COVID-19
អន្តរជាតិ
សិង្ហបុរី៖ អ្នកចាក់វ៉ាក់សាំងប្រភេទ mRNA ហើយប្រតិកម្ម អាចចាក់វ៉ាក់សាំង Sinovac នៅដូសទីពីរ
03, Aug 2021 , 7:29 pm        
រូបភាព
បុគ្គលិកសុខាភិបាលកំពុងបូមវ៉ាក់សាំង Sinovac ចេញពីដប។រូបថត Xinhua
បុគ្គលិកសុខាភិបាលកំពុងបូមវ៉ាក់សាំង Sinovac ចេញពីដប។រូបថត Xinhua
ដោយ៖ ងួន សុភាវត្តី

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលសិង្ហបុរី លោក Janil Puthucheary បានថ្លែងនៅក្នុងរដ្ឋសភា ក្នុងថ្ងៃទី២ ខែកក្កដា ថា ប្រជាជនដែលមានប្រតិកម្មជាមួយវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យានាំសារ mRNA នៅដូសទី១ អាចទទួលវ៉ាក់សាំងក្រុមហ៊ុន Sinovac នៅដូសទីពីរ។ បើទោះចាក់វ៉ាក់សាំងពីរខុសគ្នាមែន មន្រ្តីរូបនេះអះអាងថា ពួកគេនៅតែត្រូវបានបញ្ចូលជាអ្នកទទួលបានវ៉ាក់សាំងពេញលេញដដែល។

 
ឆ្លើយទៅនឹងសំណួររបស់សមាជិកសភាលោក Gerald Giam ដែលបានសួរទាក់ទិននឹងបុគ្គលដែលមានប្រតិកម្មជាមួយវ៉ាក់សាំងកូវីដ-១៩ នៅដូសទី១ ថាតើអាចទទួលវ៉ាក់សាំងពេញលេញបែបណា លោក Janil Puthucheary រដ្ឋលេខាធិការក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ថា បុគ្គលដែលមានប្រតិកម្មជាមួយវ៉ាក់សាំងប្រភេទ mRNA នៅដូសទីមួយ នឹងទទួលវ៉ាក់សាំងនៅដូសទីពីររបស់ក្រុមហ៊ុន Sinovac នៅគ្លីនិកក្នុងមន្ទីរពេទ្យរដ្ឋ ដើម្បីតាមដានឱ្យបានដិតដល់។ 
 
បើតាមមន្ត្រីសុខាភិបាលសិង្ហបុរីរូបនេះ ប្រជាជនដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងលក្ខណៈបែបនោះ ក៏ត្រូវចាត់ទុកថាបានទទួលវ៉ាក់សាំងការពារពេញលេញដែរ។
 
វ៉ាក់សាំងក្រុមហ៊ុនPfizer និងក្រុងហ៊ុន Moderna ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់សិង្ហបុរី បានបច្ចេកវិទ្យានាំសារ mRNA។ បច្ចេកវិទ្យា mRNA ធ្វើឱ្យកោសិកាបង្កើតប្រូតេអ៊ីន និងបង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្ស ដើម្បីឆ្លើយតនឹងជំងឺកូវីដ-១៩។ ខុសពីវ៉ាក់សាំងប្រភេទ mRNA វ៉ាក់សាំងក្រុមហ៊ុន Sinovac បានប្រើភាគល្អិតនៃកូរ៉ូណាវីរុសមិនសកម្ម ដើម្បីបង្កើតអង្គបដិប្រាណនៅក្នុងរាងកាយមនុស្ស។ វ៉ាក់សាំងក្រុមហ៊ុន Sinovac បច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅសិង្ហបុរី ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌពិសេស។
 
ជាមួយគ្នានេះ ប្រជាជនដែលមានប្រតិកម្មជាមួយវ៉ាក់សាំងប្រភេទ mRNA នៅដូសទី១ ក៏អាចរង់ចាំទទួលវ៉ាក់សាំងក្រុមហ៊ុន Novavax នៅដូសទីពីរ ដែលនឹងមកដល់សិង្ហបុរីនៅឆ្នាំក្រោយផងដែរ។ លោកវេជ្ជបណ្ឌិត Puthucheary បានបកស្រាយបែបនេះ ទៅកាន់សំណួរមួយទៀតរបស់លោក Giam ចំពោះនីតិវិធីអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន Novavax ។
 
មន្រ្តីរូបនេះបានបន្តថា ក្រសួងសុខាភិបាល និងអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Novavax ដើម្បីជួយសម្រួលលើការដាក់ឯកសារពាក់ព័ន្ធវ៉ាក់សាំង ក្នុងការអនុម័តឱ្យប្រើប្រាស់។ 
 
នៅខែមករា កន្លងទៅ អាជ្ញាធរសិង្ហបុរីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Novavax ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមិនបានប្រើប្រាស់បច្ចេកវិទ្យានាំសារ mRNA និងបានបង្ហាញប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។ 
 
មកទល់ពេលនេះ សិង្ហបុរី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៧,៥៨លានដូសហើយ ដល់ប្រជាជនខ្លួន ដោយមនុស្សចំនួន ៣,៣៩លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 សិង្ហបុរី
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com