ជាតិ
ឡដុតសំរាមសំណល់រឹង ៥០គ្រឿង ត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីគ្រប់គ្រងបរិស្ថាន
03, Aug 2021 , 7:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបន្តគាំទ្រកម្មវិធីគ្រប់គ្រងសំរាមសំណល់រឹង ដោយដាក់បំពាក់ឡដុតសំរាមរឹងចំនួន ៥០គ្រឿង នៅក្នុង២១រាជធានី-ខេត្ត និង៤៩ស្រុក។ ការបំពាក់ឡនៅតាមទីប្រជុំជននេះ ដើម្បីគ្រប់គ្រងការដឹកជញ្ជូន ការចាក់សំរាមតាមបច្ចេកទេស និងយុទ្ធសាស្រ្តផ្សេងតាមខ្នាត នៃការគ្រប់គ្រងសំរាមសំណល់រឹងប្រកបដោយជំនាញ។



បើតាមក្រសួងបរិស្ថាន ឡដុតសំរាមសំណល់រឹងចំនួន ៥០គ្រឿងនេះ ជាវិធានការបន្ទាន់ចំពោះមុខ សម្រាប់គ្រប់គ្រងសំរាមសំណល់រឹង។ ក្រសួងបរិស្ថាន បន្តថា សម្រាប់ការគ្រប់គ្រងសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងសំរាមត្រឹមត្រូវ និងមធ្យោបាយដឹក រួមទាំងទីលានចាក់សំរាមបច្ចេកទេសជាវិធានការយុទ្ធសាស្រ្តនយោបាយ។


រូបភាពដោយក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន បានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម។ ជាមួយគ្នានេះ ក្រសួង ក៏បានពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាព ដោយគាំទ្រតាមរយៈការបំពាក់សម្ភារ និងបណ្តុះបណ្តាលជំនាញ សំដៅផ្តល់លទ្ធភាពធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានផ្ទាល់។
 
តាមរយៈគម្រោងនៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជន មានខេត្តចំនួន៤បានទទួលជោគជ័យក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ក្នុងនោះរួមមាន ស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប, ក្រុងព្រៃវែង ស្រុកស្វាយអន្ទរក្នុងខេត្តព្រៃវែង និងស្រុកអូររាំងឪ ក្នុងខេត្តត្បូងឃ្មុំ។ នេះបើតាមក្រសួងបរិស្ថាន។
 
ទន្ទឹមនឹងនេះ មានខេត្តចំនួនបីទៀត កំពុងឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខរួមមាន ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ, ស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ, ស្រុកស្នួល ក្នុងខេត្តក្រចេះ និងស្រុកពេជ្រាដា ក្នុងខេត្តមណ្ឌលគីរី៕


រូបភាពដោយក្រសួងបរិស្ថាន
 

រូបភាពដោយក្រសួងបរិស្ថាន


Tag:
 ក្រសួងបរិស្ថាន
  សំណល់រឹង
  ឡដុត
© រក្សាសិទ្ធិដោយ thmeythmey.com