ជាតិ
សង្គមជាតិ
អាជីវករផ្សារកំពង់ធំ ចំនួន​៩៤នាក់ បានឆ្លងជំងឺកូវីដ-១៩
10, Aug 2021 , 10:25 am        
រូបភាព
រូបភាពពីរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ
រូបភាពពីរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ដោយ:
ភ្នំពេញ៖ អាជីវករផ្សារកំពង់ធំ ក្នុងខេត្តកំពង់ធំ ចំនួន៩៤នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោម អាជីវករ និងពលរដ្ឋសរុប ១.០៦៥នាក់ ដែលបានយក​សំណាកតេស្ត កាល​ពីថ្ងៃទី៨ ខែសីហា។ លោក ម៉ាក់ ប៊ុនហេង អភិបាលក្រុងស្ទឹងសែន​បញ្ជាក់ប្រាប់​សារព័ត៌​មាន​ថ្មីៗតាមទូរសព្ទដូច្នេះ។

 
បើតាមអភិបាលក្រុងស្ទឹងសែនសំ​ណាករបស់អ្នកវិជ្ជមាន​ទាំង៩៤នាក់នោះ នឹងត្រូវយកទៅវិភាគបន្តទៀតនៅវិទ្យាស្ថានបាស្ទ័រកម្ពុជា ដើម្បីបញ្ជាក់ពីករណីបំប្លែងថ្មី Delta។  លោក ម៉ាក់ ប៊ុនហេង បន្តប្រាប់សារព័ត៌មានថ្មីៗទៀតថា ​ក្នុងចំណោមអ្នកវិជ្ជមានទាំង៩៤នាក់នេះ ភាគច្រើន​បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង២ដូសរួចហើយ។ បច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យា​បាល នៅមណ្ឌលព្យាបាលកម្រិតស្រាលរបស់ខេត្ត។  ចំពោះមុខករណីឆ្លងនេះ អាជ្ញាធរបាន​បិទផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ខេត្តកំពង់ធំ ជាបណ្តោះអាសន្នដើម្បីគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទ Delta។
 
សូមជម្រាបថា នៅថ្ងៃទី៩ សីហា បានរកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ សរុប ១១០នាក់ និងមានអ្នកស្លាប់២នាក់ផងដែរ។ បច្ចុប្បន្ននេះ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺនេះចំនួន ២.៤៤២នាក់ ក្នុងនោះ១.៤១៤នាក់ បានជាសះស្បើយ ស្លាប់៧០នាក់ និង៩៥៨នាក់ កំពុងសម្រាកព្យាបាល​។
ចំពោះករណីសរុបនៅកម្ពុជាវិញ គឺមាន​ចំនួន ៨២.៣៩៩នាក់ ក្នុងនោះមាន៣៨៥នាក់ ជាករណីបំប្លែងថ្មី Delta។ អ្នកជាសះស្បើយមាន៧៦.១៥៥នាក់ ​និង១.៥៨៥នាក់បានស្លាប់៕
 
 
 
 

Tag:
 ផ្សារ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com