អន្តរជាតិ
សហរដ្ឋ​អាមេរិក​នឹង​ទទួល​យក​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ទៀត
03, Aug 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​នាំ​គ្នា​​រង់ចាំ​ឆ្លង​ព្រំដែន បន្ទាប់​ពី​ប៉ាគីស្ថាន​ប្រកាស​បើក​ព្រំដែន​របស់​ខ្លួន​ជាមួយ​នឹង​អាហ្វហ្គានីស្ថាន​ ដែល​បាន​បិទ​ដោយសារ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​នាំ​គ្នា​​រង់ចាំ​ឆ្លង​ព្រំដែន បន្ទាប់​ពី​ប៉ាគីស្ថាន​ប្រកាស​បើក​ព្រំដែន​របស់​ខ្លួន​ជាមួយ​នឹង​អាហ្វហ្គានីស្ថាន​ ដែល​បាន​បិទ​ដោយសារ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ទទួល​យក​ជន​ភៀស​ខ្លួនអាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ទៀត ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ​ដែល​ពាក់​ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​អាមេរិក​បញ្ចប់​សង្គ្រាម​ដ៏​វែង​បំផុត​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពង្រីក​ការអនុញ្ញាត​ទទួល​យក​ជនភៀស​ខ្លួន​លើស​ពី​ជនជាតិ​អាហ្វហ្គានីស្ថាន​ប្រមាណ​២​ម៉ឺន​នាក់ ដែល​បាន​ដាក់​ពាក្យ​រួច​ហើយ ដោយ​មាន​អ្នក​ខ្លះ​កំពុង​ត្រួវ​បាន​គេ​ជម្លៀស​ចេញ​ពី​ប្រទេស ក្រោម​កម្មវិធី​សម្រាប់​អ្នក​បកប្រែ​ដែល​ជួយ​ដល់​កងទ័ព​អាមេរិក។
 
ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «នៅ​ក្នុង​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​តាលីបង់ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ដើម្បី​ផ្ដល់​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​មួយ​ចំនួន រួម​ទាំង​អ្នក​ដែល​បាន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នូវ​ឱកាស​ដើម្បី​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន។
 
សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ការ​កំណត់​នេះ​ដើម្បី​ពង្រីក​ឱកាស​ក្នុង​ការតាំង​ទីលំនៅ​ថ្មី​ជា​អចិន្ត្រៃយ៍​នៅ​សហរដ្ឋ​អាមេរិក​ដល់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​និង​សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​ការពាក់ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
ក្រសួង​ការបរទេស​បាន​បញ្ជាក់​ទៀត​ថា ការ​ពង្រីក​សិទ្ធិ​ទទួល​បាន​ការ​ជ្រកកោន​នេះ​នឹង​រួម​បញ្ចូល​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើការ​ជាមួយ​អង្គការ​សារព័ត៌មាន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ឬ​គម្រោង​ដែល​គាំទ្រ​ដោយ​មូលនិធិ​អាមេរិក។
 
ក្រសួង​ការបរទេស​ក៏​នឹងអនុញ្ញាត​ឲ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ជាច្រើន​ទៀត​ដែល​បាន​បម្រើការ​ជា​អ្នក​បកប្រែ​ ឬ​នៅ​ក្នុង​តួនាទី​គាំទ្រ​ផ្សេង​ទៀត​ដល់​កង​កម្លាំង​នៃ​ក្រុមកង​ទ័ព​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ប៉ុន្តែ​មិន​បាន​បំពេញ​តាម​តម្រូវការ​ក្នុង​អំឡុងពេល​ធ្វើការ។
លោក​ប្រធានាធិបតី Joe Biden បាន​បញ្ជា​ឲ្យ​ដក​កង​ទ័ព​អាមេរិក​ ដែល​នៅ​សល់​ឲ្យ​អស់​ត្រឹម​ចុង​ខែ​នេះ​ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។
 
ដោយ​ក្រុម​តាលីបង់​បន្ត​វាយលុក​រដ្ឋបាល​របស់​លោកBiden ទទួល​ស្គាល់​ពី​ការភ័យខ្លាច​ចំពោះ​ស្ថិរភាព​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អន្តរជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com