ជាតិ
សេដ្ឋកិច្ច
កសិករជាច្រើនគ្រួសារនៅខេត្តស្វាយរៀង មិនព្រមយកសំណងដីធ្លីពីអាជ្ញាធរឡើយ
03, Aug 2021 , 2:29 pm        
រូបភាព
 កសិករក្នុងស្រុកស្វាយជ្រុំ នាំគ្នាតវ៉ាមិនព្រមទទួលយកសំណងតម្លៃដីត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ ពីអាជ្ញាធរ កាលពីរសៀលថ្ងៃទី២សីហា។ រូបថត៖ លោកស្រី យស់ សោភ័ណ្ឌ
កសិករក្នុងស្រុកស្វាយជ្រុំ នាំគ្នាតវ៉ាមិនព្រមទទួលយកសំណងតម្លៃដីត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ ពីអាជ្ញាធរ កាលពីរសៀលថ្ងៃទី២សីហា។ រូបថត៖ លោកស្រី យស់ សោភ័ណ្ឌ
ភ្នំពេញ៖ ប្រជាកសិករចំនួន១២០គ្រួសារ  ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បាននាំគ្នាតវ៉ាមិនព្រមទទួលយកសំណងតម្លៃដីត្រឹម៩០០រៀលក្នុងមួយម៉ែត្រការរ៉េ ពីអាជ្ញាធរ។ ប្រជាកសិករទាំងនោះ សុំសំណងតម្លៃដី១២,០០០រៀល ឬស្មើ៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ដើម្បីបញ្ចប់បញ្ហាដីធ្លី។


«សូមសម្តេច ជួយពិចារណាដីតម្លៃ២កាក់ ៤សេន [៩០០រៀល] សមអត់។ ឯណាទៅពាក្យថាសំណងសមរម្យ», «បើមានការអភិវឌ្ឍ ត្រូវតែមានសំណងសមរម្យ» និង«សូមសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ដល់មន្ត្រីថ្នាក់ក្រោមជាតិរឿង បញ្ហាដីធ្លី នៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយវៀង» [...]។ ទាំងនេះ ជាសារដែលតំណាងប្រជាកសិករ១២០គ្រួសារ បានលើកបដាតវ៉ានៅលើវាលស្រែរបស់ពួកគេ ចំពោះទង្វើរអាជ្ញាធរ។ 

លោកស្រី យស់ សោភ័ណ្ឌ ជាអ្នកតំណាងឱ្យកសិករទាំងនោះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី៣ សីហាថា ដីធ្លីកសិករទាំងនេះ គឺមានទំនាស់ជាមួយខាងក្រសួងធនធានទឹក និងឧតុនិយម ដោយក្រសួងបានចរចាឱ្យសំណងកសិករ ដើម្បីយកដីពីពួកគេ ធ្វើអាងស្តុកទឹក ដែលឈ្មោះថាទន្លេវ៉ៃគោទី២។ បើតាមលោកស្រី សោភ័ណ្ឌ សំណងដែលអាជ្ញាធរ សម្របសម្រួលឱ្យប្រជាពលរដ្ឋជាង១០០គ្រួសារនោះ គឺគ្មានភាពសមរម្យឡើយ ហើយថែមទាំងបង្ខំឱ្យពួកគេព្រមទទួលយកសំណងនោះទៀត។ 
 
«អាជ្ញាធរចុះមក ឱ្យប្រជាពលរដ្ឋព្រមផ្តិតមេដៃយកសំណងតម្លៃដៃចំនួន៩០០រៀល ក្នុងមួយម៉ែត្រការ៉េ។ អ៊ីចឹងហើយ បានពលរដ្ឋអត់ព្រមទទួលមកសំណងក្នុងតម្លៃហ្នឹង ទើបនាំគ្នាតវ៉ា»។ នេះបើតាមលោកស្រី យស់ សោភ័ណ្ឌ បានបន្ថែមដូច្នេះ៖«ប្រជាកសិករ ពួកគាត់សុំសំណងតម្លៃដីពីអាជ្ញាធរចំនួន៣ដុល្លារ[១២,០០០រៀល] ក្នុងមួយម៉ែត្រការ៉េ»។ 


 
បើតាមលោកស្រី យស់ សោភ័ណ្ឌ  ផ្ទៃដីស្រែរបស់កសិករដែលក្រសួងធនធានទឹក គ្រោងយកធ្វើអាងស្តុកទឹកនោះ គឺមានទំហំ៩៩,៥ហិកតា ហើយបញ្ហាទំនាស់ដីរវាងភាគីទាំងពីរនេះ បានកើតឡើងតាំងពីឆ្នាំ២០០៨មកម្លេះ។
 
ពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើនេះ សារព័ត៌មានThmeyThmey ពុំអាចសុំការបកស្រាយពី លោក គឹម  សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយវៀង  និង លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឡើយ ដោយមិនមានអ្នកទទួលទូរសព្ទ។ 
 
