អន្តរជាតិ
អាមេរិកច្រានចោលផែនការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា និងទទូចឱ្យអាស៊ានដាក់សម្ពាធបន្ថែម
03, Aug 2021 , 11:48 am        
រូបភាព
អាមេរិក នៅថ្ងៃទី២​​ ខែសីហា ច្រានចោលផែនការរៀបចំការបោះឆ្នោតដែលប្រកាសដោយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា និងចាត់ទុកជាការអូសបន្លាយពេលវេលាដើម្បីក្ដោបក្ដាប់អំណាច។ អាមេរិកក៏ស្នើឱ្យអាស៊ានដាក់សម្ពាធកាន់តែខ្លាំងថែមទៀតលើរបបសឹកមីយ៉ាន់ម៉ាផងដែរ។ ជាមួយគ្នានេះ ប្រមុខ ការទូតអាមេរិក ក៏នឹងលើកទឹកចិត្តឱ្យអាស៊ានបញ្ជូនប្រេសិតទៅកាន់មីយ៉ាន់ម៉ាឱ្យបានរហ័សដើម្បី ដោះស្រាយវិបត្តិនេះ។

 
នៅថ្ងៃទី១ ខែសីហា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង បានសន្យាជាថ្មីម្ដងទៀតថា ​ខ្លួននឹង រៀបចំការបោះឆ្នោតមួយបន្ទាប់ពីដកប្រទេសចេញពីភាពអាសន្ននៅខែសីហា ឆ្នាំ២០២៣។ រយៈពេល នេះយូរជាងអ្វី ដែលមេដឹកនាំមីយ៉ាន់ម៉ាបានសន្យាកន្លងមកដែលដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេល១ឆ្នាំតែប៉ុណ្ណោះ។ អាមេរិក មិនពេញចិត្តនឹងផែនការនេះឡើយ។
 
«នេះជាការទទូចឱ្យអាស៊ានបង្កើនកិច្ចខិតខំរបស់ខ្លួន ព្រោះច្បាស់ណាស់ថា របបយោធាមីយ៉ាន់ម៉ា កំពុងធ្វើឱ្យស្ថានភាពនយោបាយជាប់គាំងរយៈពេលយូរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន»។ មន្ត្រីអាមេរិកម្នាក់ លើកឡើងក្នុងសេចក្តីប្រកាសមួយ មុនបន្តថា អាស៊ានត្រូវតែចូលរួមក្នុងការដោះស្រាយវិបត្តិនៅ មីយ៉ាន់ម៉ា និងសម្រេចឱ្យបានផែនការ៥ចំណុចរបស់ខ្លួន ពីព្រោះរបបយោធាមីយ៉ាន់ម៉ាបានចុះ ហត្ថលេខាយល់ព្រមគោរពតាមផែនការទាំងនោះជាមួយសមាជិកអាស៊ាន។
 
យ៉ាងណាមិញចាប់តាំងពីអាស៊ានដាក់ចេញផែនការ៥ចំណុចនាកិច្ចប្រជុំខែមេសាមក មេដឹកនាំរបប យោធាមីយ៉ាន់ម៉ាមិនបានគោរពតាមផែនការទាំងនោះឡើយ។ ផែនការតែងតាំងប្រេសិតពិសេសមិនបានសម្រេច រីឯជម្លោះអំពើហិង្សាពីរបបយោធានៅតែបន្តមានដែលធ្វើឱ្យមនុស្សជាង៩០០នាក់ ស្លាប់ក្នុងរយៈពេល៦ខែមកនេះ។
 
ជាមួយគ្នា ប្រមុខការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន នឹងជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រី ការបរទេសប្រទេសសមាជិកអាស៊ាននាជំនួបប្រចាំឆ្នាំដែលចាប់ពីថ្ងៃ ទី២ រហូតដល់ថ្ងៃទី៦ ខែសីហា តាមរយៈប្រព័ន្ធអនឡាញ។ វិបត្តិនៅមីយ៉ាន់ម៉ាជាប្រធានបទពិភាក្សាមួយផងដែរ៕
 

Tag:
 អាមេរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com