អន្តរជាតិ
អង់គ្លេស ប្រាប់ពលរដ្ឋខ្លួនឱ្យចាកចេញពីអាហ្វហ្កានីស្ថានជាបន្ទាន់
07, Aug 2021 , 5:01 pm        
រូបភាព
ចក្រភពអង់គ្លេស បានប្រាប់ពលរដ្ឋរបស់ខ្លួនទាំងអស់ឱ្យចាកចេញពីអាហ្វហ្កានីស្ថានជាបន្ទាន់ ព្រោះស្ថានការណ៍ក្នុងប្រទេសនេះកាន់តែគ្រោះថ្នាក់ ខណៈការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់មានសភាពក្ដៅឡើងៗ។ ជាលើកដំបូងតាំងពីចាប់ផ្ដើមយុទ្ធនាការខែឧសភា ក្រុមតាលីបង់ ក៏បានចូលកាន់កាប់ទីក្រុងសំខាន់មួយនៅភាគពាព្យផងដែរ។

 
ក្រោយការប្រកាសដកទ័ពរបស់អាមេរិក និងសម្ព័ន្ធមិត្តពីអាហ្វហ្កានីស្ថាន សភាពការណ៍ក្នុងប្រទេសក៏ប្រែទៅជាផុយស្រួយកាន់តែខ្លាំង ដោយក្រុមឧទ្ទាមតាលីបង់បានបង្កើនការប្រយុទ្ធរបស់ខ្លួនដើម្បីត្រួតត្រាប្រទេសឡើងវិញ។ ការដកទ័ពរបស់អាមេរិក នឹងបញ្ចប់នៅចុងខែសីហានេះ ហើយគេបារម្ភថា រដ្ឋាភិបាលក្រុងកាប៊ុល នឹងមិនអាចទប់ទល់ការរុលទៅមុខរបស់កម្លាំងក្រុមតាលីបង់ឡើយ។ ប្រទេសជាច្រើន ចាប់ផ្ដើមប្រាប់ឱ្យប្រជាជនពួកគេចាកចេញពីអាហ្វហ្កានីស្ថាន។ 
 
ក្នុងសេចក្ដីណែនាំថ្មីរបស់ក្រសួងការបរទេស ខំមិនវែល និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសចេញថ្ងៃទី៦ ខែសីហា ប្រជាជនអង់គ្លេសដែលរស់នៅអាហ្វហ្កានីស្ថាន ត្រូវបានណែនាំឱ្យចាកចេញភ្លាមតាមជើងយន្តហោះពាណិជ្ជកម្ម បើសិនជាអាច ព្រោះស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ ចក្រភពអង់គ្លេស ក៏ព្រមានពលរដ្ឋរបស់ខ្លួនឯទៀតមិនត្រូវធ្វើដំណើរទៅកាន់អាហ្វហ្កានីស្ថានផងដែរ។
 
ជាមួយគ្នានេះ ក្រសួងការបរទេសអង់គ្លេស ក៏រំឭកពលរដ្ឋដែលកំពុងនៅអាហ្វហ្កានីស្ថាន កុំរំពឹងលើការជម្លៀសបន្ទាន់ណាមួយ ព្រោះវាមានកំណត់ប៉ុណ្ណោះ។ 
 
ការព្រមានរបស់អង់គ្លេស ក៏កើតឡើងស្របពេលដែលក្រុមឧទ្ទាមតាលីបង់បង្កើនសកម្មភាពរបស់ខ្លួនប្រឆាំងរដ្ឋាភិបាលក្រុងកាប៊ុល។ ការដកទ័ពរបស់អាមេរិក និងសម្ព័ន្ធមិត្តចម្រុះ ផ្ដល់ឱកាសឱ្យក្រុមជ្រុលនិយមមួយនេះ វាយដណ្ដើមត្រួតត្រាទឹកដីកាន់តែទូលាយ។ តាមការប៉ាន់ស្មាននានា ក្រុមនេះទំនងជាគ្រប់គ្រងទីជនបទនៅអាហ្វហ្កានីស្ថានទាំងស្រុងទៅហើយ និងកំពុងបន្តវាយយកទីក្រុងធំៗបន្តបន្ទាប់ទៀត។
 
នៅថ្ងៃទី៦ ខែសីហា ក្រុមតាលីបង់ បានចូលគ្រប់គ្រងទីក្រុង Zaranj ទីរួមខេត្ត Nimroz នៅភាគពាយព្យប្រទេស ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីរួមខេត្តទីមួយធ្លាក់ក្រោមដៃក្រុមឧទ្ទាមគិតតាំងពីខែឧសភាមក។ អភិបាលរងខេត្ត លោក Roh Gul Khairzad ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងនេះដោយមិនមានការប្រយុទ្ធឡើយ៕ 
 

Tag:
 អង់គ្លេស
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com