កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកបេឡារុសម្នាក់ សុំសិទ្ធិជ្រកកោននៅអឺរ៉ុប ក្រោយមានជម្លោះជាមួយមន្ត្រីកីឡាខ្លួន
03, Aug 2021 , 8:29 am        
រូបភាព
កីឡាការិនីរត់ប្រណាំងបេឡារុស Krystsina Tsimanouskaya បដិសេធឡើងយន្តហោះត្រឡប់ពីក្រុងតូក្យូទៅផ្ទះវិញដោយការបង្ខំពីក្រុមកីឡាខ្លួន បន្ទាប់ពីនាងរិះគន់មន្ត្រីកីឡាបេឡារុសអំឡុងព្រឹត្តិការណ៍អូឡាពិកឆ្នាំ២០២០។ Tsimanouskaya ដែលមិនពេញនឹងការដឹកនាំប្រទេសរបស់ប្រធានាធិបតីបេឡារុសសព្វថ្ងៃ ក៏បានសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ និងអូទ្រីស។



អត្តពលិក Tsimanouskaya ត្រូវបានដកចេញពីក្រុម នាកីឡារដូវក្តៅ ក្រោយរិះគន់មន្ត្រីកីឡាបេឡរុស និងគ្រូបង្វឹកខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលទទួលបានព័ត៌មានពីអង្គការក្រៅរដ្ឋាភិបាលមួយដែលគាំទ្រអត្តពលិកមានជម្លោះជាមួយរដ្ឋាភិបាលបេឡារុស។
 
កីឡាការិនី វ័យ២៤ឆ្នាំរូបនេះបានជំទាស់ជាសាធារណៈចំពោះការដាក់នាងឱ្យចូលរួមក្នុងការប្រកួតរត់ចម្ងាយបណ្តាក់ ៤០០ ម៉ែត្រផ្នែកនារីនៅកីឡាអូឡាំពិកតូក្យូ ដ្បិតសហព័ន្ធអត្តពលកម្មបេឡារុសមិនបានជូនដំណឹងជាមុន។ Tsimanouskaya បន្ថែមថាខ្លួនមិនធ្លាប់ចូលរួមវិញ្ញាសានេះពីមុនមកទេ។
 
ក្រោយបដិសេធ Tsimanouskaya ដែលមានជំនាញលើវិញ្ញាសារត់ល្បើន១០០ម៉ែត្រ និងចម្ងាយ២០០ម៉ែត្រ បានប្រាប់ថា បុគ្គលិកគ្រូបង្វឹកបានមកបន្ទប់នាងនៅថ្ងៃទី១ ខែសីហាហើយប្រាប់នាងឱ្យរៀបចំឥវ៉ាន់។ បន្ទាប់មកនាងត្រូវបានតំណាងក្រុមកីឡាអូឡាំពិកបេឡារុសនាំទៅព្រលានយន្តហោះ Haneda ក្នុងក្រុងតូក្យូ ដើម្បីឱ្យនាងត្រឡប់ទៅផ្ទះវិញទាំងមិនទាន់ប្រកួតគ្រប់វិញ្ញាផង។


 
យ៉ាងណាក៏ដោយ នៅពេលទៅដល់ព្រលានយន្តហោះ Tsimanouskaya បានបដិសេធមិនឡើងយន្តហោះឡើយ ហើយថែមទាំងសុំប៉ូលិសជប៉ុននៅទីនោះ ឱ្យជួយការពារខ្លួថែមទៀត។ Tsimanouskaya ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈតេលេក្រាមថានាងនឹងមិនត្រឡប់ទៅបេឡារុស្សវិញទេ។
 
«ខ្ញុំស្ថិតនៅក្រោមសម្ពាធហើយពួកគេកំពុងព្យាយាមនាំខ្ញុំចេញពីជប៉ុន ដោយគ្មានការយល់ព្រមពីខ្ញុំ។ ខ្ញុំសុំឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជួយអន្តរាគមន៍ផង»។ នេះជាការអះអាងរបស់ Tsimanouskaya តាមរយៈការបង្ហាះវីដេអូរបស់ខ្លួននៅលើវេបសាយកីឡាសាមគ្គីបេឡារុស (BSSF) ដើម្បីសុំឱ្យ IOC ជួយនាង។
 
តាមរយៈ BSSF ដែលធ្វើការលើការគាំទ្រអត្តពលិកដែលជាប់គុក ឬមានបញ្ហាជាមួយអ្នកនយោបាយ កីឡាការិនី Tsimanouskaya ដែលរិះគន់របៀបដឹកនាំរបស់ប្រធានាធិបតីបេឡារុស Alexander Lukashenko មានគម្រោងស្នើសុំសិទ្ធិជ្រកកោននៅប្រទេសអាល្លឺម៉ង់ ឬអូទ្រីសនៅថ្ងៃទី២ ខែសីហានេះ។ លោក Viktor Lukashenko ដែលជាកូនប្រុសលោកប្រធានាធិបតី Lukashenko ជាប្រធានគណៈកម្មាធិការអូឡាំពិកបេឡារុសស្រាប់៕
 

Tag:
 Krystsina Tsimanouskaya
© រក្សាសិទ្ធិដោយ thmeythmey.com