អន្តរជាតិ
អាមេរិក-ឥណ្ឌូណេស៊ី បើកកិច្ចសន្ទនាយុទ្ធសាស្រ្តដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
04, Aug 2021 , 4:02 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី និងសមភាគីអាមេរិក អាន់តូនី ប្លីងខិន ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី និងសមភាគីអាមេរិក អាន់តូនី ប្លីងខិន ។ រូបថត AFP
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន ថ្ងៃទី៣ ខែសីហា ប្រកាសថា អាមេរិក និងឥណ្ឌូណេស៊ី បានចាប់ផ្ដើមកិច្ចពិភាក្សាដៃគូយុទ្ធសាស្ត្រដែលមានគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្រោយកិច្ចប្រជុំលើកដំបូងនេះ ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទាំងបញ្ហាក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ដូចជាការការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងជាដើម។


កាលពីឆ្នាំ២០១៥ អាមេរិក និងឥណ្ឌូណេស៊ីបានយល់ព្រមគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រមួយជាមួយ គ្នា។ កិច្ចពិភាក្សាយុទ្ធសាស្ត្រនេះ ចង់ផ្ដោតអំពីគោលបំណងពង្រឹងភាពជាដៃគូ, កិច្ចសហប្រតិបត្តិការ ផ្លូវទឹក, វិស័យការពារជាតិ, បញ្ហាសកលនិងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម ។
 
ជាង៦ឆ្នាំក្រោយ ជំនួបយុទ្ធសាស្រ្តលើកទីមួយ ធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ដោយប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន ស្វាគមន៍សមភាគីឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី នៅទឹកដីអាមេរិកតែម្ដង។ ក្រៅពី រឿងដៃគូយុទ្ធសាស្ត្រ និងបញ្ហាសមុទ្រចិនខាងត្បូង ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាចិត្តធ្វើការរួមគ្នា ប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងសម្រេចគោលដៅទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីផងដែរ។ នេះបើតាមសេចក្ដីប្រកាសក្រសួងការបរទេសអាមេរិក។
 
«ឥណ្ឌូណេស៊ី ជាដៃគូប្រជាធិបតេយ្យដ៏រឹងមាំចំពោះអាមេរិក ហើយពួកយើងកំពុងធ្វើការរួមគ្នាលើផ្នែក ផ្សេងៗជាច្រើន»។ លោក ប្លីងខិន និយាយបែបនេះទៅកាន់លោកស្រី ម៉ាស៊ូឌី នៅក្រសួងការបរទេសអាមេរិក ដោយថែមទាំងកោតសរសើរឥទ្ធិពលដ៏ខ្លាំងរបស់ឥណ្ឌូណេស៊ីនៅក្នុងអាស៊ានទៀតផង។
 
នាជំនួបដដែល លោកស្រី ម៉ាស៊ូឌី អះអាងថា ទំនាក់ទំនងដ៏រឹងមាំរវាងអាមេរិកនិងឥណ្ឌូណេស៊ី នឹង ក្លាយជាផ្លូវមួយដ៏សំខាន់សម្រាប់អាមេរិកដើម្បីបង្កើនការចូលរួមនៅក្នុងតំបន់អាស៊ី ហើយអាមេរិកជា ដៃគូដ៏សំខាន់មួយសម្រាប់អាស៊ានដើម្បីអនុវត្តទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រីក៏ចង់ឱ្យទំនាក់ ទំនងទ្វេភាគីជាមួយអាមេរិកកើនឡើងមួយកម្រិតទៀតដែលអាចសហការគ្នាលើវិស័យផ្សេងៗដូចជា សុខភាព, ការអប់រំ, សេដ្ឋកិច្ច, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។ 
 
ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ប្រកាសថា រដ្ឋមន្ត្រីការបរទេស ទាំងពីរមានទស្សនៈរួមគ្នាលើសន្តិសុខដែនសមុទ្រ។ លោក ប្លីងខិន និងលោកស្រី ម៉ាស៊ូឌី បានប្តេជ្ញា ការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងបន្តកិច្ចសហការក្នុងវិស័យសន្តិសុខអ៊ីនធឺណិត និងប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ បន្ថែមពីនេះ ក្នុងសេចក្តី ថ្លែងការណ៍ខាងលើ លោក ប្លីងខិន បានសង្កត់ធ្ងន់ពី តួនាទីសំខាន់របស់អាស៊ានក្នុងការត្រួសត្រាយផ្លូវ និងស្ដារ ប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាផងដែរ៕
 

Tag:
 អាមេរិក
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com