កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ថាគូប្រកួតថ្មី Ugas មិនធម្មតាទេ
12, Aug 2021 , 4:36 pm        
រូបភាព
Manny Pacquiao បានសរសើរដៃគូថ្មីកីឡាករ Yordenis Ugas ថាជាកីឡាករអស្ចារ្យ និងពិបាកតទល់ម្នាក់នៅលើសង្វៀងប្រដាល់។ អ្នកប្រដាល់គុយបា Ugas ដែលត្រូវជំនួស Errol Spence, Jr ដោយសារឈឺភ្នែក ថែមទាំងហ៊ានដាក់ខ្សែក្រវាត់ WBA នៅជំនួបជាមួយស្តេចប្រដាល់អាស៊ីនៅថ្ងៃទី២១ ខែសីហាខាងមុខនេះទៀតផង។


ជំនួបរវាង Pacquiao ជាមួយ Errol Spence, Jr ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និង IBF នៅសង្វៀន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែសីហា ត្រូវបានផ្តាស់ប្តូរវិញ។ Spence នៅថ្ងៃទី១០ ខែសីហា បានប្រកាសដកខ្លួនចេញពីការប្រកួត ដោយសារមានបញ្ហាជំងឺត្រង់ភ្នែកឆ្វេង ដែលធ្វើឱ្យរូបគេត្រូវទទួលការវះកាត់។
 
យ៉ាងណាក៏ដោយ អ្នកប្រដាល់សញ្ជាតិគុយបា Ugas បានយល់ព្រមតតាំងជាមួយ Pacquiao ជំនួសវិញភ្លាមៗ ក្រោយការប្រកាសរបស់អ្នកប្រដាល់អាមេករិក ហើយថែមទាំងហ៊ានដាក់ខ្សែវាត់ WBA របស់ខ្លួន ដែលទើបដណ្តើមបានពីអ្នកប្រដាល់អាមេរិក Abel Ramos ថ្មីៗនេះ។ 
 
Ugas មានប្រវត្តិប្រកួត ៣០លើក ឈ្នះ ២៦ ចាញ់៤ និងផ្តួលដៃគូឱ្យសន្លប់១២លើក។ អ្នកប្រដាល់វ័យ៣៥ឆ្នាំ ដែលជាម្ចាស់មេដាយសំរឹទ្ធិអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨ ប្រកួតចាញ់មួយលើកប៉ុណ្ណោះក្នុងចំនួន១២លើកចុងក្រោយ។
 
តាមរយៈប្រវត្តិប្រកួតខាងលើ ស្តេចប្រដាល់ហ្វីលីពីននិយាយថាជំនួបទល់នឹង Ugas មិនងាយស្រួលឡើយ។ « Ugas ជាម្ចាស់ខ្សែក្រវាត់ WBA ដែលខ្ញុំធ្លាប់កាន់កាប់ ហើយយើងត្រូវដោះស្រាយគ្នានៅលើសង្វៀន។ ខ្ញុំមិនដែលមើលស្រាលគាត់ទេ ព្រោះគាត់ជាប្រភេទអ្នកប្រដាល់ដែលមិនត្រូវមើលស្រាល។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាយបំផុត»។ នេះជាការអះអាងរបស់ Pacquiao នាសន្និសីតកាសែតជុំវិញការប្តូរគូប្រកួត។
 
Pacquiao ដែលកំពុងមមាញឹកនឹងរឿងនយោបាយក្នុងស្រុកផង មានប្រវត្តិប្រកួត ៧១ដង ឈ្នះ៦២ ចាញ់៧ និងស្មើ២ ក្នុងនោះផ្តួលដៃគូមិនឲ្យតដៃរួចចំនួន៣៩លើក។​ ជំនួបរវាងកីឡាករទាំងពីរសុទ្ធតែដាក់ខ្សែក្រវាត់រៀងខ្លួន ក្នុងនោះ Pacquiao ដាក់ខ្សែក្រវាត់ WBA ទម្ងន់ស្រាល ឯ Ugas ដាក់ខ្សែក្រវាត់ WBA ទម្ងន់មធ្យម៕
 
 

Tag:
 Manny Pacquiao
  Yordenis Ugas
© រក្សាសិទ្ធិដោយ thmeythmey.com