កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីចិនពីររូប​ អាចរងពិន័យ ក្រោយពាក់ស្លាករូបលោកម៉ៅ សេទុង លើវេទិកាបំពាក់មេដាយ
03, Aug 2021 , 11:01 am        
រូបភាព
កីឡាការិនីចិន Bao Shanju និង Zhong Tianshi ដែលឈ្នះមេដាយមាសកីឡាជិះកង់នៅអូឡាំពិកក្រុងតូក្យូ បានពាក់ស្លាកបង្ហាញពីអតីតមេដឹកនាំចិន ម៉ៅ សេទុង ក្នុងពិធីបំពាក់មេដាយនៅថ្ងៃទី២ ខែសីហា។ ការបង្ហាញឧបករណ៍នយោបាយក្នុងកីឡា ជាទង្វើបំពានច្បាប់អូឡាំពិក​ ខណៈគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងស៊ើបអង្កេតដើម្បីដាក់ពិន័យ។



នៅប្រទេសចិន បានក្លាយជារឿងធម្មតាទៅហើយដែលជនជាតិចិនមួយចំនួនពាក់ស្លាកសញ្ញាដែលមានរូបអ្នកនយោបាយដើម្បីបង្ហាញពីការគោរពស្រឡាញ់។ ប៉ុន្តែទង្វើនេះជាការរំលោភបំពានលើមាត្រា ៥០ នៃធម្មនុញ្ញអូឡាំពិក។ 
 
ជាការបំពានច្បាប់អូឡាំពិក​ ព្រោះអត្តពលិកស្រ្តីចិន Shanju និងដៃគូ Tianshi ពាក់ស្លាកនយោបាយលើសម្លៀកបំពាក់អំឡុងពេលទទួលមេដាយមាសអូឡាំពិករដូវក្តៅឆ្នាំ២០២០ ដែលពួកគេបានឈ្នះពីកីឡាប្រណាំងកង់ក្នុងសាលវិញ្ញាសាគូ។
 
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីខែមុនបានបន្ធូរបន្ថយមាត្រា ៥០ នេះមួយចំនួនដើម្បីអនុញ្ញាតឱ្យមានកាយវិការដូចជាការលុតជង្គង់នៅលើទីលានដែលផ្តល់ឱ្យអត្តពលិកធ្វើដូច្នេះដោយគ្មានការរំខាននិងដោយការគោរពចំពោះដៃគូប្រកួតប្រជែង។
 
ទោះយ៉ាងណា ការបង្ហាញសារ ឬឧបករណ៍ពាក់ព័ន្ធនយោបាយនៅលើវេទិកាកីឡានៅតែត្រូវបានហាមឃាត់។ ជុំវិញករណីរបស់កីឡាការិនីចិន Shanju និង Tianshi ដែលពាក់ស្លាករូបប្រធានម៉ៅនៅលើអាវ ត្រូវបាន IOC ទាក់ទងជាមួយក្រុមការងារកីឡាចិនដើម្បីសុំការពន្យល់បន្ថែម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ស្របពេល IOC នៅថ្ងៃទី២ ខែសីហា បានបើកការស៊ើបអង្កេតលើឥរិយាបថរបស់កីឡាការិនីចិនទាំងពីរជុំវិញការបង្ហាញកាយវិការនយោបាននៅក្នុងកីឡា ស្ថានប័នគ្រប់គ្រងអូឡាំពិកពិភពលោកមួយនេះ ក៏កំពុងស៊ើបអង្កេតលើអត្តពលិកអាមេរិក Raven Saunders បន្ទាប់ពីនាងធ្វើដៃជាអក្ស X នៅពេលទទួលមេដាយប្រាក់កីឡាចោលដុំដែកដែរ។
លើកដៃជាអក្សរ X នៅពីលើក្បាលនេះ ត្រូវបាន Saunders បញ្ជាក់ថាជាការបង្ហាញការគាំទ្រដល់អ្នកដែលត្រូវបានគេជិះជាន់។
 
គណៈកម្មាធិការអូឡាំពិកអាមេរិក (USOPC) ក៏អះអាងថាកាយវិការរបស់ Saunders មិនរំលោភលើច្បាប់របស់ខ្លួនឡើយព្រោះនេះ ជាការបញ្ចេញមតិដោយសន្តិវិធីជុំវិញការគាំទ្រយុត្តិធម៌ជាតិសាសន៍ និងសង្គម ខណៈនាងនៅតែគោរពគូប្រជែងរបស់នាង៕
 

Tag:
 ម៉ៅ សេទុង
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com