ជាតិ
លោក ជ័យ សាខន ឱ្យកូនរៀនពីសិល្បៈ ដើម្បីឱ្យយល់ពីខឿនវប្បធម៌ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម
04, Aug 2021 , 8:59 am        
រូបភាព
លោក ជ័យ សាខន អង្គុយនៅជួរទី២ កាលលោកនៅជាគ្រូសិល្បៈបុរាណ
លោក ជ័យ សាខន អង្គុយនៅជួរទី២ កាលលោកនៅជាគ្រូសិល្បៈបុរាណ
ភ្នំពេញ៖ លោក ជ័យ សាខន ដែលជាអតីតគ្រូសិល្បៈ បានជំរុញកូនស្រីប្រុសទាំងពីរនាក់របស់គាត់ ឱ្យស្រឡាញ់ពេញចិត្តសិល្បៈវប្បធម៌ជាតិ និងបន្តចូលរៀនក្នុងសាលាសិល្បៈ ដើម្បីពង្រឹងចំណេះដឹង ពាក់ព័ន្ធនឹងខឿនវប្បធម៌ខ្មែរ។ បុរសដែលមានវ័យ៦១ឆ្នាំរូបនេះ អះអាងថាកូនរបស់លោកទាំងពីរ មានឥរិយាបទល្អក្នុងសង្គមនឹងគ្រួសារ រួមទាំងការដេក ដើរ ឈរ អង្គុយជាដើមនោះ គឺដោយសារទទួលបានការអប់រំពីសាលាមធ្យមវិចិត្រសិល្បៈ។



ការអប់រំទូន្មានកូនឱ្យដើរតាមគន្លងធម៌ ចេះគោរពចាស់ទុំ មានសីលធម៌ល្អក្នុងសង្គម ជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ ពុំមែនជារឿងសាមញ្ញ និងងាយស្រួលឡើយ សម្រាប់ម្ដាយឪពុកគ្រប់រូប។ ចំពោះលោក ជ័យ សាខន ដែលរវល់ខ្វល់ខ្វាយនឹងការរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយមិនមានពេលគ្រប់គ្រាន់នៅក្បែរកូននោះ បានយល់ច្បាស់ពីការលំបាកខាងលើ។ 
 
ដូច្នោះហើយ លោកបានបញ្ជូនកូនទាំងពីរ ឱ្យទៅរៀនក្នុងសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីឱ្យពួកគេមានចំណេះដឹងមូលដ្ឋានគ្រឹះសិល្បៈវប្បធម៌ជាតិ ក៏ដូចជាអប់រំចិត្តសន្ដានផង។ លោកជឿជាក់យ៉ាងមុតមាំថា កូនរបស់លោកនឹងមានឥរិយាបថល្អ រួមទាំងមានសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គម។
 
ឪពុកដែលមានស្រុកកំណើតនៅខេត្តកណ្ដាល ក្នុងស្រុកកៀនស្វាយរូបនេះ ពន្យល់បន្ថែម៖«ខ្ញុំប្រាប់កូនថា កូនៗគួរតែយល់ដឹងពីសិល្បៈវប្បធម៌ជាតិ។ នេះមិនមែនជាមុខរបរដែលយើងពេញចិត្តឬមិនពេញចិត្តនោះទេ តែនេះជាខឿនវប្បធម៌របស់ជាតិយើង ដែលយើងគ្រប់គ្នាគួរតែយល់ដឹង។ បើកូនមានឱកាសកូនអាចទៅសមាគមក៏បាន កូនអាចទៅរៀនក្នុងសាលាដែលមានជំនាញក៏បាន។ ពួកគេឆ្លើយទាំងសប្បាយរីករាយថា បើប៉ាពេញចិត្តឱ្យខ្ញុំទៅ ខ្ញុំនឹងទៅ»។


កូនប្រុសរបស់លោក ជ័យ សាខន 

បុរសដែលធ្លាប់ធ្វើការងារក្នុងសមាគមសិល្បៈរូបនេះ បានបញ្ជូនកូនស្រីទៅរៀនក្នុងសាលាសិល្បៈជំនាញរបាំបុរាណ តាំងពីនាងអាយុ៨ឆ្នាំ ហើយកូនប្រុសបានចូលរៀនផ្នែកសូន្យរូប ជំនាញខ្មុកម្រ័ក្សណ៍ក្រោយពីគេរៀនចប់ថ្នាក់ឌីប្លូម។
 
បុរសចំណាស់ដែលពុំដែលបានឃើញកូនស្រីរាំ និងកូនប្រុសគូរគំនូរដោយផ្ទាល់ភ្នែកសូម្បីម្ដង ព្រោះតែការប្រឹងប្រែងធ្វើការងារឆ្ងាយផ្ទះរូបនេះ អះអាងថា លោកអាចតាមដានការសិក្សារបស់កូនទាំងពីរបាន តាមរយៈតែការហៅទូរសព្ទទៅសួរគ្រូបន្ទុកថ្នាក់ និងពឹងគ្រូជួយអប់រំមើលថែកូនរបស់ខ្លួនប៉ុណ្ណោះ។
 
