អន្តរជាតិ
អាស៊ាន តែងតាំងអ្នកការទូតព្រុយណេជាប្រេសិតពិសេសនៅមីយ៉ាន់ម៉ា
04, Aug 2021 , 7:29 pm        
រូបភាព
លោក Erywan Yusof រដ្ឋមន្រ្តីការបរទេសទីពីររបស់ព្រុយណេ។ រូបថត BruDirect
លោក Erywan Yusof រដ្ឋមន្រ្តីការបរទេសទីពីររបស់ព្រុយណេ។ រូបថត BruDirect
អ្នកការទូតព្រុយណេ Erywan Pehin Yusof ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរដ្ឋមន្ត្រីការបរទេសអាស៊ានចេញថ្ងៃទី៤ ខែសីហាក្រោយកិច្ចប្រជុំពីរបីថ្ងៃមកនេះ។ លោក Yusof ស្ថិតក្នុងចំណោមបេក្ខជន៤នាក់ដែលត្រូវបានស្នើសម្រាប់តួនាទីដ៏សំខាន់នេះ។

 
ការតែងតាំងប្រេសិតពិសេសរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ជាចំណុចមួយក្នុងចំណោមចំណុច៥ដែលមេដឹកនាំអាស៊ានឯកភាពគ្នាកាលពីជំនួបពិសេសខែមេសា។ ជិត៤ខែមកនេះ ការស្វែងរកបេក្ខជនសម្រាប់តំណែងនេះ ជួបបញ្ហាជាច្រើនដោយប្រទេសសមាជិកខ្លះ បានស្នើបេក្ខជនរៀងៗខ្លួន។ ចុងក្រោយ អ្នកការទូតព្រុយណេ Erywan Pehin Yusof ត្រូវបានជ្រើសរើសឱ្យកាន់តំណែងនេះ អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលចាប់ផ្ដើមតាំងពីថ្ងៃទី២ ខែសីហា។
 
«យើងស្វាគមន៍ការតែងតាំងរដ្ឋមន្ត្រីការបរទេសព្រុយណេទី២ Erywan Pehin Yusof ជាប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ។ លោក Yusof នឹងចាប់ផ្ដើមការងាររបស់ខ្លួននៅមីយ៉ាន់ម៉ារួមមានការបង្កើតទំនុកចិត្តរវាងភាគីពាក់ព័ន្ធ ហើយលោកមានសិទ្ធិទាក់ទងជាមួយភាគីទាំងអស់ដោយពេញលេញ។ លោកក៏ត្រូវបង្ហាញកាលបរិច្ឆេទជាក់លាក់ក្នុងការអនុវត្តអនុសាសន៍៥ចំណុចផងដែរ។
 
ក្នុងសេចក្ដីថ្លែងការណ៍រួម ប្រមុខការទូតអាស៊ាន ក៏បង្ហាញក្ដីបារម្ភចំពោះរបាយការណ៍ទាក់ទងអំពើហិង្សានៅមីយ៉ាន់ម៉ាដែលមានអ្នកស្លាប់ជិត១ពាន់នាក់ និងរាប់ពាន់នាក់ទៀតត្រូវចាប់ខ្លួន។ ទោះលើកឡើងពីការស្នើឱ្យដោះលែងអ្នកជាប់ឃុំ សេចក្ដីថ្លែងការណ៍នេះមិនបាននិយាយចំឈ្មោះលោកស្រី អ៊ុងសាន ស៊ូជី ឡើយ។ 
 
លោក Yusof ធ្លាប់ធ្វើដំណើរម្ដងទៅកាន់មីយ៉ាន់ម៉ាក្នុងខែមិថុនាកន្លងទៅ និងបានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ ការតែងតាំងរូបលោកជាប្រេសិតពិសេសនេះ ជាលទ្ធផលនៃការចរចារច្រើនវាងសមាជិកអាស៊ានទាំងអស់ ដែលប្រភពការទូតខ្លះអះអាងថា មានការខ្វែងយោបល់ខ្លាំង។ ប្រធានបទនេះ ត្រូវជជែកនៅថ្ងៃទី២ ខែសីហា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំ ប៉ុន្តែមីយ៉ាន់ម៉ា មិនទាន់យល់ព្រមលើបេក្ខភាពដែលស្នើនៅឡើយ។
 
នាកិច្ចប្រជុំនៅថ្ងៃទី៤ ខែសីហា ប្រមុខការទូតរបបយោធា ក៏ឯកភាពលើបេក្ខភាពលោក Yusof ដែលបើកផ្លូវដល់ការអនុម័តសេចក្ដីថ្លែងការណ៍រួមតែម្ដង៕ 
 
 
 
 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com