ជាតិ
សេដ្ឋកិច្ច
កម្ពុជា គ្រោងយកគ្រាប់ស្វាយចន្ទី និងម្រេច ដាក់លក់នៅលើគេហទំព័រក្រុមហ៊ុន Alibaba
05, Aug 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ផលិតផលកសិកម្មរបស់កម្ពុជា២ប្រភេទ នឹងត្រូវយកដាក់លក់នៅលើPlatform របស់ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនយក្សរបស់ប្រទេសចិន។ នេះបើយោងតាមមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដោយបានបញ្ជាក់ថា ផលិតផលកសិកម្មទាំង២ប្រភេទនោះ គឺគ្រាប់ស្វាយចន្ទី និងម្រេច។


ការជ្រើសរើយយកគ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជា ដាក់លក់នៅលើPlatform របស់ក្រុមហ៊ុន Alibabaនេះ គឺត្រូវបានលើកឡើងដោយ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(Enterpreneuship Development Fund) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយតំណាងក្រុមហ៊ុន Alibaba.com កាលពីថ្ងៃទី៣សីហា ឆ្នាំ២០២១។ 
 
កិច្ចប្រជុំដែលស្តីពីការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីE-commerce និងលទ្ធភាពក្នុងការទទួលបានការដាក់លក់ទំនិញរបស់កម្ពុជានៅលើ Platform របស់ក្រុមហ៊ុន Alibaba គឺផ្តោតសំខាន់លើបញ្ហាដឹកជញ្ជូន(Logistic) ,ការធ្វើសាមញ្ញកម្មនីតិវិធីគយនៃប្រទេសទាំងពីរ និងកម្មវិធីអភិវឌ្ឍសហគ្រិនកម្ពុជា ដើម្បីអាចស្វែងរកដៃគូយុទ្ធសាស្ត្រ និងការធ្វើទីផ្សារបែបឌីជីថលនៃផលិតផលរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសចិន។ 
 
ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពរូបនេះ បាននិយាយដូច្នេះ៖ «ជាលទ្ធផល, ផលិតផលស្វាយចន្ទី និងម្រេច នឹងត្រូវជ្រើសរើសដើម្បីត្រៀមលក្ខណៈធ្វើការសាកល្បងនៅលើទីផ្សារ»។
 
តាមរយៈការដាក់លក់គ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជានៅលើPlatform របស់ក្រុមហ៊ុន Alibaba នោះ នឹងជួយដល់ប្រជាកសិករ និងសិប្បករបានកាន់តែច្រើន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាននិយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនារសៀលថ្ងៃទី៥សីហានេះថា៖«ការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា នៅលើគេហទំព័ររបស់Alibaba ដែលជាក្រុមហ៊ុនយក្សរបស់ចិននេះ នឹងជួយដល់សិប្បករក្នុងស្រុកយើងឱ្យមានទីផ្សារកាន់តែទូលាយ»។ 
 
ចំពោះការយកគ្រាប់ស្វាយចន្ទីកម្ពុជាដាក់លើនៅលើPlatform របស់ក្រុមហ៊ុន Alibaba នេះ លោក ស៊ីឡុត សង្ឃឹមថា កម្ពុជានឹងអាចទាក់ទាញវិនិយោគិនចិនឱ្យមកវិនិយោគលើផ្នែកកែច្នៃគ្រាប់ស្វាយចន្ទីនេះ ខណៈពេលបច្ចុប្បន្ន កម្ពុជាមានតែវិនិយោគិនមកពីប្រទេសជប៉ុន និងឥណ្ឌាប៉ុណ្ណោះ។
 
របាយការណ៍របស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីសម្រេចបាន ៨៦,៦ម៉ឺនតោន។ ចំនួននេះ គឺបានកើនដល់ជិត៣៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២០ ខណៈការនាំចេញម្រេច បានកើនរហូតដល់៥៥៨ភាគរយ។ កម្ពុជានាំចេញម្រេចទៅទីផ្សារបរទេស សម្រេចបាន ជាង២,២ម៉ឺនតោន។ ប្រទេសដែលជាទីផ្សារធំរបស់កម្ពុជាលើផលិតផលដំណាំទាំង២ប្រភេទនេះ គឺប្រទេសវៀតណាម៕ 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
  ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com