវិទ្យាទំនើបទៅហើយ ដូច្នេះហើយការទិញ និងការលក់ដូរអីហ្នឹង វាទៅតាមអនឡាញច្រើន។ បើទោះបីមិនមានអ្នកមកទិញសៀវភៅដល់កន្លែងផ្ទាល់ច្រើនដូចមុន ក៏កូនសិស្សគាត់ឈ្វេងយល់តាមបច្ចេកវិទ្យាដើម្បីស្រាវជ្រាវទិញសៀវភៅតាមអនឡាញ។ ជាក់ស្តែងបើមានភាពស្ងប់ស្ងាត់នៃការឆ្លងជំងឺកូវីដ-១៩ ថយគឺពួកគាត់នៅតែមកទិញដល់កន្លែងផ្ទាល់ ពីព្រោះពួកគាត់មានឱកាសច្រើនក្នុងការមើល និង ជ្រើសរើសសៀវភៅ»។ 
 
សល់ពេល៣ខែទៀត ការប្រឡងបាក់ឌុប និងឌីប្លូម នឹងឈានមកដល់។ ពេលវេលាសេសសល់នេះសិស្សានុសិស្សទី៩ និងទី១២ កំពុងស្វះស្វែងរៀនទាំងថ្ងៃ ទាំងយប់ដើម្បីត្រៀមប្រឡងនៅថ្ងៃខាងមុខ។ ការប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំនេះ គឺក្រសួងអប់រំ យុវជន និងកីឡាបានកំណត់កាលបរិច្ឆេទនៃការប្រឡងរបស់សាលារដ្ឋផ្សេង ហើយសាលាឯកជនផ្សេង។   


 
ក្រសួងអប់រំ បានកំណត់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ប្រឡងឌីប្លូម ហើយថ្ងៃទី២៥ ខែតុលា ឆ្នំា២០២១ ប្រឡងបាក់ឌុប សម្រាប់សាលារៀនឯកជន។  
 
ក្នុងករណីសាលាឯកជន ដែលពុំមានលទ្ធភាព រៀបចំការប្រឡងនៅទីតាំងគ្រឹះស្ថានសិក្សារបស់ខ្លួនក្នុងបរិបទកូវីដ-១៩ សិស្សសាលាឯកជន ត្រូវចូលប្រឡងជាមួយ នឹងសិស្សសាលារដ្ឋ។ កាលបរិច្ឆេទ ប្រឡងបាក់ឌុប សម្រាប់គ្រឹះស្ថានសិក្សារដ្ឋ គឺនៅថ្ងៃទី៨ធ្នូ ឆ្នាំ២០២១ ហើយការប្រឡងឌីប្លូម នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
 
សូមបញ្ជាក់ថា សាលារៀននៅកម្ពុជាបានផ្អាកដំណើរការចំនួន៣លើកមកហើយ ដោយលើកទី១ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ លើកទី២ នៅថ្ងៃទី៣០ ខែវិចិ្ឆកា និងលើកទី៣ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១៕  
 
 
 

Tag:
 សាលាជ័យថាវី
 រៀនគួរ
 សិស្ស
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com