កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ IOC បណ្តេញគ្រូបង្វឹកបេឡរុសពីរនាក់ព្រោះបង្ខំកូនសិស្សឱ្យទៅស្រុកវិញ
06, Aug 2021 , 5:29 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លែងទទួលស្គាល់គ្រូបង្វឹកបេឡារុសពីររូប និងបញញ្ជាឱ្យចេញពីភូមិកីឡា បន្ទាប់ពីគ្រូទាំងពីរត្រូវបានចោទប្រកាន់ថាបង្ខំកូនសិស្សខ្លួន កីឡាការិនីរត់ប្រណាំង Krystsina Tsimanouskaya ចាកចេញពីអូឡាំពិកក្រុងតូក្យូទាំងមិនទាន់ចប់ការប្រកួត។


បើតាមការផ្សាយរបស់កាសែត BBC នៅថ្ងៃទី៦ ខែសីហា IOC បានបញ្ជាក់ថាលោក Artur Shimak និង Yury Maisevich ដែលជាគ្រូបង្វឹក បានចាកចេញពីភូមិកីឡាអូឡាំពិកហើយ។ អ្នកទាំងពីរ ត្រូវបាត់បង់ការទទួលស្គាល់ក្នុងនាមជាគ្រូបង្វឹកកម្រិតអូឡាំពិក ក្រោយពាក់ព័ន្ធការបង្ខំឱ្យកូនសិស្សខ្លួនចាកចេញទាំងនៅសល់ការប្រកួត។
 
រឿងនេះកើតឡើងក្រោយករណីរបស់អត្តពលិករត់ប្រណាំង Timanovskaya ដែលទាក់ទាញការចាប់អារម្មណ៍ជាសកលបន្ទាប់ពីនាងបដិសេធឡើងយន្តហោះត្រឡប់ពីក្រុងតូក្យូទៅផ្ទះវិញដោយការបង្ខំពីក្រុមកីឡាខ្លួន។ ក្រុមមន្ត្រីកីឡាបេឡារុស បាននិយាយថា Timanovskaya ត្រូវបានដកចេញពីក្រុមជម្រើសជាតិហើយបញ្ជូនត្រឡប់ទៅផ្ទះវិញដោយសារតែស្ថានភាពអារម្មណ៍របស់នាង ខណៈដែលកីឡាការិនីវ័យ២៤ឆ្នាំរូបនេះអះអាងថា មិនមែនជាការពិតទេ។
 
Timanovskaya បានបង្ហាញការភ័យខ្លាចពីសុវត្ថិភាព ក្រោយក្រុមមន្ត្រីខ្លួននាំនាងទៅព្រលានយន្តហោះ។ នៅពេលនោះនាងមិនព្រមឡើងយន្តហោះទេ ហើយថែមទាំងស្នើប៉ូលិសជប៉ុននៅទីនោះជួយការពារនាងទៀតផង។ ភ្លាមៗនោះ Timanovskaya បានបង្ហោះលើបណ្តាញសង្គម Instagram ដើម្បីសុំ IOC អន្តរាគមន៍ និងស្នើសុំសិទ្ធិជ្រកកោននៅប្រទេសផ្សេងផងដែរ។
 
សំណុំរឿងនេះ បានផ្តោតសំខាន់ទៅនឹងបញ្ហានយោបាយនៅប្រទេសបេឡារុស។ លោក Alexander Lukashenko ដែលគេចាត់ទុកថាជាប្រធានាធិបតីផ្តាច់ការបេឡារុសក្តោបក្តាប់តំណែងចាប់តាំងពីឆ្នាំ ១៩៩៤ មក។ កាលពីឆ្នាំមុន ការតវ៉ាទូទាំងប្រទេសជុំវិញការបោះឆ្នោតឡើងវិញ លោក Lukashenko បានប្រើកងកម្លាំងសន្តិសុខបង្ក្រាបដោយហិង្សា។ លោក Viktor Lukashenko ដែលជាកូនប្រុសលោកប្រធានាធិបតីបេឡារុស គឺជាប្រធានគណៈកម្មាធិការអូឡាំពិកបេឡារុសស្រាប់។
 
កាលពីថ្ងៃទី៤ ខែសីហា Timanovskaya បានចាកចេញពីក្រុងតូក្យូ ឆ្ពោះទៅដល់ប្រទេសប៉ូឡូញ ជាទីផ្តល់សិទ្ធិជ្រកកោនសម្រាប់នាង។ ទៅដល់ប៉ូឡូញ Tsimanouskaya បានប្រាប់ក្នុងសន្និសីតកាសែត ថាការរិះគន់របស់នាងមិនមែនជាការតវ៉ាទាក់ទងនឹងនយោបាយឡើយ ខ្លួនរិះគន់មន្ត្រីកីឡាដែលមានកំហុសនៅអូឡាំពិកប៉ុណ្ណោះ។ នាងស្រឡាញ់ប្រទេសកំណើត និងមិនក្បត់ប្រទេសខ្លួនឡើយ។
 
ករណីគ្រូបង្វឹកទាំងពីរ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅមិនទាន់ចប់នោះទេ ខណៈ IOC បញ្ជាក់ថានឹងត្រូវស៊ើបអង្កេតបន្តទៀត៕
 

Tag:
 Krystsina Tsimanouskaya
© រក្សាសិទ្ធិដោយ thmeythmey.com