ជាតិ
សុខភាព
លោក កើត ឆែ៖ សពអ្នកកើតកូវីដ-១៩ ដែលកកស្ទះកន្លងមក នឹងបូជាអស់នៅថ្ងៃនេះ
03, Aug 2021 , 8:59 pm        
រូបភាព
 លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ រូបថត៖ រដ្ឋបាលរាធានីភ្នំពេញ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ រូបថត៖ រដ្ឋបាលរាធានីភ្នំពេញ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនៅកកស្ទះពីមួយថ្ងៃ ទៅមួយថ្ងៃ នៅរាជធានីភ្នំពេញកន្លងមក នឹងបូជាអស់ នៅត្រឹមថ្ងៃទី៣ ខែសីហានេះ។ អភិបាលរងរាជធានីភ្នំពេញរូបនេះ ក៏បានឱ្យដឹងថា ភ្នំពេញ នឹងលែងមានការសពអ្នកស្លាប់ដោយសារកូវីដ-១៩ កកស្ទះនៅក្នុងសាលទៀតហើយ នៅពេលឡបូជាសពដោយស័្វយប្រវត្តិ ដំឡើងរួចនៅពាក់កណ្តាល ខែសីហានេះ។




អត្ថបទទាក់ទង
 
រាជធានីភ្នំពេញ មានកន្លែងបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន៤កន្លែង។ ក្នុងនោះ មាននៅវត្តឫស្សីសាញ់ ក្នុងខណ្ឌមានជ័យ, នៅវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ, វត្តមួយកន្លែងទៀត នៅក្នុងខណ្ឌព្រែកព្នៅ និងកន្លែងបូជាសាកសពរបស់អ្នកជំងឺកូវីដ-១៩ តាមបែបប្រពៃណីមួយទីតាំងទៀត ផងដែរ។  ខណៈអ្នកជំនាញកំពុងដំឡើងឡបូជាសាកសពដោយម៉ាស៊ីនស្វ័យប្រវត្តិ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល កំពុងបង្កើនការបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ ដែលនៅកកស្ទះកន្លងមក។ 
 
លោក កើត ឆែ និយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនារសៀលថ្ងៃទី៣សីហា ថា ៖« បច្ចុប្បន្ន យើងបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅកន្លែងដដែលទេ។ ប៉ុន្តែ យើងបានបង្កើន ការបូជាសពដែលនៅកកស្ទះកន្លងមក ដើម្បីឱ្យទាន់សភាពការ។ ក្នុងមួយថ្ងៃ យើងបូជាបានពី២៨ទៅ៣០សព ដោយអាស្រ័យលើយើងបូជាដោយអគ្គិសនី ឬបូជាដោយអុស»។ 


ក្រុមគ្រូពេទ្យជំនាញ បានយកសពអ្នកស្លាប់ដោយសារកូវីដ-១៩ មកបូជាមួយកន្លែងក្នុងវត្តនៅរាជធានីភ្នំពេញ។

បើតាមលោក កើត ឆែ បច្ចុប្បន្នរាជធានីភ្នំពេញមាននៅសល់សពអ្នកស្លាប់ដោយសារកូវីដ-១៩ តែ៤ទៀតប៉ុណ្ណោះ ដែលនឹងត្រូវយកទៅបូជាឱ្យអស់នៅត្រឹមយប់ថ្ងៃទី៣សីហា ឆ្នាំ២០២១។ ដោយឡែក កន្លែងបូជាសពថ្មីចំនួន២ទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំនិងដំឡើងឡបូជាសពដោយស្វ័យប្រវត្តិនោះ លោក កើត ឆែ បានអះអាងថា នឹងធ្វើរួចរាល់នៅពាក់កណ្ដាលខែសីហានេះ។ លោក បានបន្ថែមថា៖«ឥឡូវហ្នឹង យើងលែងកកស្ទះសពអ្នកស្លាប់ដោយសារកូវីដ-១៩ទៀតហើយ។ ក្រោយឡបូជាសពដោយស្វ័យប្រវត្តិដំឡូវរួច យើងសង្ឃឹមថា នៅភ្នំពេញ នឹងលែងមានការកកស្ទះសព ក្នុងការបូជាប្រចាំឡើយ»។ 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៩,០៥១នាក់ ដោយក្នុងនោះ មាន១១,១៩៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៧២,១៤៥នាក់ និងស្លាប់សរុប ១,៤៧១នាក់៕ 
 
 

Tag:
 COVID-19
  សព
  លោក កើត ឆែ
© រក្សាសិទ្ធិដោយ thmeythmey.com