«ខ្ញុំតែងហៅទូរសព្ទទៅសួរគ្រូពីការសិក្សារបស់កូន តើកូនខ្ញុំមានឥយាបទយ៉ាងណាក្នុងសាលា តើពួកគេបានដើរតាមមិត្តភ័ក្ដិមិនល្អទេ? ប្រពន្ធរបស់ខ្ញុំគាត់តាមដានផ្សេង ហើយខ្ញុំតាមដានផ្សេង។ ខ្ញុំមិនមានពេលនៅមើលថែ និងអប់រំកូនបានដិតដល់ឡើយ ខ្ញុំគ្រាន់តែបានដឹកនាំកូន ឱ្យបានទៅរកផ្លូវមួយដែលល្អ»។ 
 
ទោះជាយ៉ាងណា ក្រោយពីបញ្ចប់មធ្យមសិក្សាទុតិយភូមិពីសាលាសិល្បៈ ពួកគេបានជ្រើសរើសជំនាញរៀនដែលខ្លួនពេញចិត្តរៀងៗខ្លួន ដោយកូនស្រីរៀនមហាវិទ្យាល័យគណនី ចំណែកកូនប្រុសរៀនមហាវិទ្យាល័យច្បាប់។ បច្ចុប្បន្នពួកគេទាំងពីរ បានបញ្ចប់មហាវិទ្យាល័យ និងមានការងារធ្វើសមរម្យដូចគ្នា។ ទាំងនេះគឺជាការបញ្ជាក់របស់ លោក សាខន ដែលកំពុងធ្វើការនៅប្រទេសកាណាដា។


រូបទី២) កូនស្រីលោក ជ័យ សាខន 

លោក ជ័យ សាខន ដែលក៏ជាអតីតអ្នកសារព័ត៌មានមួយរូបផងដែរនោះ បន្ថែម៖«សិល្បៈនេះបានជួយកូនខ្ញុំច្រើនណាស់ ទាំងការនិយាយស្ដី ទាំងការឱនលំទោន ទាំងការគោរពចាស់ទុំ ទាំងឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយរួមទៅគេធ្វើអ្វីក៏ដោយ គឺមានលក្ខណៈជាខ្មែរបាន៩៩ភាគរយ។ ដោយសារគ្រូៗខាងសិល្បៈ គាត់អប់រំកូនខ្ញុំពីឥរិយាបថទាំងនេះបានល្អ។ នេះជាគោលបំណងធំដែលខ្ញុំឱ្យកូនចូលរៀនសាលាសិល្បៈ»។
 
ជាអតីតគ្រូបង្រៀនសិល្បៈបុរាណខ្មែរ បុរសដែលបានចំណាកស្រុក ទៅធ្វើការជាជាងសំណង់នៅប្រទេសកាណាដាតាំងពីឆ្នាំ២០០៩រូបនេះ បញ្ជាក់ថា កាលលោកនៅធ្វើការក្នុងវិស័យសិល្បៈនៅប្រទេសកំណើត លោកឧស្សាហ៍នាំកូនៗទាំងពីររបស់លោក ទៅកម្មវិធីសិល្បៈបុរាណណាស់។ ដំណើរជារឿយៗនោះហើយ ដែលធ្វើឱ្យកូនស្រីប្រុសរបស់លោក ស្រឡាញ់ពេញចិត្តនឹងសិល្បៈជាតិ។
 
អតីតបុគ្គលិកអង្គការអន្តរជាតិធំមួយនៅកម្ពុជា ដែលធ្វើការពាក់ព័ន្ធនឹងសិល្បៈរូបនេះ ថាសិល្បៈពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រជាជនខ្មែរ ហើយលោកពន្យល់ដូច្នេះ៖««ក្នុងសិល្បៈមានឥរិយាបទច្រើនយ៉ាង ដែលជាកិរិយារបស់ខ្មែរ។ អ្នកមានសិល្បៈក្នុងខ្លួន មានកិរិយាល្អ ទាំងការដេក ដើរ ឈរ អង្គុយ នេះសំខាន់បំផុត។ មនុស្សដែលមានប្រភពសិល្បៈត្រឹមត្រូវ ទទួលបានការអប់រំពីខឿនវប្បធម៌ជាតិច្បាស់លាស់ គេមិនសូវយកឥរិយាបទអាក្រក់មកប្រើក្នុងការរស់នៅរបស់គេទេ ទាំងការស្លៀកពាក់ និងការតុបតែងខ្លួនជាដើម»។


