ជាតិ
វីដេអូ
កញ្ញា ម៉ាត់ ម៉ៃយុំ អនាគតវិស្វករយន្តហោះ​ខ្មែរឥស្លាមដំបូងគេនៅកម្ពុជា
14, Aug 2021 , 10:08 am        
រូបភាព
ភ្នំពេញ៖ កញ្ញា ម៉ាត់ ម៉ៃយុំ ជាស្រ្តីខ្មែរឥស្លាមទីមួយ ដែលកំពុងសិក្សាជំនាញវិស្វកម្មយន្តហោះ ។ វិស្វករយន្តហោះ គឺជាអ្នកត្រួតពិនិត្យយន្តហោះ មុនធ្វើដំណើរ និងជាអ្នកថែទាំ និងជួសជុលយន្តហោះ ដើម្បីធានាសុវត្ថិភាពរាល់ការធ្វើដំណើរ។ ដ្បិតទើបចាប់ផ្ដើមសិក្សារយៈជាង១ខែ យុវតីវ័យ២០ឆ្នាំរូបនេះ ប្ដេជ្ញាខិតខំរៀន និងតាំងចិត្តមុតមាំថា​ នាងនឹងធ្វើជាវិស្វករយន្តហោះដែលមានទំនួលខុសត្រូវខ្ពស់ ក្នុងការថែទាំយន្តហោះ ដើម្បីធានាសុវត្ថិភាពដល់អ្នក​ដំណើរ​។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាងកញ្ញា ម៉ាត់ ម៉ៃយុំ និស្សិតវិស្វកម្មយន្តហោះ ជាមួយ កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
 


កញ្ញា ម៉ាត់ ម៉ៃយុំ ជាស្រីខ្មែរឥស្លាមដំបូង ដែលកំពុងសិក្សាជំនាញវិស្វកម្មយន្តហោះ នៅជម្ឈមណ្ឌលបណ្ដុះបណ្ដាលឡានម៉ី។ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង កញ្ញា ម៉ៃយុំ បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនស្រឡាញ់ចូលចិត្តការងារផ្នែកអាកាសចរ តាំងពី​រៀននៅអនុវិទ្យាល័យ​មកម្ល៉េះ។ ជំនក់ចិត្ត និងមហិច្ឆតានោះហើយ ដែលបានជំរុញទឹកចិត្តយុវតីជនបទរូបនេះ ឱ្យខិតខំពុះពារសិក្សា រហូតទទួលនិទ្ទេស A ក្នុងការប្រលងបាក់ឌុបឆ្នាំ២០១៩ និងដើម្បីបោះជំហានចាប់ជំនាញដែលខ្លួនស្រលាញ់។
 
ប៉ុន្តែក្រោយចប់វិទ្យាល័យ ម៉ៃយុំ មិនបានរៀនជំនាញដូចបំណងឡើយ គឺនាងរៀនផ្នែកព័ត៌មានវិទ្យា ព្រោះកាលណោះនៅកម្ពុជា មិនទាន់មានសាលាបើកបង្រៀនជំនាញនេះទេ។​ ម៉ៃយុំ ក៏បោះបង់ក្តីស្រមៃរបស់ខ្លួនដែរ។ ក្រោយរៀនព័ត៌មានវិទ្យាបាន២ឆ្នាំ ជាឱកាសល្អដែលនៅកម្ពុជា មានសាលាបើកបង្រៀនជំនាញផ្នែកវិស្វកម្មយន្តហោះ យុវតីវ័យ២០ឆ្នាំរូបនេះ បានប្ដូរទៅរៀនផ្នែកវិស្វកម្មយន្តហោះ តាមបេះដូងរបស់ខ្លួនវិញ។ កញ្ញា ម៉ៃយុំ រៀបរាប់ដូច្នេះ៖«​គោលបំណងរបស់ខ្ញុំ គឺចង់រៀនខាងវិស័យអាកាសចរ ប៉ុន្តែក្នុងពេលនោះ នៅកម្ពុជាមិនទាន់មានសាលាបើកខាងជំនាញហ្នឹង​ទេ ភាគច្រើននៅបរទេស។ អ៊ីចឹងជាហេតុឱ្យខ្ញុំ ទៅរៀនមុខវិជ្ជាផ្សេងសិន។ ហើយពេលនោះ អាចជាពេលដែលខ្ញុំពង្រឹងសមត្ថភាពភាសារបស់ខ្ញុំផងដែរ ដោយសារខ្ញុំនៅជនបទ ​ភាសាអង់គ្លេសមិនសូវល្អ ដូចអ្នកនៅទីក្រុងទេ»។ 
 
វិស្វករយន្តហោះ គឺជាអ្នកត្រួតពិនិត្យយន្តហោះ មុនធ្វើដំណើរ និងជាអ្នកថែទាំ និងជួសជុលយន្តហោះ ដើម្បីធានាសុវត្ថិភាពរាល់ការធ្វើដំណើរ។ បើតាម កញ្ញា ម៉ៃយុំ មុននឹងនាងបានចូល​រៀនជំនាញនេះនាងបានឆ្លងកាត់​៣ដំណាក់កាលប្រកួតប្រជែង ដែលរួមមានការដាក់ពាក្យ​, ការធ្វើតេស្តផ្ទាល់ភាសាអង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្រ្ត និងការពិនិត្យសុខភាពភ្នែក និងត្រចៀក។ យុវតីរូបន នឹងត្រូវសិក្សាជំនាញនេះរយៈពេល២ឆ្នាំកន្លះ ជាមួយនឹងថ្លៃសិក្សាសរុប១ម៉ឺន ៦ពាន់ដុល្លារ។
 
