ជាតិ
សេដ្ឋកិច្ច
កម្ពុជា សម្រេចដាក់ឱ្យដំណើរការផ្ទេរប្រាក់ទៅម៉ាឡេស៊ី តាមកម្មវីធីបាគង និងMAE app
12, Aug 2021 , 8:59 pm        
រូបភាព
 លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា (2)
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា (2)
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) សម្រេចដាក់ឱ្យដំណើរការនៃសេវាផ្ទេរប្រាក់ឆ្លងដែន ទៅប្រទេសម៉ាឡេស៊ី តាមរយៈកម្មវិធីបាគង និង MAE app។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC។



ធនាគារជាតិ បានសហការជាមួយធនាគារមេយប៊ែង(Maybank) ដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ឆ្លនដែនមេយប៊ែង-បាគង រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី តាមរយៈកម្មវិធីបាគង និងMAE app។  បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២១ សេវាផ្ទេរប្រាក់ឆ្លងដែននេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារMaybank នៅប្រទេសម៉ាឡេស៊ីផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មនានា នៅកម្ពុជា តាមរយៈកម្មវិធី MAE app ដោយគ្រាន់តែប្រើលេខទូរសព្ទដៃ ដែលបានចុះឈ្មោះប្រើប្រាស់កម្មបាគង។


 
ដំណាក់កាលទី១នៃការឱ្យដាក់ដំណើរសេវាផ្ទេរប្រាក់ឆ្លងដែននេះ អតិថិជនអាចផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ីមកកម្ពុជាបាន។ ចំណែកផ្ទេរប្រាក់ពីកម្ពុជា ទៅម៉ាឡេស៊ីនោះ គឺត្រូវដាក់ឱ្យដំណើរការនៅក្នុងដំណាក់បន្ទាប់។ ធនាគារជាតិ បន្តបញ្ជាក់ថា៖ «ក្នុងមួយថ្ងៃ អតិថិជនអាចផ្ទេរប្រាក់បាន២,៥០០ដុល្លារ (ស្មើនឹង១០,០០០រីងហ្គីត)»។
 
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា  ជឿជាក់ថា ការផ្ទេរប្រាក់ឆ្លងប្រទេសរវាងកម្ពុជា និងម៉ាឡេស៊ីតាមប្រព័ន្ធបាគងនេះ នឹងជួយឱ្យប្រទេសទាំងពីរ សម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុកាន់តែស៊ីជម្រៅមួយកម្រិតទៀត  ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ដូច្នេះ៖ « ជាពិសេស គឺជាប្រយោជន៍ដល់ពលរកកម្ពុជាដែលកំពុងធ្វើការងារនៅម៉ាឡេស៊ី ត្រូវការផ្ទេរប្រាក់ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារប្រកបដោយសុវត្ថិភាព និងចំណាយតិច»។ 
 
បើតាមលោកស្រី ជាសិរី  អគ្គនាយកបច្ចេកទេសធនាគារជាតិ   ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែនមេឃប៊ែង-បាគង នេះ ជាកម្មវិធីមួយក្នុងការពន្លឿនបរិយាបន្នហិរញ្ញវត្ថុ របស់សហគមន៍ដែលខ្វះខាតផងដែរ ក្រៅពីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការលើកកម្ពស់ការតភ្ជាប់ប្រតិបត្តិការទូទាត់ និងផេ្ទរប្រាក់ដ៏ឆាប់រហ័ស។ 
 


 លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា

ជាមួយគ្នានេះ លោក Abdul Alias នាយកប្រតិបត្តិនៃធនាគារMaybank បានលើកឡើងថា  ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែននេះ គឺជាដំណោះស្រាយហិរញ្ញវត្ថុឌីជីថលមួយ ប្រកបដោយប្រសិទ្ធភាពជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងបម្រើការងារនៅប្រទេសម៉ាឡេស៊ី ជាមួយនឹងការលើកកម្ពស់ផ្នែកហិរញ្ញវត្ថុកាន់តែទូលាយ។ 
 
«ការប្រើប្រាស់ការតភ្ជាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបច្ចេកវិទ្យាឌីជីថល យើងបានកែប្រែបទពិសោធន៍នៃការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលផ្តល់ភាពងាយស្រួល និងចំណាយសមរម្យ»។ នេះបើតាមលោក Abdul Alias៕ 
 
 
 
 

Tag:
 ប្រព័ន្ធបាគង
© រក្សាសិទ្ធិដោយ thmeythmey.com