ជាតិ
ពីនេះ ពីនោះ
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ជាឱកាសរបស់កម្ពុជាបង្ហាញការប្តេជ្ញាចិត្តលើការគ្រប់គ្រងបរិស្ថាន
14, Aug 2021 , 8:59 am        
រូបភាព
 លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យផែនការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១។ រូបភាពពី ក្រសួងបរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យផែនការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១។ រូបភាពពី ក្រសួងបរិស្ថាន។
ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។


នាកិច្ចប្រជុំពិនិត្យផែនការរៀបចំមហាសន្និបាតនេះ កាលពីថ្ងៃអង្គារកន្លងទៅ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជំរុញឱ្យក្រុមការងារនីមួយៗ ពង្រឹងការត្រួតពិនិត្យផែនការសកម្មភាពរបស់ខ្លួន ដោយសហការរៀបចំជាមួយអង្គការភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញសមុទ្រអាស៊ីបូព៌ា (PEMSEA) ប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍ ដើម្បីឱ្យមហាសន្និបាតឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងបង្កើតមោទកភាពជាតិកម្ពុជា។
 
សម្រាប់លោក សាយ សំអាល់ ការងារផ្សព្វផ្សាយនៃជំហានឆ្ពោះទៅកិច្ចប្រជុំ ពិតជាសំខាន់ ណាស់ ខណៈដែលពិភពលោកកំពុងយកចិត្តទុកដាក់នឹងវិស័យបរិស្ថានសមុទ្រនេះ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ដែរថា ការផ្សព្វផ្សាយនេះ ក៏ជាឱកាស សម្រាប់កម្ពុជា បង្ហាញពីការចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមតំបន់ និងអន្តរជាតិ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់លើការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។
 
សូមជម្រាបថា មហាសន្និបាតសមុទ្រនៅឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «Charting a New Decade of HOPE – Healthy Oceans, People and Economies»។ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជា បានបញ្ជាក់នៅទំព័រហ្វេសប៊ុកក្រសួងបរិស្ថានថា គោលបំណងនៃការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះ គឺដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ គោលបំណងមួយទៀតនៃមហាសន្និបាតនេះ គឺបង្កើត និងរៀបចំឡើងវិញ យន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែម សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។
 
អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពរូបនេះ បន្តថាសន្និបាតក៏នឹងកំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រ នាទស្សវត្សន៍ខាងមុខ ដោយអនុលោមតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិ នៃវិទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខណ្ឌពាក់ព័ន្ធនានា៕
 
 
 
 

Tag:
 The EAS Congress 2021
  បរិស្ថាន
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com