ជាតិ
សុខភាព
WHO​​៖ ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជា​យុទ្ធសាស្ត្រ​ដ៏​ខ្លាំង តែ​មិនជា​ដំណោះស្រាយ​បញ្ចប់​ជំងឺ​នេះឡើយ​
12, Aug 2021 , 9:00 pm        
រូបភាព
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ រូបថត៖ AKP
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ រូបថត៖ AKP
ភ្នំពេញ​៖ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ គឺជា​យុទ្ធសាស្ត្រ​ដ៏​ខ្លាំង​មួយ ក៏ប៉ុន្តែ​វា​មិនមែនជា​ដំណោះស្រាយ​វេទមន្ត ដើម្បី​បញ្ចប់​ការ​រាតត្បាត​ដោយ​ជំងឺ​នេះឡើយ​។ នេះ​ជាការបញ្ជាក់សារជាថ្មីរបស់អង្គការសុខភាពពិភពលោក(WHO)​ នាយប់ថ្ងៃទី១២សីហា​។​

 

«សុទិដ្ឋិនិយមចំពោះវ៉ាក់សាំង» អាចបង្កគ្រោះថ្នាក់។ ក្នុងន័យនេះ អង្គការសុខភាពពិភពលោកបានព្រមាន ថា  កាលដែលមនុស្សបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយ មិនមែនន័យថាអ្នកគួរឈប់អនុវត្តវិធានបង្ការផ្សេងៗទៀតឡើយ។  ដូចជា៖ ការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាតម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំ ឬប្រមូលផ្តុំមនុស្ស ជាដើម។ នា​យប់​ថ្ងៃទី​១២​សីហា​ ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានអះអាងសារជាថ្មីថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ គឺ​​គ្រាន់​ជួយ​កាត់បន្ថយ​មិនឱ្យ​មនុស្ស​ឈឺធ្ងន់ធ្ងរ កាត់បន្ថយ​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ និង​​កាត់បន្ថយ​ការស្លាប់ដោយសារ​ជំងឺ​នេះ​ ព្រោះវ៉ាក់សាំង​គ្រាន់តែ​ជា​ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍​ដ៏​សំខាន់​ជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ប៉ុណ្ណោះ។ 
 
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក​ បាននិយាយដូច្នេះ៖ «​យើង​អាច​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ បាន លុះត្រាតែ​យើង​បន្ត​អនុវត្ត​អន្តរាគមន៍​សុខភាព​សាធារណៈ​ មិនមែន​ឱសថ​ចំ​គោលដៅ​បាន​យ៉ាង​តឺង​រឹង និង​ប្រកបដោយ​ប្រសិទ្ធភាព  គឺ​គួបផ្សំ​នឹង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​»​។ ​អង្គការ​សុខភាព​ពិភពលោក បាន​បន្តថា៖​ « រឿង​សំខាន់​នោះ គឺ​ការអនុវត្ត​នូវ​វិធានការ​ទាំងនេះ នឹង​អនុញ្ញាតឱ្យ​បណ្តា​អាជីវកម្ម និង​វិស័យ​ផ្សេងៗ​ទៀត អាច​បើក​ដំណើរ​ឡើងវិញ ហើយ​ប្រជាពលរដ្ឋ​អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​របស់​ពួកគេ​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​»​។​

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងសុខាភិបាលកន្លងមក ធានានូវការមកដល់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាន់តែច្រើន ដើម្បីធានាថា ពលរដ្ឋបានចាក់វ៉ាក់សាំង និងធានាឱ្យមានការគ្របដណ្តប់នៃការចាក់វាក់សាំងគ្រប់គ្រាន់នៅទូទាំងប្រទេស។ ជាពិសេស ក្នុងចំណោមពលរដ្ឋងាយរងគ្រោះ មនុស្សដែលមានហានិភ័យខ្ពស់ និងអ្នកដែលរស់នៅតំបន់ដាច់ស្រយាល។ អង្គការសុខភាពពិភពលោក បានគត់សម្គាល់ឃើញថា បុគ្គលិកសុខាភិបាលរបស់កម្ពុជាប្រមាណ៩៧ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ហើយមានប្រជាជនវ័យចំណាស់ជាច្រើនទៀត រួមទាំងអ្នកដែលរស់នៅក្នុងភូមិដាច់ស្រយាល ក៏បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ ជាមួយនឹងគ្នាកម្ពុជា រដ្ឋាភិបាលក៏ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុពី១២ដល់១៧ឆ្នាំ  ផងដែរ។  
 
