អន្តរជាតិ
យោធាមីយ៉ាន់ម៉ាថា ការប៉ងធ្វើឃាតទូតមីយ៉ាន់ម៉ាប្រចាំ UN មិនមែនជាទង្វើខ្លួនឡើយ
10, Aug 2021 , 2:42 pm        
រូបភាព
លោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ាប្រចាំ UN
លោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ាប្រចាំ UN
ក្រសួងការបរទេសរបបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី៩ ខែសីហា បានបដិសេធការជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងវាយប្រហារតំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) លោក Kyaw Moe Tun នៅ ទីក្រុងញូវយ៉ក។ ក្រសួងការដដែលនេះអះអាង នេះមិនមែនជាទង្វើរបស់ខ្លួននោះទេ ហើយបញ្ហាដែល កើតឡើង ជាហេតុការណ៍ក្នុងស្រុករបស់អាមេរិកតែប៉ុណ្ណោះ។

 
លោក Kyaw Moe Tun ដែលត្រូវតែងតាំងដោយរដ្ឋាភិបាលស៊ីវិល នៅតែបន្តការងាររបស់ខ្លួនជា តំណាងមីយ៉ាន់ម៉ាប្រចាំ UN និងចេញប្រឆាំងនឹងរបបសឹក ខណៈត្រូវបានរដ្ឋាភិបាលយោធាបណ្ដេញ ចេញពីតំណែងក្ដី ។ លោករងការគំរាមគំហែងដល់ជីវិត ហើយតុលាការអាមេរិកបានចោទជនសង្ស័យជាជនជាតិមីយ៉ាន់ម៉ាពីរនាក់រួចមកហើយ ដែលរៀបចំគម្រោងនេះ។​​ អាមេរិក ក៏កំពុងតែស៊ើបបន្ថែមថា រឿងនេះទាក់ទងរបបសឹក ឬយ៉ាងណា។
 
 
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចេញមុខបដិសេធថា ខ្លួនមិនទាក់ទងផែនការនេះឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍រដ្ឋ MRTV នៅថ្ងៃទី៩ ខែសីហា ក្រសួងការបរទេសមីយ៉ាន់ម៉ាលើកឡើងថា​ ព្រឹត្តិ ការណ៍នេះ ជាសំណុំរឿងក្នុងស្រុកមួយនៅអាមេរិក ហើយសាលក្រមត្រូវតែធ្វើឡើងនៅអាមេរិកយោង តាមច្បាប់របស់អាមេរិក និងមិនមានអ្វីទាក់ទងមីយ៉ាន់ម៉ាទេ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់របបយោធាចាប់តាំងពីការចាប់ខ្លួនពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ពាក់ព័ន្ធ ការចោទប្រកាន់ខាងលើ ក្រសួងការបរទេសមីយ៉ាន់ម៉ា ក៏បានច្រានចោលការចោទប្រកាន់របស់ តំណាងអាមេរិក ប្រចាំ UN លោកស្រី Linda Thomas-Greenfield មកលើខ្លួនដែរ​។ លោក ស្រីបានលើកឡើងនៅទី៧ ខែសីហា ថា របបយោធាមីយ៉ាន់ម៉ាជាអ្នកធ្វើសកម្មភាពនេះ ហើយរបប យោធាត្រូវតែប្រឈមមុខការថ្កោលទោសរបស់ពិភពលោក។
 
បន្ថែមពីនេះ ក្រសួងការបរទេសរបបសឹកសង្កត់ធ្ងន់ថា លោក Kyaw Moe Tun ត្រូវបាន ទម្លាក់ពីតំណែងរួ​ចមកហើយ។ បច្ចុប្បន្នលោកប្រឈមជាមួយដីកាចាប់ខ្លួនពីបទក្បត់ជាតិ ដោយសារតែបានគាំទ្រដល់រដ្ឋាភិបាលស៊ីវិល។
 
គួរបញ្ជាក់ថា អាជ្ញាធរអាមេរិកបានរកឃើញជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំងពីរ ធ្លាប់ទាក់ទងជាមួយឈ្មួញអាវុធនៅថៃម្នាក់ដែលមានបណ្ដាញជាមួយពួកយោធានៅមីយ៉ាន់ម៉ា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com