ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន១០ហើយ ដែលបានចុះបញ្ជីនាំចូលវ៉ាក់សាំងបង្ការកូវីដ-១៩ មកកម្ពុជា
05, Aug 2021 , 2:01 pm        
រូបភាព
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ រូបថត៖ សភាពាណិជ្ជកម្ម
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ រូបថត៖ សភាពាណិជ្ជកម្ម
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនប្រមាណ១០ហើយ ដែលបានចុះបញ្ជីនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកកម្ពុជា។ នេះជាការលើកឡើងរបស់លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដោយបានបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះ នឹងនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាច្រើនប្រភេទ ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក(WHO) ឬទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឱ្យប្រើប្រាស់វ៉ាក់សាំងជាចាំបាច់ ឬបន្ទាន់។

 
បើតាមលោក លឹម ហេង ក្រុមហ៊ុនទាំងនោះ នាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ សម្រាប់ចាក់លើមនុស្ស ចាប់ពីអាយុ១២ឆ្នាំ​ឡើងទៅ។ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជារូបនេះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី៥សីហា ថា៖«មានក្រុមហ៊ុនមួយចំនួន ដែលបានចុះបញ្ជីរួចហើយហ្នឹង បានបង្ហើបប្រាប់យើងថា វ៉ាក់សាំងនឹងមកដល់, គ្រាន់តែយើងមិនដឹងថ្ងៃបរិច្ឆេទនៅពេលណា ប៉ុន្តែវាមិនយូរទេ​!»។ 
 
ពាក់ព័ន្ធនឹងការនាំចូលវ៉ាក់សាំងបង្ការកូវីដ-១៩នេះ​ សភាពាណិជ្ជកម្មកម្ពុជា ក៏បានស្នើទៅក្រសួងសុខាភិបាល ឱ្យកំណត់តម្លៃជាក់លាក់ណាមួយ ក្នុងការចរាចរវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅលើទីផ្សារកម្ពុជា ដើម្បីបញ្ចៀសនូវការដំឡើងថ្លៃហួសហេតុ ជូនដល់ប្រជាពលរដ្ឋ។ 
 
លោក លឹម ហេង បានបញ្ជាក់ដូច្នេះ៖ «ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា យើងស្នើសុំឱ្យមានកំណត់តម្លៃពីរដ្ឋ។ ពិតថាយើងស្ថិតនៅក្នុងវិស័យឯកជនមែន ប៉ុន្តែ​យើងបារម្ភពីប្រជាពលរដ្ឋ ឬអាជីវករ​ដែលកំពុងជួបការខ្វះខាត ក្នុងបរិបទនៃវិបត្តិកូវីដ-១៩នេះ បែរទៅជួបពេទ្យដើម្បីធ្វើតេស្តរកកូវីដ-១៩ ឬចាក់វ៉ាក់សាំងនោះ[...] ពេទ្យក្នុងវិស័យឯកជនហ្នឹង ទាញប្រាក់ពីពលរដ្ឋថ្លៃ ឬច្រើនលើសលុបទៅវិញ»។ 
 
កាលពីថ្ងៃទី​២៧កក្កដា ឆ្នាំ២០២១  ​ក្រសួងសុខាភិបាលបានអនុញ្ញាត​ឱ្យគ្រឹះស្ថាន​អាហរ័ណ​ នីហរ័ណ​ឱសថ ​ដែលទទួលបាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល ​អាច​ស្នើសុំ​នាំចូល​វ៉ាក់សាំង​បង្ការកូវីដ-១៩ ​ដែលបានការទទួល​ស្គាល់ដោយអង្គការ​សុខភាព​ពិភពលោក​។​ ការអនុញ្ញាត​ឱ្យវិស័យឯកជន​នាំចូល វ៉ាក់សាំង​កូវីដ-១៩​នេះ ​គឺដើម្បី​ចែកចាយ​ចាក់តាមទីកន្លែង​ផ្តល់សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស​ ដោយមានលក្ខខណ្ឌ​ប្រតិបត្តិ​ឱ្យបានត្រឹមត្រូវ ​តាមស្តង់ដារ​បច្ចេកទេស​ក្នុងការដឹក​ជញ្ជូន​ ការថែរក្សា ​និងការស្តុក​វ៉ាក់សាំង​កូវីដ-១៩​ នៅក្នុងឃ្លាំង​ ដើម្បី​ធានាឲ្យ​បាននូវសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់​។
 
​បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នោះ មាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca, វ៉ាក់សាំង​Sinopharm, វ៉ាក់សាំង​Sinovac, វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង Johnson & Johnson និង​វ៉ាក់សាំង Moderna ជាដើម​៕
 
 
 
 
 

Tag:
 សុខភាព
  COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com