រថយន្ត
អន្តរជាតិ
នាយករដ្ឋមន្ត្រីឡាវ សន្យាកាត់បន្ថយចំណាយលុយជាតិលើការទិញរថយន្តឲ្យមន្ត្រី
09, Aug 2021 , 8:39 pm        
រូបភាព
រូបថត Laotian Times
រូបថត Laotian Times
នាយករដ្ឋមន្រ្តីឡាវ ផាន់ខាំ វិផាវណ្ណ បានប្រកាសការប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយលការចាយលុយរដ្ឋដើម្បទិញឡានសម្រាប់មន្រ្តី និងអង្គភាពរដ្ឋ។ ការកាត់បន្ថយនេះ មានគោលដៅសន្សំថវិកាជាតិស្របពេលឡាវប្រឈមមុខបញ្ហាហិរញ្ញវត្ថុ។


ថ្លែងទៅកាន់សម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភានីតិកាលទី ៩ នៅសប្តាហ៍មុន ប្រមុខរដ្ឋាភិបាលឡាវ ផាន់ខាំ វិផាវណ្ណ បានប្រកាសគោលនយោបាយរឹតត្បិតលើការប្រើប្រាស់ថវិការដ្ឋដែលមិនចាំបាច់។ ការទិញឡានសម្រាប់មន្រ្តីជាន់ខ្ពស់ទាំងកំពុងកាន់តំណែង និងចូលនិវត្តន៍ និងសម្រាប់អង្គភាពរដ្ឋនានា នឹងត្រូវផ្អាកដើម្បីសន្សំលុយរដ្ឋ។
 
ជាច្រើនឆ្នាំមកហើយ ការប្រើប្រាស់ថវិកាជាតិយ៉ាងច្រើនលើការចំណាយទិញយានយន្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការរដ្ឋ ជាពិសេសសម្រាប់ការប្រើប្រាស់ដោយមន្រ្តី ជាបន្ទុកធ្ងន់លើការចំណាយរបស់រដ្ឋ។ ការដោះស្រាយបញ្ហារ៉ាំរ៉ៃនេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកជារឿងសំខាន់ និងចាត់ថ្នាក់ជារបៀបវារៈជាតិដែលទាមទារឱ្យមានសកម្មភាពរួម និងបន្ទាន់។
 
ថ្លែងទៅកាន់សមាជិកសភាទាក់ទងគោលនយោបាយរឹតបន្តឹងរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាន់ខាំ ប្រកាសថា រឿងដែលលោកនឹងធ្វើនៅប៉ុន្មានថ្ងៃទៀតនេះ គឺការកាត់បន្ថយចំណាយលើការទិញយានយន្តរដ្ឋ។
 
«យើងមានរថយន្តរដ្ឋលើសតម្រូវការច្រើនពាន់គ្រឿង» ។ នេះជាការលើកឡើងរបស់លោក ផាន់ខាំ ។ រដ្ឋាភិបាលឡាវ ក៏បានចេញសេចក្តីព្រាងក្រឹត្យស្តីពីចំនួនយានយន្តរបស់រដ្ឋ ដែលកំណត់ចំនួនយានយន្តដែលត្រូវការសម្រាប់គោលដៅជាក់លាក់។ លោក ផាន់ខាំ អះអាងថា លោកត្រៀមចុះហត្ថលេខាលើក្រឹត្យផងដែរ។ 
 
បើតាមក្រឹត្យនេះ សមាជិកនៃការិយាល័យនយោបាយបក្សកុម្មុយនីស្តឡាវ នឹងទទួលបានពីរគ្រឿងសម្រាប់ប្រើប្រាស់ដោយមានជាប្រភេទ SUV និងមួយទៀតប្រភេទ Sedan ។ នេះជាការកាត់បន្ថយឡានសម្រាប់មន្រ្តីជាន់ខ្ពស់ដែលពីមុន ទទួលបានឡានជាច្រើនគ្រឿង។ ចំណែកយានជំនិះដែលលើសពីតម្រូវការ នឹងត្រូវផ្ទេរទៅអង្គភាពរដ្ឋផ្សេងទៀតដែលមិនមានរថយន្តគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងកិច្ចការរដ្ឋ។ 
 
លើសពីនេះទៀត មន្រ្តីជាន់ខ្ពស់ដែលចូលនិវត្តន៍ នឹងមិនត្រូវបានផ្តល់ឡានដូចមុនឡើយ។ ករណីលើកលែង ត្រូវបានអនុវត្តសម្រាប់មន្រ្តីដែលទទួលបានរួចហើយ។ នេះបើតាមការផ្សាយរបស់កាសែត Vientiane Times ។
 
ជាមួយគ្នានេះ លោក ផាន់ខាំ ក៏លើកពីផែនការទិញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីដើម្បីប្រើប្រាស់ ព្រោះសន្សំថាមពលបានច្រើន៕
 

Tag:
 ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com