កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ អ្នករត់ប្រណាំងបេឡារុស ដែលមានបញ្ហាជាមួយមន្ត្រីកីឡាខ្លួន បានសិទ្ធិជ្រកកោននៅប៉ូឡូញ
05, Aug 2021 , 9:29 am        
រូបភាព
អត្តពលិកបេឡារុស Krystsina Tsimanouskaya ដែលមិនធ្វើតាមការបង្ខំរបស់មន្ត្រីកីឡាខ្លួនឱ្យឡើងយន្តហោះត្រឡប់ទៅផ្ទះវិញមុនបញ្ចប់ការប្រកួតអូឡាំពិកតូក្យូ បានចាកចេញពីប្រទេសជប៉ុនហើយ។ Timanovskaya បានចាកចេញពីក្រុងតូក្យូ ឆ្ពោះទៅដល់ប្រទេសប៉ូឡូញ ជាទីផ្តល់សិទ្ធិជ្រកកោនសម្រាប់នាង។



កីឡាការិនី Timanovskaya វ័យ២៤ឆ្នាំបានឡើងយន្តហោះពីតូក្យូ ទៅដល់ប៉ូឡូញនៅថ្ងៃទី៤ ខែសីហាហើយ បន្ទាប់ពីរដ្ឋាភិបាលប៉ូឡូញផ្តល់សិទ្ធជ្រកកោនដល់នាង ក្រោយអត្តពលិករត់ប្រណាំងរូបនេះមានបញ្ហាជាមួយមន្ត្រីកីឡាខ្លួនអំឡុងការប្រកួតនៅអូឡាំពិករដូវក្តៅ។
 
Tsimanouskaya បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសផ្សេង ព្រោះមិនហ៊ានត្រឡប់ទៅប្រទេសកំណើតបេឡារុសវិញ។ មិនហ៊ានត្រឡប់ទៅផ្ទះ ដ្បិតនាងមានបញ្ហាជាមួយមន្ត្រីកីឡាបេឡារុស បន្ទាប់ពីរិះគន់មន្ត្រីកីឡាអំឡុងព្រឹត្តិការណ៍អូឡាពិកឆ្នាំ២០២០។
 
ក្រោយរិះគន់ Tsimanouskaya ត្រូវបានតំណាងក្រុមកីឡាអូឡាំពិកបេឡារុសនាំទៅព្រលានយន្តហោះ ដើម្បីបញ្ជូនត្រឡប់ទៅផ្ទះវិញទាំងមិនទាន់ប្រកួតចប់វិញ្ញា។ អត្តពលិករូបនេះ បង្ហាញការភ័យខ្លាចចំពោះសុវត្ថិភាពចំពោះសុវត្ថិភាពខ្លួនចំពោះទង្វើរបស់មន្ត្រីកីឡាបេឡារុស។ លោក Viktor Lukashenko ដែលជាកូនប្រុសលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ជាប្រធានគណៈកម្មាធិការអូឡាំពិកបេឡារុសស្រាប់។
 
Tsimanouskaya បានប្រាប់កាសែត BBC ថាការរិះគន់របស់នាងមិនមែនជាការតវ៉ាទាក់ទងនឹងនយោបាយឡើយ ហើយនាងខ្ញុំស្រឡាញ់ប្រទេសកំណើត និងមិនក្បត់ប្រទេសខ្លួនឡើយ។ កីឡាការិនីរត់ល្បឿន១០០ម៉ែត្រ និងចម្ងាយ២០០ម៉ែត្ររូបនេះ បន្ថែមថាខ្លួនរិះគន់មន្ត្រីកីឡាដែលមានកំហុសនៅអូឡាំពិកប៉ុណ្ណោះ៕
 

Tag:
 Krystsina Tsimanouskaya
© រក្សាសិទ្ធិដោយ thmeythmey.com