កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មគណៈកម្មាធិការអូឡាំពិកបេឡារុស ដោយចោទថាជាកន្លែងលាងលុយ
12, Aug 2021 , 8:29 am        
រូបភាព
គណៈកម្មាធិការអូឡាំពិកបេឡារុស (BOC) នៅថ្ងៃទី១០ ខែសីហា បានច្រានចោលទណ្ឌកម្មរបស់អាមេរិក ដោយចោទស្ថាប័នខ្លួនជួយសម្រួលការលាងលុយកខ្វក់ពីសំណាក់រដ្ឋាភិបាលបេឡារុស។ ទាំងទណ្ឌកម្មថ្មី និងមានស្រាប់ ត្រូវបាន BOC អះអាងថាជាទង្វើគ្មានមូលដ្ឋានរបស់អាមេរិក។


ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពបេឡារុសមួយចំនួន រួមទាំងគណៈកម្មាធិការអូឡាំពិកបេឡារុស (BOC) ផង ក្នុងគោលបំណងដាក់សម្ពាធលើប្រធានាធិបតី Alexander Lukashenko។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ការដាក់ទណ្ឌកម្មរបស់អាមេរិកលើ BOC ក្រៅពីជាប់ពាក់ព័ន្ធការលាងលុយ ក៏មានជាប់ទាក់ទងករណីកីឡាការិនីរត់ប្រណាំងបេឡារុស Krystsina Tsimanouskaya ផង ដែលសព្វថ្ងៃនាងត្រូវបង្ខំចិត្តសុំសិទ្ធិជ្រកកោននៅប្រទេសប៉ូឡូញ ព្រោះភ័យខ្លាចមិនហ៊ានត្រលឡប់ទៅប្រទេសកំណើត។
 
អំឡុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ Tsimanouskaya បានបដិសេធជិះយន្តហោះត្រលប់ទៅផ្ទះវិញបន្ទាប់ពីក្រុមមន្ត្រីកីឡាបេឡារុសនាំនាងទៅអាកាសយានដ្ឋាន ទាំងសាមីខ្លួនមិនព្រម។ អត្តពលិករត់ប្រណាំងរូបនេះ អះអាងថាពួកគេធ្វើដូច្នេះ បន្ទាប់ពីនាងរិះគន់មន្ត្រីកីឡាបេឡារុស នៅកីឡារដូវក្តៅដែលទើបបញ្ចប់ថ្មីៗនេះ។ 
 
BOC បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា បានធ្វើសកម្មភាពក្រៅពីហេតុផលនយោបាយមកលើខ្លួន។ «ការដាក់ទណ្ឌកម្មរបស់អាមេរិក មានន័យថាពួកគេបានមើលស្រាលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ព្រោះ BOC ស្ថិតក្រោមការតាមដានល្អិតល្អន់ណាស់ ពីសំណាក់ IOC។ យើងមើលឃើញថា ការសម្រេចចិត្តនេះគ្មានមូលដ្ឋានច្បាស់លាស់ទេ វាគ្រាន់តែបង្កឱ្យមានភាពច្របូកច្របល់ប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់ BOC ដែលមិនពេញចិត្តការដាល់ទណ្ឌកម្មរបស់អាមេរិក និងការចោទស្ថានប័នខ្លួន ជាទីលាងលុយរបស់រដ្ឋាភិបាលបេឡារុស។
 
រដ្ឋាភិបាលលោកខាងលិច បានព្យាយាមដាក់សម្ពាធលើ លោក Lukashenko ប្រធានាធិបតីបេឡារុស ដែលត្រូវបានចោទប្រកាន់ពីបទបន្លំសន្លឹកឆ្នោត នាការបោះឆ្នោតខែសីហា ឆ្នាំ ២០២០ និងចាប់អ្នកនយោបាយបក្សប្រឆាំងដាក់គុក ដើម្បីពន្យារការកាន់អំណាច រយៈពេល ២៧ ឆ្នាំ។ យ៉ាងណាលោក Lukashenko អះអាងថា ខ្លួនឈ្នះការបោះឆ្នោតដោយយុត្តិធម៌ ខណៈអ្នកប្រឆាំង កំពុងអំពាវនាវឱ្យមានរដ្ឋប្រហារ៕
 

Tag:
 BOC
  Krystsina Tsimanouskaya
© រក្សាសិទ្ធិដោយ thmeythmey.com