កំណាព្យ
ពីនេះ ពីនោះ
ក្តីសុខ!
14, Aug 2021 , 9:29 am        
រូបភាព
ដោយ ប៉ាកកាខ្មៅ

បទ បថ្យាវត្ត

អុជធូបបួងសួងលួងលោមអស់ព្រះ សូមឲ្យបានឈ្នះអស់មារទាំងឡាយ
ស្រាកស្រាន្តស្រណុកចាកស្មុគចិត្តកាយ         ចរចេញជិតឆ្ងាយបានសុខសួស្តី។
 
ត្រឹមតែបន់ព្រះមិនឈ្នះទុក្ខអី         ចាស់ចែងឲ្យខ្មីខំដោយខ្លួនឯង
សុខចេញពីចិត្តជាក់យូរអង្វែង                 ស្មេរខ្ញុំតាក់តែងតាមចាស់ចែងជាក់។
 
សុខ១ ចាស់ថាផ្តើមពីម្នាក់ៗ         ពេញចិត្តជឿជាក់នូវអ្វីដែលមាន
សុខ២កើតស្តែងព្រោះបែងធនធាន         ធ្វើបុណ្យចែកទានដល់ជនខ្សោយខ្សត់។
 
សុខ៣ កើតបានព្រោះចិត្តអំណត់         ចេះឱនចេះអត់មិនកត់កំហុស
គំហកកំហែងស្តីស្តែងបន្តុះ                 បំពានអ្នកខុសបន្ទោសបន្ទាប។
 
សុខ៤កើតឡើងតាមចាស់រាប់រៀប         ឃើញគេជួបលាភគ្មានចិត្តនិន្ទា
ច្រណែនឈ្នានិសនាំឲ្យឈ្លោះគ្នា                 សុខ៥រស់ជាអ្នកមានចិត្តល្មម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com