COVID-19
ជាតិ
បិទផ្សារក្នុងខេត្តបាត់ដំបង១សប្តាហ៍ទៀតដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងថ្មី Delta
12, Aug 2021 , 4:55 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ដោយ:
ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្រេចបិទផ្សារទាំងអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងចំនួន១សប្តាហ៍សិន ពោលចាប់ពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី១២ ខែសីហា ដោយបញ្ជាក់ថា ការសម្រេចបិទផ្សារនេះគឺដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩បំប្លែងថ្មី«ដែលតា»។

 
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានកត់សម្គាល់ថា ជំងឺកូវីដ-១៩ បំប្លែងថ្មី«ដែលតា»កំពុងតែរាតត្បាតខ្លាំងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលជាទីគួរឲ្យព្រួយបារម្ភ។  
 
លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាឲ្យរដ្ឋបាលក្រុង និងស្រុក ត្រូវហ៊ុមព័ទ្ធ និងផ្អាកការចេញចូលផ្សារ កំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្នសម្រាប់អាជីវករ និងណែនាំដល់អាជីវករផ្សារអនុវត្តវិធានការសុវតិ្ថភាព ក្នុងអំឡុងពេលបិទខ្ទប់ផ្សារទាំងអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
 
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា បើពលរដ្ឋណាមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ខាងខេត្តនឹងអនុវត្តការផាកពិន័យអន្តរការណ៍ហើយ។
 
សូមជម្រាបថា នៅថ្ងៃទី១១ ខែសីហា ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៧៦នាក់ទៀត អ្នកជាសះស្បើយមានចំនួន៨០នាក់ និងអ្នកស្លាប់ម្នាក់។ បច្ចុប្បន្នខេត្តនេះមានអ្នកឆ្លងកូវីដ-១៩ ចំនួន៤.៤០៥នាក់ ក្នុងនោះ ២.៨៦២នាក់ បានជាសះស្បើយ ស្លាប់៥២នាក់ និង ១.៤៩១នាក់ កំពុងសម្រាកព្យាបាល៕
 
 
  
 

Tag:
 ផ្សារ
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com