កីឡាអន្តរជាតិ
អន្តរជាតិ
Man City ត្រៀមកញ្ចប់លុយ១៧៥លានដុល្លារ​​ ដើម្បីយក Kane ពី Spurs
13, Aug 2021 , 5:59 pm        
រូបភាព
ក្លិប Manchester City បានត្រៀមកញ្ចប់ប្រាក់ដ៏ច្រើនសន្ធឹកមិនធ្លាប់មានរហូតដល់ ១២៧ លានផោន (១៧៥លានដុល្លារអាមេរិក) ដើម្បីទិញយក Harry Kane ពី Tottenham Hotspur រដូវកាលនេះ។


បើតាមការផ្សាយរបស់កាសែត TheGuardian ក្លិបមាន់ខ្នាយមាសធ្លាប់បដិសេធសំណើររបស់ Man City ដើម្បីសុំទិញប្រធានក្រុមជម្រើសជាតិអង់គ្លេសម្តងរួចមកហើយក្នុងតម្លៃ ១៣៨លានដុល្លារ។ Spurs បានទាមទាតម្លៃរហូតដល់ទៅ ២០៧លានដុល្លារឯណោះ បើទោះខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះចង់ចាកចេញក៏ដោយ។
 
យ៉ាងណាក៏ដោយ ក្រុមម្ចាស់ការពារតំណែងជើងឯក Premier League មិនចុះចាញ់ឡើយហើយរង់ចាំមើលថាតើស្ថានការណ៍នឹងទៅជាយ៉ាងណា ខណៈដែល Kane ត្រូវបានគេជឿជាក់ថានឹងត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុម Spurs វិញនៅថ្ងៃទី១៣ ខែសីហានេះ ក្រោយ មិនបានចូលហ្វឹកហាត់តាមកាលកំណត់ម្តងមកហើយ។
 
អ្នកចាត់ការទូទៅលោក Pep Guardiola បានបញ្ជាក់កាលពីសប្តាហ៍មុនថា Man City ចង់នាំយក Kane ទៅរួមក្រុមក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស បន្ទាប់ពីក្រុមរហស្សនាមមេឃខៀវ បានចុះហត្ថលេខាទិញយក Jack Grealish ពី Aston Villa រួចហើយ​ ក្នុងតម្លៃកំណត់ត្រា ១៣៨ លានដុល្លារ។ 
 
អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញបានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើ Spurs មិនចង់ចរចាទេ នោះនឹងត្រូវបញ្ចប់ហើយ។ ប៉ុន្តែបើពួកគេបើកចំហក្នុងការចរចាខ្ញុំគិតថាមិនត្រឹមតែ Man City ទេ សូម្បីក្លិបជាច្រើនទៀតលើលោកក៏ព្យាយាមចង់បាន Kane ទៅរួមក្រុមដែរ។ Man City នឹងផ្តល់តម្លៃខ្ពស់១៧៥លានដុល្លារសម្រាប់ថ្លៃផ្ទេរយកម្ចាស់ស្បែកជើងមាសពីរដូវកាលជាប់គ្នានេះ»។
 
បើតាមការចុះផ្សាយរបស់កាសែតជាច្រើន Kane បានព្យាយាមបង្ខំឱ្យផ្លាស់ទៅ Man City ផងដែរ ខណៈប្រធានក្លិប Spurs លោក Levy ក៏ត្រូវការប្រាក់មួយចំនួនដោះស្រាយបញ្ហាក្លិបផងដែរ។
 
Spurs ដែលមានលោក Nuno Espírito ជាអ្នកចាត់ការទូទៅថ្មី នឹងតតាំងជាមួយម្ចាស់ជើងឯក Man City នៅជំនួបបើកឆាករដូវកាលថ្មីនៅយប់ថ្ងៃទី១៥ ខែសីហា វេលាម៉ោង ១០:៣០នាទី [ម៉ោងនៅកម្ពុជា]៕
 

Tag:
 Manchester City
  Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com