កីឡាអន្តរជាតិ
អន្តរជាតិ
ចិន នឹងស្វាគមន៍តៃវ៉ាន់ និងហុងកុងនៅអូឡាំពិកប៉េកាំង ទោះទំនាក់ទំនងតានតឹង
04, Aug 2021 , 8:29 am        
រូបភាព
ហុងកុង និងតៃវ៉ាន់ នឹងអាចបញ្ជូនអត្តពលិកទៅក្រុងប៉េកាំង ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ និងព្រឹត្តិការណ៍កីឡាផ្សេងទៀតបាន បើទោះមានភាពតានតឹងផ្នែកនយោបាយជាមួយចិនក៏ដោយ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អះអាងដូច្នេះនៅថ្ងៃទី១ ខែសីហា។


ទីក្រុងប៉េកាំង ត្រូវបានប្រកាសនៅឆ្នាំ ២០១៥ ដើម្បីក្លាយជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០ និងជាទីក្រុងដំបូងគេដែលបានសិទ្ធិរៀបទាំងកីឡាអូឡាំពិករដូវក្តៅ និងរដូវរងាផង។
 
បើតាមនាយកគ្រប់គ្រង IOC លោក Christophe Dubi ដែលបានប្រាប់ទីភា្នក់ងារព័ត៌មាន Reuters ចិនបានបញ្ជាក់យ៉ាងច្បាស់កាលពីឆ្នាំ ២០១៥ ថា ពួកគេនឹងគោរពធម្មនុញ្ញអូឡាំពិក។ គោរពច្បាប់អូឡាំពិក មានន័យថាចិននឹងមិនរារាំងហុងកុង និងតៃវ៉ាន់ ដែលមានបញ្ហានយោបាយនឹងគ្នាចូលរួមកីឡារដូវរងាឆ្នាំក្រោយឡើយ។
 
«កិច្ចសន្យារបស់ម្ចាស់ផ្ទះ គឺមានភាពច្បាស់លាស់។ យើងមើលឃើញថា គ្មានសញ្ញាណាមួយថាពួកគេប្រែក្រឡាស់នោះទេ»។ នេះជាការបញ្ជាក់របស់លោក Dubi។
 
សព្វថ្ងៃតៃវ៉ាន់ ត្រូវបានដាក់ឈ្មោះ ឆាយនីស តៃប៉ិ និងប្រើប្រាស់ទង់តំណាងដោយឡែក ក្នុងការចូលរួមប្រកួតកីឡាគ្រប់ប្រភេទ រួមទាំងកម្រិតកីឡាអូឡាំពិកផង។ 
 
ដោយឡែក ហុងកុងវិញក៏មិនខុសពីតៃវ៉ាន់ដែរ។ ហុងកុងដែលមានគណៈកម្មាធិការជាតិអូឡាំពិកដាច់ដោយឡែកពីចិនដូចតៃវ៉ាន់ដោយទទួលស្គាល់ពី IOC ត្រូវបានចិនចង់បានទីក្រុងនេះ ជាទីក្រុងរបស់ខ្លួន។ យ៉ាងណា ហុងកុងនៅតែព្យាយាមរក្សាស្វ័យភាពមួយកម្រិតធំបន្ទាប់ពីទឹកដីនេះត្រូវបានអង់គ្លេសប្រគល់ទៅឱ្យចិនកាន់កាប់វិញក្នុងឆ្នាំ ១៩៩៧។
 
ទាំងហុងកុង និងតៃវ៉ាន់ សុទ្ធតែបានចូលរួមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ ២០០៨ រួចមកហើយ៕
 

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com