ដ្បិតកើតចេញពីគ្រួសារកសិករ ប៉ុន្តែម្ដាយឪពុករបស់ ម៉ៃយុំ ជាអ្នកស្រលាញ់ការសិក្សា ដោយឱ្យកូនទាំង៤នាក់ រៀនចប់ដល់ថ្នាក់បរិញ្ញាបត្រទាំងអស់។ ហេតុនេះហើយ ថ្វីបើថ្លៃសាលារបស់កូនស្រីពៅរូបនេះ ត្រូវចំណាយច្រើនខុសពីជំនាញផ្សេងៗ ពួកគាត់មិនរួញរា​បំពេញបំណងប្រាថ្នារបស់កូនស្រីឡើយ។ «សម្រាប់គ្រួសារ ពួកគាត់បើកទូលាយឱ្យខ្ញុំរៀនអ្វីក៏បានដែរ ឱ្យតែខ្ញុំស្រលាញ់។ មួយទៀត អ្វីដែលខ្ញុំអាចរៀនជំនាញនេះបាន ដោយសារពួកគាត់ជួយលើកទឹកចិត្ត និងផ្គត់ផ្គង់ថ្លៃសាលា។ បើអត់មានការគាំទ្រពីពួកគាត់ទេ ខ្ញុំក៏គ្មានសមត្ថភាពចូលរៀនដែរ»។ 
កញ្ញា ម៉ៃយុំ ជាសិស្សស្រីតែម្នាក់ ក្នុងចំណោមសិស្ស៦នាក់ ដែលកំពុងសិក្សាជំនាញវិស្វកម្មយន្តហោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឡានម៉ី។ កញ្ញា ម៉ៃយុំ បានឱ្យដឹងថា ការសិក្សាក្នុងរយៈពេលជាង១ខែកន្លងនេះ នាងមិនទាន់ជួបបញ្ហាប្រឈមខ្លាំងឡើយ ព្រោះទើបចាប់ផ្ដើមរៀនទ្រឹស្ដី។ «លំបាកទាក់ទងភាសាអង់គ្លេស ព្រោះមានពាក្យបច្ចេកទេសច្រើនដែលយើងអត់ដែលជួបអ៊ីចឹង យើងត្រូវតែចាំពាក្យនីមួយៗ ក្រៅពីនេះ អត់មានទាន់មានអ្វីលំបាកទេ​»។ នេះជាការអះអាងរបស់ កញ្ញា ម៉ៃយុំ។ 
 
ស្របជាមួយការរៀនទ្រឹស្ដី ក្នុងរយៈពេលខ្លីនេះ ម៉ៃយុំ ក៏ធ្លាប់បានមានឱកាស បានចុះពិនិត្យយន្តហោះផ្ទាល់ និងចូលទៅកាន់កាប៊ិនយន្តហោះផងដែរ។ សម្រាប់ ម៉ៃយុំ គ្រាន់តែបានទៅឃើញឧបករណ៍ និងទិដ្ឋភាពនៅក្បាល (កាប៊ិន) យន្តហោះ ធ្វើឱ្យនាងមានអារម្មណ៍រំភើបឥតឧបមា ព្រោះនាងយល់ថាក្ដីស្រមៃ ក្លាយជាវិស្វករយន្តហោះ កាន់តែកៀកមកដល់ខ្លួន។ អនាគតស្រ្តីវិស្វករយន្តហោះរូបនេះ បានរៀបរាប់ដូច្ន៖«ជាលើកទីមួយក្នុងជីវិត។ ខ្ញុំអត់ដែលបានឃើញយន្តហោះផ្ទាល់ទេ។ ពេលឃើញអ៊ីចឹង មានអារម្មណ៍ប្លែក សប្បាយផង រំភើបផង »​។ 
 
ជាស្រ្តីខ្មែរឥស្លាមដំបូង ដែលរៀនជំនាញវិស្វកម្មយន្តហោះ កញ្ញា ម៉ៃយុំ បានលើកទឹកចិត្តឱ្យស្រ្តី ដែលចង់រៀនជំនាញអាកាសចរ ត្រូវក្លាហានកុំគិតថាខ្លួនជាមនុស្សស្រីធ្វើមិនបានដូច​បុរសឡើយ។ «គ្មានអ្វីដែលយើងមិនអាចធ្វើបានទេ ដរាបណាយើងនៅតែរំពឹងវា និងមានក្ដីសង្ឃឹម។ នៅពេលដែលមិនសូវមានមនុស្សស្រីរៀនខាងហ្នឹង គេប្រាកដថា យើងរៀនអត់កើតទេ។

យើងត្រូវបង្ហាញគេថា អ្វីដែលគេមើលមកយើង គឺមិនត្រឹមត្រូវទេ»។ នេះជាការបញ្ជាក់របស់ ម៉ៃយុំ ដែលប្ដេជ្ញាថានាងនឹងតាំង​ចិត្ត​ធ្វើជាវិស្វករយន្តហោះ ដែលមាន​ទំ​នួល​ខុសត្រូវ​ខ្ពស់​និងប្រឹងអស់ពីសមត្ថភាព ក្នុងការ​ថែទាំយន្តហោះ ​ឱ្យមាន​សុវត្ថិភាពដល់​​អ្នកដំណើរ​​​៕ 
 
 
 
 

Tag:
 ម៉ាត់ ម៉ៃយុំ
  វិស្វករយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com