កម្មវិធីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មនុស្សពេញវ័យ និងក្រុមមនុស្សងាយរងគ្រោះដែលមានទ្រង់ទ្រាយធំបែបនេះ គឺទាមទារឱ្យមានការប្រឹងប្រែងរួមយ៉ាងខ្លាំង ជាពិសេសពីប្រមុខរដ្ឋាភិបាលដ៏រឹងមាំ ការចូលរួមយ៉ាងសកម្មភាពពីពលរដ្ឋ និងភាពជាដៃគូដ៏ល្អ។  អង្គការសុខភាពពិភពលោក នៅតែបន្តគាំទ្រផ្នែកយុទ្ធសាស្រ្ត និងបច្ចេកទេសដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា តាមរយៈការវិភាគស្ថានភាព ការផ្តល់យោបល់គោលនយោបាយអំពីការផ្តល់អាទិភាព ការធ្វើផែនការ ការអនុវត្ត និងការតាមដានការចាក់វ៉ាក់សាំងជាដើម...។
 
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក បានរៀបរាប់ដូច្នេះ៖« ដោយសារយើងរួមគ្នា យើងបានមកដល់ឆ្ងាយហើយ យើងត្រូវតែបន្តរួបរួមគ្នាទៀត បើមិនដូច្នោះទេ សមិទ្ធិផលដែលយើងទទួលបានយ៉ាងលំបាក នឹងត្រូវបាត់បង់»។ ដើម្បីចៀសវាងនូវការបរាជ័យរបស់រដ្ឋាភិបាលក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលសម្រេចបានជាង៨០ភាគរយនៃផែនការ អង្គការសុខពិភពលោក បានលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូប ឱ្យបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានត្រឹមត្រូវ និងស្មារតីទទួលខុសត្រូវ។ 

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ដូច្នេះ៖«ភាពក្លាហាន  ការយល់ចិត្ត និងសេចក្តីស្រលាញ់របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា មានចំពោះប្រទេសជាតិ និងមនុស្សជាទីស្រលាញ់របស់ខ្លួន តែងតែជំរុញចិត្តខ្ញុំ។ ជាមួយសកម្មភាពបុគ្គល និងសមូលហភាព យើងនឹងឈ្នះក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បាន»។  
 
ជំងឺរាតត្បាតកូវីដ-១៩ នៅឆ្ងាយពីទីបញ្ចប់។ ខណៈមានសញ្ញាថយចុះនៃការចម្លងនិងស្លាប់នៅតាមខេត្តខ្លះ ហានិភ័យនៃការកើនឡើងនូវករណីកូវីដ-១៩ ដោយសារវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា គឺខ្ពស់ណាស់។ លោកស្រី Li Ailan បានសង្កត់ធ្ងន់ថា៖«យើងនៅបន្តប្រណាំងប្រជែងជាមួយនឹងវីរុសកូវីដ-១៩បំប្លែងថ្មី ជាពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតានេះ»។ 
 
វីរុសកូវីដ-១៩បំប្លែងថ្មីនេះ  ដែលពិភពលោកស្គាល់ថា វាងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន ដែលមិនមានការអនុវត្តវិធានការតែមួយណា អាចទប់ស្កាត់ការចម្លងវីរុសនេះបានទេ ក្រៅពីទាមទារឱ្យមានការរួមបញ្ជូលគ្នាប្រកបដោយប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈ និងសង្គមដែលផ្អែកលើហានិភ័យ ព្រមទាំងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង។
 
គិតត្រឹមថ្ងៃទី១១សីហា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង៨,១លាននាក់ ដែលស្មើនឹងជាង៨១ ភាគរយនៃចំនួនប្រជាជនគោលដៅ១០លាននាក់។ ដោយឡែក កម្ពុជាក៏មានកុមារ-យុវវ័យអាយុពី ១២ដល់១៧ឆ្នាំ ជាង៤០ម៉ឺននាក់ទៀត បានចាក់វ៉ាក់សាំង ផងដែរ៕

Tag:
 COVID-19
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com