COVID-19
ជាតិ
សេដ្ឋកិច្ច
IMF សម្រេចឱ្យលុយ២៤០លានដុល្លារដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩
12, Aug 2021 , 8:59 am        
រូបភាព
រូបតំណាង៖ បរិវេណនៅម្តុំផ្សារដើមគត្រូវបានអាជ្ញាធរបិទខ្ទប់កាលពីថ្ងៃទី៣សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩
រូបតំណាង៖ បរិវេណនៅម្តុំផ្សារដើមគត្រូវបានអាជ្ញាធរបិទខ្ទប់កាលពីថ្ងៃទី៣សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ កម្ពុជានឹងទទួលហិរញ្ញប្បទានឥតសំណងចំនួន២៤០លានដុល្លារ ពី​​គណនីមូលនិធិពិសេស របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម( OXFAM)។​

       
ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអនុម័តការវិភាជថវិកាទូទៅមួយ ​ពី​​គណនីមូលនិធិពិសេស (the largest Special Drawing Rights (SDRs) ជាប្រវត្តិសាស្ត្រក្នុងកញ្ចប់ថវិកា៦៥០ ពាន់លានដុល្លារ កាលពីដើមខែសីហា ឆ្នាំ២០២១  ដើម្បីជំរុញលទ្ធភាពទូទាត់ការចំណាយ ​របស់សកលលោក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម នាថ្ងៃទី១១សីហា ក្នុងចំណោមកញ្ចប់ថវិកា៦៥០ពាន់លានដុល្លារនេះ គឺមាន២៤០លានដុល្លារដែលកម្ពុជា នឹងទទួលបាន។ 
 
នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម លោកស្រី លីម សូលីន មានប្រសាសន៍ថា ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជាផងដែរ ​ដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ លោកស្រី សូលីន បានវាយតម្លៃថា ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា បានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន។​ 
 
នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាមរូបនេះ បន្តនិយាយថា៖«ទោះជាយ៉ាងណាក៏ដោយ នៅមានកិច្ចការចាំបាច់ជាច្រើនទៀតដែលគួរធ្វើ ហើយយើងសូមអំពាវឱ្យរាជរដ្ឋាភិបាល បន្តធ្វើការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឱ្យបានល្អបំផុត»។ បើតាមលោកស្រី សូលីន កញ្ចប់ជំនួយថវិកាឥតសំណង ដែលកម្ពុជានឹងទទួលបាននេះ សម្រាប់ស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩នេះ  គឺផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញ ពីជំងឺរាតត្បាតជាសកលនេះ ប្រកបដោយលក្ខណៈប្រកបដោយសមភាព និងកាន់តែមាននិរន្តរភាពថែមទៀត។
 
យោងតាមរបាយការណ៍ILO  បច្ចុប្បន្ន វិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធ តំណាងឱ្យ៨៧,៥ភាគរយនៃសេដ្ឋកិច្ចកម្ពុជា ហើយក្រសួងផែនការបានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៦លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេ ខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត។ ចំពោះបញ្ហានេះ លោកស្រី សូលីន ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវធានាថាកម្មវិធីផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចកម្ពុជា។  
 
លោកស្រី លឹម សូលីន បានកោតសរសើរដល់ការខិតខំរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ក្នុងការធានាដល់ក្រុមជនងាយរងគ្រោះដូចជា ស្ត្រី និងក្មេងស្រី ដែលប្រឈមនឹងអំពើហិង្សាផ្លូវភេទ និងអំពើហិង្សាពាក់ព័ន្ធយេនឌ័រ ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាព  ជនជាតិភាគតិច អ្នករស់នៅជាមួយមេរោគអេដស៍ ជនអនាថា និងជនទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មកប្រទេសវិញ គឺជាអ្នកទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីជំនួយកូវីដ-១៩។ លោកស្រី បាននិយាយដូច្នេះ​៖ «យើងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទាញយកផលប្រយោជន៍ពីមូលនិធិ SDRនេះ ដើម្បីផ្តល់ការគាំទ្របន្ថែមទៀត និងធ្វើឱ្យអន្តរាគមន៍ឆ្លើយតបជំងឺរាតត្បាត មានលក្ខណៈបរិយាប័ន្ន។ ប្រជាជនកម្ពុជា ជាពិសេសក្រុមងាយរងគ្រោះបំផុត នឹងចងចាំទុកក្នុងចិត្ត នូវស្នាដៃដ៏សំខាន់នេះ»។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយ ដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយ​បែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។  សម្រាប់ SDRsថ្មី របស់IMF ក្នុងកញ្ចប់ថវិកា ៦៥០ពាន់លានដុល្លារនេះ នឹងចូលជាធរមាន នៅថ្ងៃទី ២៣សីហា ឆ្នាំ២០២១។ 
 
ថវិកានេះ ត្រូវបានបែងចែកដោយផ្អែកលើកូតា /ចំណែករបស់ប្រទេសនីមួយៗ នៅក្នុងIMF។ អង្គការអុកស្វាម បានបញ្ជាក់ថា ក្នុងចំណោមថវិកា ៦៥០ពាន់លានដុល្លារនេះ មានជិត៤០០ពាន់លានដុល្លារ នឹងផ្តល់ឱ្យប្រទេសដែលមានជាងគេបំផុតក្នុងពិភពលោក, ថវិកា២៣០ពាន់លានដុល្លារ នឹងផ្តល់ឱ្យប្រទេសដែលមានប្រាក់ចំណូលមធ្យម និង ចំនួន២១ពាន់លានដុល្លារទៀត នឹងផ្តល់ឱ្យប្រទេសដែលមានប្រាក់ចំណូលទាប៕ 
 

Tag:
 IMF
  SDRs
  COVID-19
 លីម សូលីន
 អុកស្វាម
 ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com