អន្តរជាតិ
កាណាដា៖ អ្នកដំណើរ២នាក់រងពិន័យម្នាក់១៦០០០ដុល្លារព្រោះបន្លំឯកសារចាក់វ៉ាក់សាំងនិងលទ្ធផលកូវីដ-១៩
03, Aug 2021 , 8:29 pm        
រូបភាព
អ្នកដំណើរអង្គុយរង់ចាំនៅអាកាសយានដ្ឋានទីក្រុង Toronto ។ រូបថត AFP
អ្នកដំណើរអង្គុយរង់ចាំនៅអាកាសយានដ្ឋានទីក្រុង Toronto ។ រូបថត AFP
ដោយ៖ ងួន សុភាវត្តី 

កាណាដា បានពិន័យជាលុយលើអ្នកដំណើរ២រូបដែលមកពីអាមេរិក ក្រោយរកឃើញថា បានក្លែងបន្លំឯកសារធ្វើតេស្តកូវីដ-១៩ និងលិខិតចាក់វ៉ាក់សាំង។ អ្នកដំណើរទាំង២នាក់ ត្រូវបានអាជ្ញាធរកាណាដាផាកពិន័យជាទឹកប្រាក់ប្រមាណជា១ម៉ឺន៦ពាន់ដុល្លារក្នុងម្នាក់។


អ្នកនាំពាក្យក្រសួងសុខាភិបាលកាណាដា លោកស្រី Maryse Durette បានប្រាប់កាសែត NBC ថា អ្នកដំណើរដែលមិនបានបញ្ចេញអត្តសញ្ញាណទាំងពីរ បានធ្វើដំណើរចូលទីក្រុង Toronto កាលពីសប្ដាហ៍នៃថ្ងៃទី១៨ខែកក្កដា ហើយជាពលរដ្ឋកាណាដា។ លោកស្រីក៏បានបន្ថែមថា នេះគឺជាករណីដំបូងដែលមានអ្នកដំណើរក្លែងបន្លំឯកសារចាក់វ៉ាក់សាំង និងលទ្ធផលតេស្តកូវីដ-១៩ ដើម្បីចូលទឹកដីកាណាដា។
 
បញ្ហានេះបានកើតឡើងក្រោយកាណាដាសម្រេចបន្ធូរបន្ថយការរឹតត្បិតលើអ្នកដំណើរពីអាមេរិក។ កាណាដានឹងចាប់ផ្តើមអនុញ្ញាតឱ្យជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងរួចចូលក្នុងប្រទេសខ្លួន ចាប់ផ្តើមនៅថ្ងៃទី ៩ ខែសីហា។ 
 
ទីភ្នាក់ងារសេវាកម្មព្រំដែនកាណាដា ដែលទទួលខុសត្រូវត្រួតពិនិត្យឯកសារពាក់ពន្ធនឹងបញ្ហាកូវីដ-១៩ របស់អ្នកដំណើរ បានរកឃើញការក្លែងបន្លំនេះក្នុងឯកសារដែលពួកគេបានបញ្ចូលទៅក្នុងគេហទំព័រ ArriveCAN travel របស់រដ្ឋាភិបាល។ ទីភ្នាក់ងារនេះ ក៏បញ្ជាក់ថា រដ្ឋាភិបាលកាណាដានឹងបន្តស៊ើបអង្កេតលើរឿងនេះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការផ្សេងៗដើម្បីធានាការពារសុខភាពប្រជាជនពីការរីករាលដាលជំងឺកូវីដ-១៩ និងវីរុសបំប្លែងថ្មីផ្សេងទៀត។
 
គួររំឭកថា កាណាដា បានបន្ធូរបន្ថយការរឹតត្បិតលើអ្នកដំណើរអន្តរជាតិនៅថ្ងៃទី៥ ខែកក្កដាកន្លងទៅ។ អ្នកដំណើរដែលចូលកាណាដាត្រូវផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅកាន់មន្ត្រីជំនាញ។ អ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវបញ្ជូនទៅធ្វើតេស្តមួយចំនួន ហើយស្នាក់នៅរយៈពេល ៣ ថ្ងៃនៅក្នុងសណ្ឋាគារដែលគ្រប់គ្រងដោយរដ្ឋាភិបាល មុនពេលដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ៕
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com