កីឡាជាតិ
ជាតិ
Jordan Windle ពីកុមារកំព្រាកម្ពុជាទៅជាអត្តពលិកកីឡាជ្រមុជទឹកអាមេរិកក្នុងព្រឹត្តិការណ៍អូឡាំពិក
03, Aug 2021 , 5:29 pm        
រូបភាព
រូបថតពីហ្វេសប៊ុកផ្លូវការរបស់ Jordan Windle
រូបថតពីហ្វេសប៊ុកផ្លូវការរបស់ Jordan Windle
ដោយ: រួបរួម
កីឡាករអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle អាយុ២២ឆ្នាំ នឹងត្រូវប្រកួតប្រជែងដណ្តើមយកមេដាយលើវិញ្ញាសាកីឡាជ្រមុជទឹកចម្ងាយ១០ម៉ែត្រ (Diving-Men’s 10m Platform) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នាថ្ងៃសុក្រ ទី៦ ខែសីហា ខាងមុខនេះ។

 
ក្នុងការប្រកួតនៅមជ្ឈមណ្ឌល Tokyo Aquatics Centre កីឡាករជម្រើសជាតិអាមេរិករូបនេះ ត្រូវប្រកួតប្រជែងជាមួយកីឡាករ២៨រូបផ្សេងទៀត ដែលក្នុងនោះមាន Loschiavo Brandon ដែលជាមិត្តរួមក្រុមអាមេរិករបស់ខ្លួនផងដែរ។ អ្នកដែលមានពិន្ទុខ្ពស់ជាងគេ១៨នាក់ ត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវចម្រាញ់យកតែ១២នាក់ដើម្បីឈានទៅកាន់ការប្រជែងយកមេដាយ។

Jordan Windle៖ ខ្ញុំមិនមែនតំណាងតែឲ្យអាមេរិកឡើយ ប៉ុន្តែក៏ជាតំណាងសម្រាប់កម្ពុជាផងដែរ
 
កើតនៅឆ្នាំ១៩៩៨ ក្នុងខេត្តព្រះសីហនុ Jordan បានក្លាយជាក្មេងកំព្រាដែលឪពុកម្តាយបានស្លាប់ចោលតាំងពីអាយុ១ខួប ហើយក្រោយមកត្រូវបានយកទៅដាក់ក្នុងមណ្ឌលកំព្រាមួយក្នុងរាជធានីភ្នំពេញ។ លោក Jerry Windle  បានយកកុមាររូបនេះ ទៅចិញ្ចឹមតាំងពីអាយុ១៨ខែមក។
 
Jordan រស់នៅក្រុង Fort Lauderdale រដ្ឋ Florida ដោយមានលោក Jerry និងលោក Andres Rodriguez ដែលជាដៃគូស្រឡាញ់ភេទដូចគ្នា​ចិញ្ចឹមបីបាច់ថែរក្សា។ គេចាប់ផ្តើមហាត់កីឡាជ្រមុជទឹក (Diving) តាំងពីអាយុ៧ឆ្នាំ ហើយក៏បានចំណាត់ថ្នាក់ល្អប្រសើរក្នុងការប្រកួតប្រជែងថ្នាក់វិទ្យាល័យ និងថ្នាក់ជាតិនៅសហរដ្ឋអាមេរិកជាច្រើនលើកផងដែរ។ 
 
កាលពីឆ្នាំ២០១១ Jordan រួមទាំងលោក Jerry ដែលជាឪពុកចិញ្ចឹម បានចេញផ្សាយសៀវភៅដែលមានចំណងជើងថា «An Orphan No More: The True Story of a Boy»។ សៀវភៅនេះ បានបង្ហាញពីដំណើរជីវិតរបស់ Jordan ផ្ទាល់។
 
នៅពីឆ្នាំ២០១៦ Jordan បានមកលេងប្រទេសកម្ពុជាជាលើកដំបូង។ តាមសម្តីដែលដកស្រង់ដោយ Olympics.nbcsports.com កីឡាករ Jordan បានអះអាងថា៖ «ខ្ញុំប្រឡូកក្នុងកីឡាជ្រមុជទឹកមិនមែនសម្រាប់តែសហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែក៏សម្រាប់ពលរដ្ឋកម្ពុជា ពោលគឺប្រទេសកំណើតរបស់ខ្ញុំផងដែរ។ ប្រសិនបើខ្ញុំអាចផ្តល់ភាពជាគំរូសម្រាប់កុមារតែម្នាក់នៅកម្ពុជា វាក៏ជាចំណែកមួយនៃការធ្វើឲ្យមានភាពខុសប្លែកផងដែរ»។
 
 
ក្នុងបទសម្ភាសជាមួយ VOA កាលពីឆ្នាំ២០១៦ លោក Jerry Windle ដែលជាឪពុកចិញ្ចឹម បានអះអាងថា ជោគជ័យរបស់ Jordan គឺកើតចេញពីទេពកោសល្យពីកំណើតរបស់គេ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងប្រទេសកំណើត ដោយគេតែងតែព្យាយាមស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈការអានសៀវភៅរឿង និងការធ្វើសេចក្តីអត្ថាធិប្បាយក្នុងថ្នាក់រៀន។
 

Jordan ជាមួយឪពុកចិញ្ចឹមទាំងពីរ​របស់ខ្លួន គឺ​លោក Jerry Windle (ស្តាំ) និងលោក Andres Rodriguez។ រូបថត Susanne Brady

Jordan មានគ្រូបង្វឹក និងអ្នកជំនាញជាច្រើនជួយតម្រង់ផ្លូវក្នុងអាជីពកីឡាជ្រមុជទឹក ដែលក្នុងនោះមានដូចជាលោក Tim O’Brien, លោក Evan Linette, លោក Sean McCarthy ជាពិសេសម្ចាស់មេដាយមាសអូឡាំពិកចំនួន៤ លោក Greg Louganis។ គេក៏មានរហស្សនាមថា Little Louganis ផងដែរ៕
 

Tag:
 Jordan Windle
  Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com