COVID-19
អន្តរជាតិ
ព្រុយណេ មានករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្ពស់បំផុត
09, Aug 2021 , 9:57 pm        
រូបភាព
គ្រូពេទ្យព្រុយណេ_ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ_១៩_ដល់ប្រជាជន។
គ្រូពេទ្យព្រុយណេ_ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ_១៩_ដល់ប្រជាជន។
ព្រុយណេ នៅថ្ងៃទី៩ ខែសីហា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងដល់ ៤២ករណី ដែលជាតួលេខដ៏ខ្ពស់បំផុត ចាប់តាំងពីផ្ទុះកូវីដ-១៩នៅចុងឆ្នាំ២០១៩ ។ កំណត់ត្រានេះ កើតឡើងបន្ទាប់ពីព្រុយណេមានករណីឆ្លងក្នុងស្រុកលើកដំបូង ក្នុងរយៈពេល ១៥ខែកន្លងមកនេះ។



ព្រុយណេ គឺជាប្រទេសមួយដែលអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងតឹងមួយ ដោយក្នុងនោះរួមទាំងវិធានចត្តាឡីស័កផង។ នៅថ្ងៃទី៧ ខែសីហា ព្រុយណេ បានរាយការណ៍ករណីឆ្លងក្នុងស្រុកលើកដំបូង ក្នុងរយៈពេល ១៥ខែមកនេះ។ ព្រុយណេរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាសហគមន៍ចុងក្រោយនៅខែឧសភា ឆ្នាំ២០២០។ 
 
ជាមួយគ្នានេះ ព្រុយណេ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃដ៏ច្រើនបំផុតចាប់តាំងពីចុងឆ្នាំ២០១៩។ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែសីហា បានអះអាងថា មានករណីឆ្លងប្រចាំថ្ងៃចំនួន ៤២ករណី។ យ៉ាងណាមិញ ភាគច្រើននៃករណីឆ្លងថ្មីនេះ មិនត្រូវបានអាជ្ញាធររកឃើញប្រភពឡើយ។ 
 
«បើធៀបនឹងឆ្នាំមុន យើងមិនដឹងពីប្រភពនៃករណីឆ្លងជាច្រើន»។ រដ្ឋមន្រ្តីសុខាភិបាល លោក Mohd Isham Jaafar បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានបែបនេះ ដោយបន្ថែមថា ករណីឆ្លងជាចង្កោមមួយ មានពាក់ព័ន្ធនឹងមជ្ឈមណ្ឌលចត្តាឡីស័កមួយកន្លែង។ ករណីឆ្លងថ្មីនេះ បានធ្វើឱ្យមណ្ឌលចត្តាឡីស័កជាច្រើនកន្លែងត្រូវពេញ ខណៈពេលអាជ្ញាធរកំពុងស៊ើបអង្កេតពីករណីឆ្លងព្រំដែនខុសច្បាប់។ 
 
ស្របគ្នានេះ ព្រុយណេ ក៏បានបញ្ជូនសំណាក អ្នកជំងឺកូវីដ-១៩ ទៅសិង្ហបុរីផងដែរ ដើម្បីពិនិត្យរកវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ បន្ទាប់ពីករណីឆ្លងផ្ទុះឡើងវិញ ព្រុយណេ បានបិទសាលារៀន ហាមឃាត់ការជួបជុំជាសាធារណៈ និងអាជីវកម្មមិនចាំបាច់ជាច្រើន ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស។ 
 
មកទល់ពេលនេះ ព្រុយណេ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ១៨ម៉ឺនដូសដល់ប្រជាជនរបស់ខ្លួន ដោយប្រជាជនប្រមាណ ៤ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ ព្រុយណេមានប្រជាជនសរុបប្រមាណ ៤៥ម៉ឺននាក់៕ 
 

Tag:
 ព្រុយណេ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com