អន្តរជាតិ
ឥណ្ឌូណេស៊ី ជំរុញឱ្យមីយ៉ាន់ម៉ាយល់ព្រមលើការតែងតាំងប្រេសិតពិសេសអាស៊ាន
03, Aug 2021 , 9:34 am        
រូបភាព
ឥណ្ឌូណេស៊ី នៅថ្ងៃទី២ ខែសីហា បានទទូចឱ្យមីយ៉ាន់ម៉ា ឯកភាពលើការតែងតាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ ការជំរុញពីសំណាក់ឥណ្ឌូណេស៊ីបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសមាជិកអាស៊ានមួយនេះ មើលឃើញថា ការអនុវត្តគោលការណ៍ចំនួន ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសាកន្លងទៅ មានដំណើរការយឺត។

 
ស្របពេលខួប ៦ខែនៃរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបើកកិច្ចប្រជុំប្រចាំរបស់ខ្លួនដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា បញ្ហាជំងឺកូវីដ-១៩ និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនេះ ក៏ដើម្បីជជែកពីប្រេសិតពិសេស ដែលត្រូវទទួលបន្ទុកដោះស្រាយបញ្ហាហិង្សានៅមីយ៉ាន់ម៉ា និងជួយសម្រួលភាគីពាក់ព័ន្ធឱ្យចូលតុចរចា។ 
 
ថ្លែងប្រាប់សារព័ត៌មានតាមប្រព័ន្ធវីដេអូបន្ទាប់ពីកិច្ចប្រជុំ លោកស្រី Retno Marsudi ប្រមុខការទូតឥណ្ឌូណេស៊ី បានលើកឡើងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន មិនមានដំណើរការធំដុំឡើយ ក្នុងការអនុវត្តផែនការចំនួន ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសា កន្លងទៅ។
 
ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានព្រមានថា ការពន្យារពេលអនុវត្តផែនការទាំង៥ចំណុច នឹងនាំរឿងមិនល្អដល់អាស៊ាន ហើយប្រសិនជានៅអសកម្មបែបនេះ មេដឹកនាំអាស៊ាន នឹងសម្រេចពីនីតិវិធីបន្ទាប់។ បើតាមលោកស្រី Marsudi អាស៊ាន គួរតែចាត់វិធានការដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
 
ស្របគ្នានេះ ប្រមុខការទូតឥណ្ឌូណេស៊ី បានជំរុញឱ្យមីយ៉ាន់ម៉ា ឯកភាពតែងតាំងអ្នកតំណាងអាស៊ានផងដែរ។ «ឥណ្ឌូណេស៊ី សង្ឃឹមថាមីយ៉ាន់ម៉ា នឹងឯកភាព​តាមសំណើអាស៊ាន ក្នុងការតែងតាំងប្រេសិតពិសេស»។ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រេសិតអាស៊ាន ត្រូវតែមានសេរីភាពធ្វើដំណើរនៅមីយ៉ាន់ម៉ា និងអាចជួបជាមួយភាគីផ្សេងទៀតនៅមីយ៉ាន់ម៉ា។ 
 
យ៉ាងណាមិញ ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើនរណានឹងត្រូវធ្វើជាប្រេសិតរបស់អាស៊ាន។ តាមប្រភពមន្រ្តីទូតថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក Erywan Yusof រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេ អាចទទួលតំណែងជាប្រេសិតអាស៊ាន ។ 
 
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ក្នុងថ្ងៃទី១ ខែសីហា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ចង់ឱ្យអតីតអនុរដ្ឋមន្រ្តីការបរទេសថៃ លោក Virasakdi Futrakul ធ្វើជាប្រេសិតអាស៊ានជាង។ ក្នុងសុន្ទកថានោះ លោកមីន អ៊ុងឡាំង បានលើកឡើងថា មីយ៉ាន់ម៉ា បានត្រឹមខ្លួនជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមទាំងកិច្ចពិភាក្សាជាមួយប្រេសិតពិសេសអាស៊ានផងដែរ។ 
 
មិនតែប៉ុណ្ណោះ ប្រមុខយោធាមីយ៉ាន់ម៉ា ក៏បានបន្ថែមផងដែរថា ស្ថានភាពអាសន្ននៅមីយ៉ាន់ម៉ា នឹងត្រូវបញ្ជប់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ហើយមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតបែបពហុបក្សឱ្យបានត្រឹមត្រូវ។ លោកមីន អ៊ុងឡាំង ក៏បានប្រកាសធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នផងដែរ។ បន្ទាប់ពីរដ្ឋប្រហារនៅខែកុម្ភៈ របបសឹកបានសន្យាដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ត្រឹមរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។ 
 
បន្ទាប់ពីការប្រកាសបែបនោះ រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា បានរិះគន់យ៉ាងខ្លាំង និងហៅ រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកមីន អ៊ុងឡាំងថា មិនកើតចេញពីការបោះឆ្នោតរបស់ប្រជាជន។
 
ក្នុងខែឧសភាកន្លងទៅ របបសឹក បានបដិសេធ មិនទទួលប្រេសិតពិសេសអាស៊ានឡើយ ទាល់តែមីយ៉ាន់ម៉ា មានស្ថិរភាពក្នុងប្រទេស។ ក្នុងរយៈពេល៦ ខែបន្ទាប់ពីរដ្ឋប្រហារ មីយ៉ាន់ម៉ា មានបញ្ហាជាច្រើនត្រូវដោះស្រាយ ខណៈពេលជំងឺកូវីដ-១៩ កំពុងអុកឡុកនៅក្នុងប្រទេស។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់មីយ៉ាន់ម៉ា៕
 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com