COVID-19
ជាតិ
ជាអ្នក​គ្រប់គ្រងសាកសពអ្នកជំងឺកូវីដ-១៩ លោក យឹម វាសនា ប្រុងប្រយ័ត្នខ្ពស់ និងគោរពដល់​សពជានិច្ច
07, Aug 2021 , 7:59 pm        
រូបភាព
លោក យឹម វាសនា ប្រធានក្រុមការងារគ្រប់គ្រងសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ
លោក យឹម វាសនា ប្រធានក្រុមការងារគ្រប់គ្រងសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក យឹម វាសនា ជាបុគ្គលចុងក្រោយនៅជាមួយសាកសពអ្នកជំងឺកូវីដ-១៩ ​ដែលគ្មាន សាច់ញាតិ សូម្បី តែម្នាក់អាចនៅក្បែរបាន។ ទោះបីការងារជា អ្នកគ្រប់គ្រង និងវេចខ្ចប់សាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគដ៏សាហាវនេះក៏ពិតមែន ប៉ុន្តែលោក វាសនា មិនរួញរាក្នុងការបំពេញកិច្ចការងារនេះជូនជាតិឡើយ។  លោកពិត ជាមោទកភាព ក្នុងការខិតខំបំពេញការងារដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងគោរពដល់សាកសពជានិច្ច។

 
 
លោក យឹម វាសនា ជាប្រធានក្រុមការងារគ្រប់គ្រងសពប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។ ក្រោយមានការ ផ្ទុះឡើងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា លោកក៏ត្រូវបានជ្រើសតាំងជាអ្នកទទួលខុសត្រូវ លើសាកសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រុមការងាររបស់លោក វាសនា អ្នកជាប្រមូលសព អ្នកដែល ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាមផ្ទះនិងនៅតាមមន្ទីរពេទ្យ ឬមណ្ឌល ព្យាបាលជំងឺ កូវីដ-១៩ នៅជុំវិញរាជធានីភ្នំពេញ។ 


 ក្រុមការងារបូជាសព 

ថ្វីដ្បិតថា ការងារគ្រប់គ្រងសពស្ថិតនៅក្នុងជំនាញរបស់ខ្លួនដែលបានអនុវត្តអស់ប្រមាណ១០ឆ្នាំក៏ពិតមែន ប៉ុន្តែការប្រឈមមុខលើកដំបូងជាមួយសាកសពដែលស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជានោះ បានធ្វើឱ្យលោក វាសនា ជួបនឹងការលំបាក និងភ័យខ្លាចឆ្លងជំងឺនេះ មិនខុសពីគ្រូពេទ្យ និងប្រជាជនទូទៅ ឡើយ។ តែដោយសារការតាំងចិត្តខ្ពស់ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុត ពីការចម្លងនូវមេរោគកូរ៉ូណា  អ្នកបច្ចេកទេសរូបនេះ ព្យាយាមពង្រឹងស្មារតីខ្លួនឯង និងក្រុមការងារ ក្នុងការបំពេញកិច្ចការងារនេះបានដោយរលូន​ មកទល់សព្វថ្ងៃ។ 
 
«យើងជាអ្នកបច្ចេកទេសនៃការគ្រប់គ្រងសពអ្នកជំងឺកូវីដ-១៩។ បើយើងអត់ចូលទៅសមរភូមិហ្នឹងទេ គឺអត់មានអ្នកណាហានចូលទៅទេ។ ​ជាពិសេសខ្ញុំជាអ្នកដឹកនាំ ខ្ញុំត្រូវតែចូលទៅមុនពួកគាត់[ក្រុមការងារ] ដើម្បីឱ្យពួកគាត់ធ្វើការងាររឿងហ្នឹងជាមួយយើងក្នុងស្មារតីប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់បំផុត»។​​ នេះជាអ្វីដែលលោក វាសនា ប្រកាន់ភ្ជាប់ជានិច្ច នៅពេលចុះប្រមូលឬរៀបចំសាកសពជាមួយក្រុមការងាររបស់ខ្លួន។ 


  ក្រុមការងាររបស់លោក យឹម វាសនា យកសពអ្នកជំងឺកូវីដ-១៩មកបូជានៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ។