លោក ជ័យ សាខន ដែលកំពុងធ្វើការសំណង់នៅប្រទេសកាណាដា 

លោក ជ័យ សាខន ដែលមានការងារបន្ទាប់បន្សំជាគ្រូបង្ហាត់បង្រៀនសិល្បៈខ្មែរ ដល់កូនខ្មែរនៅប្រទេសកាណាដា ទទូចដល់ម្ដាយឪពុកគ្រប់រូប គួរជំរុញកូនឱ្យស្គាល់តម្លៃសិល្បៈវប្បធម៌ជាតិ ដើម្បីឱ្យពួកគេមានសីលធម៌ល្អក្នុងការរស់នៅ។ រៀនក្នុងសាលាមធ្យមវិចិត្រសិល្បៈ ដែលនៅពេលបញ្ចប់ការសិក្សាកម្រិតបាក់ឌុប មានទាំងជំនាញសិល្បៈ និងទទួលបានទាំងចំណេះដឹងទូទៅនោះ លោក សាខន ថាឪពុកម្ដាយគួរតែផ្ដល់ឱកាសឱ្យកូន។ 
 
គ្រូបង្ហាត់បង្រៀនសិល្បៈខ្មែររូបនេះ បាននិយាយដូច្នេះថា៖«ម្ដាយឪពុកដែលមានទំនាក់ទំនងជាមួយសិល្បៈវប្បធម៌ បានណែនាំកូនទៅតាមផ្លូវនោះ ប៉ុន្តែម្ដាយឪពុកខ្លះទៀតមិនបានចាប់អារម្មណ៍បង្រៀនកូនពីសិល្បៈឡើយ ព្រោះគាត់រវល់តែនឹងការរស់នៅ(ជីវភាព) និងសង្គមខាងក្រៅ។ មនុស្សភ្លើតភ្លើន នឹងធ្វើឱ្យវប្បធម៌ បាត់បន្តិចម្ដងៗ»។
 
«យើងជាអ្នកធ្វើឱ្យសង្គមយើងអន់ថយដោយខ្លួនឯង។ យើងបំបាត់របស់ខ្លួនឯង ហើយយករបស់គេមកធ្វើជាធំ ដល់តែបាត់បង់ ទើបនាំគ្នាស្ដាយ ចុះកាលពីដំបូងម្តេចមិនគិត។ អ្នកថែរក្សា លិចទូកស្លាប់ជិតអស់ហើយ។ ចុះទូកមិនមានច្រវា យកដៃអុំ ម្នាក់អុំទៅលិច ម្នាក់អុំទៅកើតទូកវិលពេញហ្នឹង ទៅណាមិនរួចទេ បើទូកហូរទៅចំអន្លង់នាគណាមួយ លិចស្លាប់ទាំងអស់គ្នាហ្នឹង»។ នេះជាការបន្ថែមរបស់លោក សាខន។
 
បុរសដែលបានចាប់យកការងារក្រៅប្រទេស ដើម្បីស្រោចស្រង់ជីវភាពគ្រួសាររូបនេះ ក៏បានសង្កេតឃើញផងដែរថា មុខវិជ្ជាសិល្បៈវប្បធម៌ដែលបានដាក់ក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋទូទៅ នៅពុំទាន់បានបង្ហាញពីវប្បធម៌ជាតិស៊ីជម្រៅឡើយ។ លោកក៏បានសំណូមពរដល់ស្ថាប័នអាណាព្យាបាល យកចិត្តទុកដាក់លើរឿងនេះ។ 
 
លោកសាខន បានលើកឡើងបែបនេះ៖ «តើកូនខ្មែរសព្វថ្ងៃស្គាល់របាំខ្មែរប៉ុន្មានហើយ? មនុស្សដែលមានវ័យចាប់ពី៣០ឆ្នាំជាងឡើងទៅ ក៏មិនបានដឹងថារបាំខ្មែរមានអ្វីខ្លះដែរ។ បើគេឱ្យនិយាយពីទម្រង់ល្ខោន អ្នកខ្លះរាប់បានតែអាយ៉ៃ ល្ខោនបាសាក់ យីកេអីហ្នឹង។ ចុះអាយ៉ង បមោជទ័យ ល្ខោនពោលស្រី ស្បៃតូចស្បៃធំ នៅច្រើនទៀតដែលជារបស់ខ្មែរ តែគេមិនបានដឹងទេ។ ដោយសារសង្គ្រាម សង្គម និងជីវភាពផង ធ្វើឱ្យមនុស្សលែងខ្វល់ពីវប្បធម៌ជាតិ»។
 
លោក ជ័យ សាខន ដែលមានវ័យ៦១ឆ្នាំ បានដឹកនាំកូនទាំងពីររបស់ខ្លួន បំពេញកាតព្វកិច្ចថែរក្សាការពារវប្បធម៌ជាតិរួចហើយ ចុះម្ដាយឪពុកផ្សេងៗទៀត គិតយ៉ាងណាដែរ?៕
 

Tag:
 សិល្បៈ
  វប្បធម៌
  កូន
  រៀន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com