អន្តរជាតិ
ចិនធ្វើតេស្តប្រជាជនក្រុងវូហានទាំងអស់ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីក្រោយស្ងាត់ជាង១ឆ្នាំ
03, Aug 2021 , 2:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អាជ្ញាធរក្រុងវូហាន ប្រទេសចិន នៅថ្ងៃទី៣ ខែសីហា ប្រកាសថា នឹងធ្វើតេស្តរកជំងឺកូវីដ-១៩ លើ ប្រជាជនទាំងអស់ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗជាលើកដំបូងក្នុងពេលជាង១ឆ្នាំ។ ទីក្រុងវូហាន ដែលជាទីកន្លែងរកឃើញជំងឺកូវីដ-១៩ មុនគេនៅចុងឆ្នាំ២០១៩ កំពុងប្រឈមមុខការឆ្លងក្នុង សហគមន៍ជាថ្មីម្តងទៀត ដោយលើកនេះជាវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងទម្រង់ដែលតាដែលមានសមត្ថភាពចម្លងរហ័សជាងមុន។

 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែសីហា មន្រ្តីជាន់ខ្ពស់ទីក្រុងវូហាន លោក Li Tao និយាយថា
ប្រជាជនជាង១១លាននាក់ក្នុងទីក្រុង នឹងត្រូវធ្វើតេស្តយកសំណាកទាំងអស់។ ការធ្វើតេស្តទ្រង់ទ្រាយធំដែលជាយុទ្ធសាស្រ្តទប់ស្កាត់ការរាលដាលនេះ ធ្វើឡើងក្រោយរកឃើញករណីឆ្លងក្នុងសហគមន៍ ចំនួន៧ករណីក្នុងចំណោមអ្នកចំណាកស្រុក។​ 
 
ការរកឃើញនេះ បានបំបែកកំណត់ត្រារយៈពេលជាង១ឆ្នាំដែលវូហានគ្មានករណីឆ្លងក្នុងសហគមន៍។ ក្នុងប៉ុន្មានថ្ងៃនេះដែរ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការរឹតត្បិតឱ្យប្រជាជននៃទីក្រុងដែលកំពុង រងការរីករាលដាល ឱ្យនៅតែក្នុងផ្ទះ កាត់បន្ថយការធ្វើដំណើរដឹកជញ្ជូនក្នុងស្រុក និងបើការការធ្វើតេស្ត ទ្រង់ទ្រាយធំ។
 
នៅថ្ងៃទី៣ ខែសីហា ចិនរាយការណ៍ករណីឆ្លងក្នុងស្រុកថ្មីចំនួន៦១ករណីនៅទូទាំងប្រទេស។ រលកផ្ទុះ ឡើងថ្មី បានផ្ទុះចេញពីក្រុមអ្នកសម្អាតនៅអាកាសយានដ្ឋានណានជីង​​ចំនួន៩នាក់ដែលធ្វើតេស្តមានវីរុសទម្រង់ដែលតាកាលពីថ្ងៃទី២០ ខែកក្កដា។ រលកថ្មីនេះ បានឆ្លងរាលដាលទៅកាន់ទីក្រុងចំនួន ២០ទៅហើយ។
 
ចំណែកឯទីក្រុងធំៗដូចជាទីក្រុងប៉េកាំង បច្ចុប្បន្នក៏ចាប់ផ្ដើមធ្វើតេស្តប្រជាជនរាប់លាននាក់ អនុវត្ត វិធានការបិទខ្ទប់តឹងរ៉ឹងតាមលំនៅដ្ឋានប្រជាជន និងរៀបចំការធ្វើចត្តាឡីស័កឡើងវិញផងដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com