ក្រោយមានការឆ្លងរាលជំងឺកូវីដ-១៩ដែលផ្ទុះឡើងចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក កម្ពុជាបានប្រកាសករណីស្លាប់ដំបូងដោយសារជំងឺនេះលើបុរសខ្មែរវ័យ៥០ឆ្នាំម្នាក់ កាលពីថ្ងៃទី១១មីនា ឆ្នាំ២០២១។ ចាប់ពីពេលនោះមក ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺនេះ​បានកើនឡើងជាបន្តបន្ទាប់។ ការងារគ្រប់គ្រងសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ អស់រយៈពេលប្រមាណជាកន្លះឆ្នាំមកនេះ  បានទាមទារឱ្យលោក វាសនា ត្រូវមានទទួលខុសត្រូវខ្ពស់ក្នុងការវេចខ្ចប់ ថែរក្សា​​និងបូជាសពអ្នកជំងឺកូវីដ-១៩ ទៅតាមបច្ចេកទេសបែបវេជ្ជសាស្រ្ត ដោយមិនរួញរាឡើយ។ 
 
«សពនីមួយៗ មុននឹងយើងដាក់ទៅកន្លែងបូជា យើងវេចខ្ចប់សពទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។ យើងមានក្រណាត់វេចខ្ចប់ឬរុំសពឱ្យបានស្អាត ហើយយើងយកសពនោះ ដាក់ចូលក្នុងថង់មួយជាន់ទៀត ដែលជាថង់សុវត្ថិភាព»។ នេះជាការលើកឡើងរបស់លោក យឹម  វាសនា  ដោយបានបន្តរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ​៖ «ក្រោយមកយើងយកថ្នាំបាញ់លើថងហ្នឹង​ ហើយយើងនឹងយកសពនោះដាក់ក្នុងក្តារមឈូស ដើម្បីរង់ចាំថ្ងៃសម្រាប់បូជា»។ 
 
បើតាមលោក វាសនា ​ សពអ្នកជំងឺកូវីដ-១៩ ក្រោយក្រុមការងារបំពេញបែបបទនិងរៀបចំវេចខ្ចប់រួចហើយ គឺត្រូវបានក្រុមការងារបានយកសពទាំងនោះ ទៅបូជាម្តងមួយៗនិងទុកដាក់ធាតុយ៉ាងត្រឹមត្រូវ សម្រាប់ផ្តល់ជូនក្រុមគ្រួសារសព ដោយធានាយ៉ាងណាមិនឱ្យមានការច្រឡំធាតុឡើយ។ «សពនីមួយៗ ត្រូវបានក្រុមការងារបច្ចេកទេសយើងដាក់លេខកូដចំណាំ និងផ្ទៀងផ្ទាត់យ៉ាងល្អិតល្អិនមុននឹងបូជា ក៏ដូចជាមុនប្រគល់ធាតុឱ្យគ្រួសារសព»។ 
 
បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានកន្លែងបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន៤កន្លែង។ ក្នុងនោះ មាននៅវត្តឫស្សីសាញ់ ក្នុងខណ្ឌដង្កោ, នៅវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ, វត្តមួយកន្លែងទៀត នៅក្នុងខណ្ឌព្រែកព្នៅ និងកន្លែងបូជាសាកសពរបស់អ្នកជំងឺកូវីដ-១៩ តាមបែបប្រពៃណីមួយទីតាំងទៀត។  ដោយឡែក កន្លែងបូជាសពថ្មីចំនួន២ទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំនិងដំឡើងឡបូជាសពដោយស្វ័យប្រវត្តិនោះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អះអាងប្រាប់សារព័ត៌មានThmeyThmey ថា នឹងធ្វើរួចរាល់នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២១។  
 
លោក បានបន្ថែមថា៖«ឥឡូវហ្នឹង យើងលែងកកស្ទះសពអ្នកស្លាប់ដោយសារកូវីដ-១៩ទៀតហើយ។ ក្រោយឡបូជាសពដោយស្វ័យប្រវត្តិដំឡើងរួច យើងសង្ឃឹមថា នៅភ្នំពេញ នឹងលែងមានការកកស្ទះសព ក្នុងការបូជាប្រចាំឡើយ»។

គិតត្រឹមមកទល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា មានសរុប ៨១,៣៣៥នាក់។ ក្នុងនោះ អ្នកសះស្បើយមាន ៧៤,៧៤៥នាក់ និងស្លាប់ ១,៥៣៧នាក់៕ 
 

Tag:
 COVID-19
  សព
  លោក យឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com