ជាតិ
សេដ្ឋកិច្ច
លោក ស៊ុ វី៖ ការប្រើរហាត់ទឹកសម្រាប់ចិញ្ចឹមត្រី អាចឱ្យកសិករចំណេញថ្លៃដើម បាន៥០ភាគរយ
12, Aug 2021 , 7:59 pm        
រូបភាព
រហាត់ទឹក ដើរដោយថាមពលសូឡាសម្រាប់ចិញ្ចឹមត្រីរបស់ ស៊ុ វី នៅក្នុងខេត្តតាកែវ។
រហាត់ទឹក ដើរដោយថាមពលសូឡាសម្រាប់ចិញ្ចឹមត្រីរបស់ ស៊ុ វី នៅក្នុងខេត្តតាកែវ។
ភ្នំពេញ៖ ការប្រើប្រាស់រហាត់ទឹកដែលដើរដោយថាមពលសូឡា ឬថាមពលពន្លឺព្រះអាទិត្យ ក្នុងការចិញ្ចឹមត្រី បង្កង និងបង្គានោះ អាចកាត់បន្ថយថ្លៃដើម ឬដើមទុនរបស់វារីវប្បករ បានជាង៥០ភាគរយ។ នេះជាលើកឡើងរបស់លោក ស៊ុ វី ប្រធានក្រុមស្រាវជ្រាវបច្ចេកទេស និងទីផ្សារកសិផល។

 
លោក ស៊ុ វី បានអះអាងថា ការប្រើប្រាស់រហាត់ទឹកក្នុងវិស័យវារីវប្បកម្មនេះ គឺជួយឱ្យត្រីលូតលាស់បានលឿន ជួយកាត់បន្ថយការផ្តល់ចំណី និងបង្កើនបរិមាណនៃការចិញ្ចឹមត្រី រួមទាំងជួយសម្អាតភាពកខ្វក់នៅក្នុងស្រះ ឬអាងចិញ្ចឹមត្រីជាដើម។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញ លោក-លោកស្រី ស្តាប់បទសម្ភាសវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ុ វី ប្រធានក្រុមស្រាវជ្រាវបច្ចេកទេស និងទីផ្សារកសិផល ខាងក្រោមដូចតទៅ៖





 
ការចិញ្ចឹមត្រីរបស់ប្រជាកសិករ ឬវារីវប្បករនៅកម្ពុជាបច្ចុប្បន្ន គឺមានថ្លៃដើមខ្ពស់ ដែលធ្វើឱ្យពិបាកប្រកួតប្រជែងតម្លៃនៅទីផ្សារ ជាមួយនឹងត្រីដែលនាំចូលពីបរទេស  ពិសេសប្រទេសវៀតណាម។ ដើម្បីដោះស្រាយ ឬកាត់បន្ថយថ្លៃដើម ក្នុងការប្រកបមុខរបរចិញ្ចឹមត្រី បង្កង និងបង្គាជាដើមនេះ លោក ស៊ុ វី បានបង្កើតរហាត់ទឹកដែលដោយថាមពលសូឡា សម្រាប់ការចិញ្ចឹមត្រីប្រចាំថ្ងៃរបស់ខ្លួន។  បើតាមលោក វី ការប្រើប្រាស់រហាត់ទឹកនេះ អាចជួយបង្កើតបរិមាណអុកស៊ីសែននៅក្នុងទឹក ដែលជាតម្រូវការចាំបាច់សម្រាប់ត្រីគ្រប់ប្រភេទលូតលាស់ ដូចជា៖ ត្រីឆ្ពិន ត្រីទីឡាបយ៉ា ត្រីរស់ ឬពពួកបង្កង និងបង្គា...។
 

លោក ស៊ុ វី ប្រធានក្រុមស្រាវជ្រាវបច្ចេកទេស និងទីផ្សារកសិផល។ 




លើសពីនេះការប្រើប្រាស់រហាត់ទឹក ក៏ជួយរក្សាគុណទឹកសម្រាប់ចិញ្ចឹមត្រីឱ្យមានភាពល្អប្រសើរ ផងដែរ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey លោក វី បាននិយាយដូច្នេះ៖«ការប្រើរហាត់ទឹកនេះ ធ្វើឱ្យទឹកចិញ្ចឹមត្រីរបស់យើងមិនឆាប់ស្អុយ និងកាត់បន្ថយសារធាតុអាម៉ូញ៉ាក់នៅទឹក ដែលធ្វើឱ្យប៉ះពាល់ដល់ត្រីរបស់យើងដែលរស់នៅក្នុងទឹកហ្នឹង»។ 
លោកបានបន្តថា ៖«ក្រោយពេលដែលប្រើប្រាស់រហាត់ទឹកដើរដោយសូឡាហ្នឹង គឺយើងអាចចំណេញត្រង់ថា ត្រីរបស់យើងធំលូតលាស់លឿន, យើងអាចដាក់ចំនួនដង់ស៊ីតេនៃការចិញ្ចឹមត្រីបានខ្ពស់ជាងយើងចិញ្ចឹមធម្មតា ហើយយើងអាចកាត់បន្ថយនូវបរិមាណចំណីផ្តល់ឱ្យត្រី។ ម៉្យាងទៀត ពេលយើងប្រើឧបករណ៍ហ្នឹង អាចធ្វើឱ្យសាច់ត្រីរបស់យើងមានរសជាតិឆ្ងាយខុសពីអ្នកចិញ្ចឹមត្រីដែលប្រើថ្នាំដើម្បីជំនួយគុណភាពទឹក ជាដើម»។ 
 
ជាមួយគ្នានេះ លោក វី បានបន្ថែមថា កសិករដែលចិញ្ចឹមត្រីមានប្រើប្រាស់រហាត់ទឹកនេះ អាចទទួលបានប្រាក់ចំណេញប្រមាណពាក់កណ្តាល បើធៀបជាមួយកសិករដែលចិញ្ចឹមត្រីធម្មតាដោយគ្មានបំពាក់ឧបករណ៍ រហាត់ទឹកនេះ។ «ជាទូទៅ បើកសិករចិញ្ចឹមត្រីតាមបែបធម្មតា [ស្រះ]គាត់អាចដាក់ត្រីបានច្រើនបំផុត៣ក្បាល ក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែ បើយើងមានរហាត់ទឹកជាជំនួយ [ស្រះ]មួយម៉ែត្រការ៉េដូចគ្នា យើងដាក់ត្រីចិញ្ចឹមបានពី៨រហូតដល់១០ក្បាល ហើយត្រីលូតលាស់ល្អដូចគ្នា»។ ដោយឡែក រយៈពេលនៃការចិញ្ចឹមត្រីហ្នឹង គឺយើងទទួលបានទិន្នផលលឿនជាងអ្នកចិញ្ចឹមធម្មតា»។ នេះជាសម្តីរបស់លោក ស៊ុ វី៕ 
 

Tag:
 កសិកម្ម
  វារីវប្បកម្ម
  សូឡា
© រក្សាសិទ្ធិដោយ thmeythmey.com