ដោយឡែកមន្ត្រីស្រុកស្វាយជ្រុំម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា មកដល់នេះអាជ្ញាធរ មិនទាន់មានដំណោះស្រាយអ្វីជូនដល់កសិករទាំងនោះ ក្រៅពីសំណង៩០០រៀលក្នុងមួយម៉ែត្រការ៉េឡើយ ។ មន្ត្រីរូបនោះ បាននិយាយដូច្នេះ៖« ពាក់ព័ន្ធនឹងសំណងតម្លៃដីចំនួន៩០០រៀលក្នុងម៉ែត្រការ៉េពីរដ្ឋាភិបាល ដែលកសិករតវ៉ាមិនព្រមទទួលយកនោះ បច្ចុប្បន្ន ខាងអាជ្ញាធរស្រុកយើងមិនទាន់មានលទ្ធភាពដោះស្រាយអ្វីឡើយ។ ខាងអាជ្ញាធរស្រុក យើងបានស្នើឱ្យកសិករទាំងនោះ ដាក់លិខិតទៅអាជ្ញាធរខេត្តឱ្យបានត្រឹមត្រូវ ដើម្បីដោះស្រាយតាមនិតីវិធីច្បាប់»។  
 


ទាក់ទងករណីដីធ្លីនេះ លោក ហែម សារិទ្ធ  អភិបាលស្រុកស្វាយជ្រុំ បានអះអាងថា កសិករជាង៩០ភាគរយហើយ បានយល់ព្រមទទួលយកសំណងដីក្នុងតម្លៃ៩០០រៀលក្នុងមួយម៉ែត្រការ៉េនេះ លើកលែងតែកសិករមួយចំនួនតូចប៉ុណ្ណោះ។  បើតាមលោក សារិទ្ធ ការផ្តល់សំណងដីនេះ   គឺជាយោគយល់ពីសំណាក់រដ្ឋាភិបាលហើយ ព្រោះដីស្រែដែលកសិករដាំដុះដំណាំកន្លងមកនេះ ជាដីអាស្រ័យផល មិនមែនជាដីកម្មសិទ្ធបុគ្គល ឬដីរបស់កសិករណាម្នាក់ឡើយ។
 
លោកបានបន្តនិយាយដូច្នេះ៖«ដោយឡែក កសិករមួយចំនួនដែលមិនព្រមផ្តិតមេដៃ ទទួលយកប្រាក់សំណងនោះ  ដោយទាមទារសំណង១២,០០០រៀលក្នុងមួយម៉ែត្រការ៉េ គឺយើងមិនអាចធ្វើតាមទាមទាររបស់ពួកគាត់បានឡើយ ខណៈមានកសិករលើសជាង៩៥ភាគរយ បានទទួលយកប្រាក់សំណងដីតម្លៃ៩០០រៀលក្នុងមួយការ៉េអស់ទៅហើយ»។
 
សារព័ត៌មានThmeyThmey មិនអាចសុំការបកស្រាយបន្ថែមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជុំវិញបញ្ហាដីធ្លីកសិករនេះឡើយ។ 
 
ដ្បិតថា ដីស្រែទាំងនោះ ជាដីអាស្រ័យផលក៏ពិតមែន  ប៉ុន្តែប្រជាពលរដ្ឋរស់នៅតំបន់នេះ គឺបានកាន់កាប់តាំងពីកេរ្តិ៍ដូនតាមកជាច្រើនជំនាន់មកម្លេះ ដូច្នេះបើរដ្ឋាភិបាលត្រូវយកដីពលរដ្ឋធ្វើជាតំបន់អភិវឌ្ឍនោះ រដ្ឋក៏ត្រូវដោះស្រាយនូវតម្លៃដី ឱ្យបានសមរម្យជូនដល់ប្រជាពលរដ្ឋដែរ។ នេះជាការលើកឡើងលោក ថេង សាវឿន។
 
ប្រធានសមាគមសហព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បាននិយាយប្រាប់សារព័ត៌មានThmeyThmeyថា៖«ប្រជាពលរដ្ឋដែលមកតវ៉ានេះ ភាគច្រើន គឺមានតែដីសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រែចម្ការ។ អ៊ីចឹង! បើសិនជារដ្ឋឱ្យសំណងថ្លៃដីត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េដល់កសិករ តើកសិករអាចយកលុយដែលបានពីសំណងហ្នឹង ទៅទិញដីក្នុងទំហំដដែលវិញ ដើម្បីធ្វើស្រែចម្ការបានអត់»?
 
ប្រធានសមាគមសហព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បានទាមទារឱ្យការអភិវឌ្ឍរបស់រដ្ឋាភិបាល ផ្តល់ឱ្យប្រយោជន៍ និងលើកកម្ពស់ដល់កសិករ ពោលគឺរដ្ឋត្រូវព្យាយាមដោះស្រាយឱ្យអស់ពីលទ្ធភាព ដើម្បីរកចំណុចកណ្តាលសម្រាប់ភាគីកសិករ និងអាជ្ញាធរ។ «ខ្ញុំជឿជាក់ថា បើមើលទៅតាមស្ថានភាពរបស់ពលរដ្ឋជាក់ស្តែង គឺប្រជាពលរដ្ឋអាចសម្បទាននូវតម្លៃដីក្នុងចំណុចណាមួយ ហើយអាជ្ញាធរអាចដំឡើងនៅចំណុចកណ្តាលណាមួយនោះ កសិករនឹងអាចទទួលយកនូវដំណោះស្រាយណាមួយពីអាជ្ញាធរ»។ នេះបើតាមលោក ថេង សាវឿន៕
 


 
 

Tag:
 កសិកម្ម
  ដី
© រក្សាសិទ្ធិដោយ thmeythmey.com